រកឃើញម្ចាស់កៅអី៨នាក់ទៀតហើយ នៅប៉ុស្ដិ៍លេខ៥

0

ការប្រកួតជម្រុះបន្តនៅប៉ុស្ដិ៍លេខ៥ ក្នុងវគ្គប្រកួតដណ្ដើមកៅអី៨នាក់ ដែលជាវគ្គដ៏សំខាន់ក្នុងកម្មវិធី TV5 Boxing Knock Out Series By K-Cement ត្រូវបានបញ្ចប់មួយសប្ដាហ៍ទៀតហើយ កាលពីថ្ងៃទី២៥ សីហា ដោយកីឡាករបង្គោលខៀវ ពុទ្ធ សំបូរ មកពីក្លិបពុទ្ធសេរីវង្សខណ្ឌពោធិសែនជ័យ គឺជាអ្នកដណ្ដើមបានជ័យជម្នះ។ ឱកាសបានឡើងទៅកាន់វគ្គសំខាន់នៅប៉ុស្ដិ៍លេខ៥មួយនេះ បានធ្វើអោយអ្នកឈ្នះដែលទើបទទួលបាន កាន់តែមានក្ដីសង្ឃឹមខ្លាំងឡើង ដើម្បីឈានឡើងទៅកាន់វគ្គបន្ត ដែលជាវគ្គក្ដីស្រម៉ៃរបស់កីឡាករ ពុទ្ធ សំបូរ។

ការប្រកួតដែលបានធ្វើឡើងនៅសង្វៀនព្រែកកំពិស ហើយមានការទស្សនាយ៉ាងច្រើនកុះករមួយនេះ ទទួលបានការចាប់អារម្មណ៍មិនតិចទេ ដោយសារនោះគឺជាវគ្គប្រកួតដណ្ដើមកៅអី៨នាក់រវាង កីឡាករ ពុទ្ធ សំបូរ និងកីឡាករ ណាម ម៉ូរ៉ាក់ មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ដែលគេស្គាល់តាំងពីការប្រកួតកាលពីរដូវកាលមុនមកម្ល៉េះៗ ថាគេគឺជាជើងខ្លាំងម្នាក់។ អ្នកទាំងពីរបានឡើងប៉ះគ្នា បន្ទាប់ពីបានឡើងប្រកួតក្នុងវគ្គ៣២រូបយក១៦នាក់ហើយបានឈ្នះដូចគ្នា ទើបមានឈ្មោះចាប់គូឡើងប្រកួតជម្រុះពី១៦នាក់ យក៨នាក់ដើម្បីអោយកំណត់ជោគវាសនាថាត្រូវទៅប្រកួតបន្ត ឬបញ្ឈប់ត្រឹមហ្នឹង។ យ៉ាងណាមិញ ក្រោយការប្រកួតយ៉ាងស្វិតស្វាញ គេកត់សម្គាល់ថាកីឡាករល្អម្នាក់ គឺបង្គោលខៀវ ពុទ្ធ សំបូរ បានទទួលជ័យជម្នះ ដោយអាចយកឈ្នះគូប្រកួតដល់ពិន្ទុ ហើយដណ្ដើមបានកៅអី៨នាក់ដូចការចង់បាន បើទោះជាបានធ្វើអោយកីឡាករម្នាក់ផ្សេងទៀត គឺគូភាគីមានអារម្មណ៍ស្រងាកចិត្តនឹងការហាលអាវរបស់ខ្លួន។ ក្រោយបញ្ចប់ការប្រកួតនេះ គឺមានន័យថាកីឡាករដែលបានឡើងទៅ៨នាក់ទាំងអស់ នឹងជិតដល់ថ្ងៃបន្តប្រកួតជម្រុះគ្នាយក៤នាក់ហើយ ដើម្បីឆ្ពោះទៅរកម្ចាស់ជើងឯក ដែលមានសិទ្ធិកាន់ពាន និងប្រាក់លានចំណាត់ថ្នាក់ទាំង៣ចុងក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here