អតីតអ្នកចាំទីជម្រើសជាតិអង់គ្លេស ដ៍ល្បីល្បាញមួយរូប គឺកីឡាករ Joe Hart ត្រូវបានក្រុម Manchester City សម្រេចលក់ចេញហើយ នៅរដូវកាលថ្មីនេះ បន្ទាប់ពីលោក Pep Guadiola មិនពេញចិត្តអ្នកចាំទីរូបនេះឡើយ។
បើតាមការចុះផ្សាយរបស់សារពត៌មាន The Goal បានឲ្យដឹងថា ក្រុម Manchester City បានឈានដល់ការព្រមព្រៀងលក់អ្នកចាំទីអង់គ្លេស Joe Hart ឲ្យក្រុម Burnley ក្នុងតម្លៃ ៤លានផោន។ Hart ហាក់មិនសូវទទួលបានការចាប់អារម្មណ៍ពីសំណាក់លោក Pep Guadiola ឡើយ ចាប់តាំងពីឆ្នាំ ២០១៦ នៅពេលដែលលោកមកដឹកនាំ Manchester City ដំបូង។ មិនតែប៉ុណ្ណោះ Hart ត្រូវបានក្លិបឲ្យក្រុម Torino ខ្ចីជើង កាលពីរដូវកាល ២០១៦-២០១៧ ហើយរដូវកាល ២០១៧-២០១៨ កន្លងមកនេះ ត្រូវបានក្រុម West Ham ខ្ចីជើងបន្តទៀត។ ក៍ប៉ុន្តែ សម្រាប់រដូវកាលថ្មីនេះ Joe Hart នៅតែមិនអាចស្ថិតក្នងកែវភ្នែកលោក Pep Guadiola ដដែល ដោយលោកសម្រេចចិត្តលក់ឲ្យក្រុម Burnley ក្នុងតម្លៃ ៤លានផោន។ យ៉ាងណាវិញ ការផ្លាស់ទៅកាន់ក្លិបថ្មី អាចនឹងប្រសើរច្រើន សម្រាប់ Hart ព្រោះថា នៅ Man City បានត្រឹមកៅអីបម្រុងប៉ុណ្ណោះ ឱកាសលេងមិនមានឡើយ ព្រោះថា Ederson និង Bravo ជាជម្រើសល្អជាង ក្នុងក្រសែភ្នែកលោក Pep Guadiola ។
ដូច្នេះហើយ ក្រុម Manchester City នឹងលក់ អ្នកចាំទី Joe Hart ក្នុងតម្លៃ ៤លានផោនឲ្យក្រុម Burnley ក្រោយពីមិនសូវមានឱកាសបង្ហាញសមត្ថភាព ជាមួយក្លិបជើងឯកអង់គ្លេសមួយនេះ៕