ដោយ: វង្ស សុសីហា
រដូវកាលថ្មី ២០១៨-២០១៩ នេះ លីគកំពូលទាំង៥នៅតំបន់អឺរ៉ុប នៅតែកក្រើក និងមានអ្នកតាមដានជុំវិញពិភពលោក រង់ចាំទស្សនាការប្រកួតដ៍ជក់ចិត្ត សម្រាប់ក្លិបបាល់ទាត់ដែលជា Idol របស់ពួកគេ។
ក្នុងនោះដែរ ក្របខណ្ឌកំពូលអង់គ្លេស Premier League នៅតែឈរលំដាប់កំពូលដដែល បើទោះបីជាក្លិបធំៗជាច្រើនខកខានឈ្នះពានអឺរ៉ុបជាច្រើនឆ្នាំមកហើយក្តី តែនៅអង់គ្លេស មានក្រុមល្បីច្រើនប្រកួតប្រជែងគ្នា។ ខុសប្លែក Laliga របស់អេស្ប៉ាញ អាចធ្លាក់ប្រជាប្រិយភាពបន្តិច បន្ទាប់ពី Ronaldo ចាកចេញ ជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនងាកទៅរកលីគផ្សេងវិញទៀត។ ចំណែក League1 របស់បារាំង និង Bundesliga របស់អាល្លឺម៉ង់ មិនមានភាពប្រែប្រួលឡើយ ស្របពេលដែល Italian Serie A របស់ប្រទេសអ៊ីតាលីវិញ អាចនឹងកើនប្រជាប្រិយភាពខ្លាំង ក្រោយពីកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ក្លាយជាសមាជិកថ្មី របស់ក្រុមសេះបង្កង់ Juventus ។
តោះ! មកស្គាល់ខ្លាកំណាចប្រចាំរដូវកាលនេះ របស់លីគកំពូលទាំង៥៖
១. Premier League
Mahamed Salah របស់ហង្សក្រហម Liverpool កំពុងឈរតំណែងកីឡាករដែលល្អជាងគេនៅ Premier League ថ្វីបើធ្វើមិនបានល្អ ក្នុងព្រឹត្តិការណ៍ World Cup ដូច Harry Kane តែ Salah ជាម្ចាស់ស្បែកជើងមាស Premier League រដូវកាលមុន និងកំពុងតែបន្តបង្ហាញទម្រង់លេងយ៉ាងល្អ ឲ្យក្រុមហង្សក្រហម Liverpool នារដូវកាលនេះទៀត។
២. Laliga
ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន ក្រោយពីអវត្តមាន Ronaldo បានក្លាយជាខ្លាកំណាចតែម្នាក់គត់ នៅ Laliga របស់អេស្ប៉ាញ ស្របពេលដែល Antoine Griezmann នៅមិនទាន់ជាដៃគូប្រជែងកីឡាករល្អបំផុតនៅក្របខណ្ឌកំពូលរបស់អេស្ប៉ាញបានឡើយ។
៣. Bundesliga
ក្របខណ្ឌកំពូលរបស់ប្រទេសអាល្លឺម៉ង់ ថ្វីបើមិនសូវមានកីឡាករល្បីដល់កំពូល និងមានប្រជាប្រិយភាព ដូចលីគផ្សេងៗក្តី តែកម្រមានក្រុមខ្លាំងមកពីលីគកំពូលផ្សេងៗ ធ្វើស៊ី ក្រុមនៅអាល្លឺម៉ង់ងាយស្រួលណាស់ ខណៈខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski ជាកីឡាករល្អបំផុតនៅទីនោះ។
៤. League1
ក្រោយពីផ្ទេរទៅកាន់ក្រុម Paris Saint Germain ក្នុងតម្លៃបំបែកកំណត់ត្រា ២២២លានអឺរ៉ូ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar នៅតែជាខ្លាកំណាចប្រចាំលីគកំពូលប្រទេសបារាំងដដែល ខណៈ Kylian Mbappe ដែលជួយបារាំងឈ្នះពាន World Cup នាពេលថ្មីៗនេះ នៅមិនទាន់ខ្លាំងជាង Neymar ឡើយ។
៥. Italian Serie A
មិនបាច់និយាយវែងឆ្ងាយឡើយ វត្តមានរបស់កំពូលខ្សែប្រយុទ្ធអន្តរជាតិពរទុយហ្គាល់ Cristiano Ronaldo នៅអ៊ីតាលី បានធ្វើឲ្យកីឡាករវ័យ៣៣ឆ្នាំរូបនេះ បានទទួលតំណែងជាខ្លាកំណាចប្រចាំ Serie A ជំនួសតំណែង Paulo Dybala មិត្តរួមក្រុមថ្មី នៅ Juventus ។