ដោយ:វង្ស សុសីហា
ក្រុមសេះបង្កង់ Juventus ពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ ពោលចាប់តាំងពីទិញបានកំពូលកីឡាករលំដាប់ពិភពលោក Cristiano Ronaldo រួចមកប្រជាប្រិយភាពរបស់ក្លិបជើងឯកអ៊ីតាលីមួយនេះ ឡើក្រឺតក្រឺតតែម្តង។
បើតាមរបាយការណ៍ សារពត៌មានពីប្រទេសអ៊ីតាលី បានឲ្យដឹងថា គ្រាន់តែការលក់សំបុត្រទស្សនា ពេញមួយរដូវកាលទើបចាប់ផ្តើមមិនបានមួយសប្តាហ៍ផង សំបុត្របានលក់អស់យ៉ាងលឿនបំផុតសឹងមិនគួរឲ្យជឿឡើយ។ ថ្វីបើក្លិបផ្សេងៗ ដូចជា Bayern Munich និង Paris Saint Germain លក់សំបុត្រអស់មុន Juventus ក្តី តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ រដូវកាលកន្លងមក សំបុត្រទស្សនារបស់ក្រុមសេះបង្កង់ Juventus លក់ដាច់ត្រឹម ៩៥% ប៉ុណ្ណោះ ពេញមួយរដូវកាលហើយ ប្រើរយៈពេលយូរទៀត ខណៈពេលនេះវិញ សំបុត្រត្រូវបានលក់អស់យ៉ាងលឿនពេញ ១០០% តែម្តង។ តាមរយៈកត្តានេះ បង្ហាញឲ្យឃើញថា សក្តានុពលរបសកំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានធ្វើឲ្យ Juventus ប្រែមុខមាត់ថ្មី យ៉ាងប្រសើរមួយតាំងពីមិនទាន់បានលេងផ្លូវការណ៍ម្លេះ។ គួរបញ្ជាក់ផងដែរថា ចំណូលពីកាតលក់សំបុត្រ ដែលក្រុមសេះបង្កង់ Juventus ទទួលបាននាពេលនេះ មានចំនួនជាង ៣០លានអឺរ៉ូ ពោលចំណាយត្រឹម ១០៥លានអឺរ៉ូ ទិញ Ronaldo មកកាន់អ៊ីតាលី ពិតជាមិនខាតឡើយសម្រាប់ Juventus ។
ដូច្នេះហើយ ក្រុមសេះបង្កង់ Juventus ពិតជាចំណេញកប់ក្តោង ក្នុងការលក់សំបុត្រចូលទស្សនាពេញមួយរដូវកាលនៅ ក្របខណ្ឌកំពូលអ៊ីតាលីរដូវកាលក្រោយនេះ ក្រោយពីមានវត្តមានរបស់ Ronaldo៕