មិនធម្មតា ទម្រាំ សម ភក្ដី កក់បានមួយកៅអីទៅវគ្គទី២

0

ពិតជាមិនធម្មតានោះទេ ទម្រាំការប្រកួតបើកឆាកក្នុងវគ្គទី២ នៅប៉ុស្តិ៍លេខ៥ ត្រូវបានឈានមកដល់ ហើយចេញលទ្ធផលថា កីឡាករ សម ភក្ដី ជាអ្នកដណ្ដើមបានកៅអី៨នាក់មុនគេ។ នេះជាការប្រកួត ដែលផ្ដើមបន្តពីវគ្គជម្រុះតាំងពី៣២នាក់ ក្នុងវគ្គដើមរដូវ។

លោក សេង កដិកា អ្នករៀបចំការប្រកួតបានអះអាង ការប្រកួតនៅប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី២១ កក្កដា គឺជាការប្រកួតក្នុងវគ្គទី២ ជម្រុះក្នុងចំណោមអ្នកឈ្នះ១៦នាក់ ដែលដណ្ដើមបានកៅអីក្នុងចំណោម៣២នាក់។ កីឡាករសម ភក្តីមកពីក្លិបរ៉ាហាបើស្វាយប៉ាក គឺជាអ្នកដណ្ដើមបានកៅអី៨នាក់មុនគេ ដែលលទ្ធផលឡើងរបស់គេ ធ្វើអោយម្នាក់ៗកោតសរសើរមិនតិចឡើយ ខណៈដែលគេបានឈ្នះ ជើងខ្លាំង ផង់ សាម៉ាឡេ មកពីក្លិបនាគរាជមានជ័យ មិនធម្មតា។ លោកថា ការប្រកួតចាប់ពីវគ្គនេះទៅ នឹងកាន់តែឡើងកំដៅ ហើយពោរពេញដោយសភាពតានតឹងកាន់តែខ្លាំង ដោយសារតែកីឡាករសរុបទាំង១៦នាក់ ដែកដណ្ដើមបានកៅអី ពីការប្រកួតជម្រុះ៣២នាក់ សុទ្ធតែជាកីឡាករល្អ និងមានការត្រៀមខ្លួនច្បាស់លាស់។

ជាក់ស្ដែងលោកថា មួយគូបើកឆាកទម្រាំរកឃើញចាញ់ឈ្នះ គឺអាចនិយាយបានថាធ្វើអោយម្នាក់ៗ អស់ចិត្តតែម្ដង ដោយសារតែភាគីអ្នកឈ្នះក៍្លខ្លាំង ហើយភាគីអ្នកចាញ់ក៍ខ្លាំង។ លោកថា ការប្រកួតជម្រុះបន្តឡើងទៅវគ្គទី២ នឹងគ្មានអ្នកណាលាក់ដៃ ហើយក៍គ្មានអ្នកណាមិនវេទនានោះដែរ ដើម្បីដណ្ដើមយកកៅអី៨នាក់។

លោកថា ការប្រកួតកំពូលជើងឯកTV5 BOXING KNOCK OUT SERIS(K-Cement) នៅសង្វៀនព្រែកកំពិសនេះ នឹងកាន់តែល្អមើល ក្នុងពេលបន្តបន្ទាប់ ខណៈដែល កីឡាករ ផង់ សាម៉ាឡេ ដែលត្រូវគេស្គាល់ថា ធ្លាប់ប្រកួតបាន២៨ដង ឈ្នះ២១ ចាញ់៥ ស្មើ២ ចាញ់ទាំងវេទនា គឺជាគូប្រកួតបើកឆាកជម្រុះចាញ់ធ្លាក់ៗ ហើយត្រូវហាលអាវ ក្រោមដៃ កីឡាករ ភក្តី ដែលធ្លាប់ប្រកួតបាន៣០ដង ឈ្នះ២៤ ចាញ់៤ ស្មើ២៕

LEAVE A REPLY

Please enter your comment!
Please enter your name here