ម៉េចដែរ កូនសិស្ស អេ ភូថង មកសន្លប់ក្រោមដៃ ជើងថ្មី រិន ដេវិត

0

ការប្រកួតនៅលើសង្វៀនមិនចេះតែមើលស្រាលគូប្រកួតនោះទេ ជាពិសេសគូប្រកួតដែលមិនធ្លាប់ឡើងរេញ ឬថ្មីមិនសូវមានបទពិសោធន៍ក៏មិនត្រូវប្រហែសនោះដែរ។ ជាក់ស្ដែងការប្រកួតរវាង កីឡាករ រិន ដេវិត និងកូនសិស្សរបស់លោក អេ ភូថង ដែលបានប៉ះគ្នាលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យទី៨ កក្កដា គឺភស្ដុតាងស្រាប់ ដោយសារតែកីឡាករបង្គោលក្រហម បានវាយអោយកូនសិស្សរបស់អតីតកីឡាករល្បីឈ្មោះ និងជាកូនសិស្សឆ្នើមម្នាក់ដែរសន្លប់ភីង។

មួយគូនេះដ្បិតថាការប្រកួតត្រូវបានបញ្ចប់យ៉ាងលឿនដូចភ្លេកបន្ទោរ ប៉ុន្តែមុនពេលរកឃើញអ្នកឈ្នះក៏ជក់ចិត្តណាស់ដែរ។

ការប្រកួតដែលធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍មិនតិចដែរនោះ គឺបានកើតឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃអាទិត្យ ខណៈដែលអ្នកទាំងពីរគឺគូបិទគូទនៅលើសង្វៀន។ កីឡាករ រិន ដាវិត មើលទៅរាងតេវរ៉េវៗ និងមិនសូវមាំមួនប៉ុន្មាននោះទេ ទើបអ្នកស្នេហាវិស័យប្រដាល់គ្រាន់តែឃើញគូទាំងពីរឡើងរេញភ្លាម ក៏ទាយទុកមុនថាកូនសិស្សរបស់លោក អេ ភូថង នឹងឈ្នះ១០០ភាគរយបាត់ទៅហើយ ដោយសារតែកូនសិស្សរបស់អេ ភូថង ក៏មើលទៅមាំទាំ ហើយមានប្រវត្តិឡើងរេញច្រើនផង។

ប៉ុន្តែការប្រកួតបានត្រឹមតែធ្វើអោយអ្នកស្នេហាវិស័យប្រដាល់កក់ក្ដៅត្រឹមទឹកទី១ប៉ុណ្ណោះ ដោយសារតែឈានចូលដល់ទឹកទី២ភ្លាម កីឡាករ រិន ដាវិត ក៏ទទួលឱកាសឈ្នះប្រៀបបានច្រើន ហើយវាយត្រូវគោលដៅ ម្ដងហើយម្ដងទៀត ធ្វើអោយកូនសិស្សលោកអេ ភូថង គឺវង្ស និត ខកចិត្ត និងបាត់ឱកាសតបត។

កីឡាករបង្គោលក្រហមបានវាយអោយកូនសិស្សអេ ភូថង សន្លប់ភីងលើរេញ ដោយត្រូវរាប់ដល់១០ទៅហើយក៏នៅតែប្រមូលជំហរមិនទាន់បាន ក្នុងទឹកទី២ ដែលសូម្បីតែអ្នកកាន់ជើងបង្គោលខៀវខាងកូនសិស្សលោកអេ ភូថង ក៏លាន់មាត់សរសើរ។ ការប្រកួតត្រូវបានបញ្ចប់ ដោយកីឡាករបង្គោលក្រហម មិនត្រឹមតែប្រកួតយកឈ្នះដោយពិន្ទុលើកូនសិស្សរបស់លោក អេ ភូថងប៉ុណ្ណោះទេ ប៉ុន្តែគឺវាយអោយសន្លប់តែម្ដងក្នុងទឹកទី២។

អ្នកអោយទឹកជាអ្នកជំនិតរបស់អេភូថង បានត្រឹមតែសម្ដែងអារម្មណ៍ខកចិត្ត និងមិនចង់ជឿភ្នែកសម្រាប់ការបរាជ័យនាថ្ងៃនោះប៉ុណ្ណោះ ប៉ុន្តែមិនមានការបន្ទោស ណាមួយនោះទេ ដោយសារតែកីឡាករ រិន ដាវិត បើទោះជាមើលទៅថ្មី និងមិនសូវមានបទពិសោធន៍មែន ប៉ុន្តែសម្រាប់បច្ចេកទេស គឺខ្លាំង ខ្លាំងជាងកីឡាកររបស់ខ្លួនទៅទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here