ម៉ន សាម៉េត ចាញ់ថៃទៀតហើយ នៅសង្វៀនSEATV

0

គ្មានអ្នកណាមិនដឹងនោះទេ ថាកីឡាករកម្ពុជា ម៉ន សាម៉េត គឺជាជើងខ្លាំងប្រចាំក្លិបកងចក្ររាជសីហ៍មានរិទ្ធ ដែលមានប្រវត្តិវាយផ្ដួលកីឡាករបរទេសច្រើននាក់មកហើយ ដោយរាប់តែទាំងកីឡាករដែលមានសមត្ថភាពខ្លាំងជាម្ចាស់ខ្សែក្រវាត់របស់ប្រទេសថៃផង។ ប៉ុន្តែការប្រកួតអន្តរជាតិកាលពីថ្ងៃទី១៧ មិថុនា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យមុននេះ គេបែរជាចាញ់កីឡាករថៃ Phat Ngenthong ដែលត្រូវគេស្គាល់ថាមិនមែនជាជើងខ្លាំងណាស់ណាទៅវិញ។

លោក ម៉ន សាម៉េត និយាយថា ហេតុផលដែលលោកបរាជ័យដោយពិន្ទុក្រោមដៃគូប្រកួត គឺកីឡាករថៃ Phat Ngenthong គឺដោយសារតែលោកចាញ់កម្ពស់ និងកម្លាំងក្រោមដៃគូប្រកួតប៉ុណ្ណោះ ប៉ុន្តែសម្រាប់បច្ចេកទេសលោកថាខ្លួនមិនចាញ់នោះទេ។ លោកសម្ដែងការសោកស្ដាយដែលពេលប្រឹងប្រែងវាយចូលស្រាប់តែមិនចូល ដោយសារតែពេលវាយចេញលោកត្រូវចាញ់កម្ពស់គូប្រកួត ដែលលោកបានហៅលទ្ធផលនេះជាការចាញ់ប្រៀប។ យ៉ាងណាមិញ លោកថាទម្ងន់របស់ខ្លួន និងកីឡាករថៃ ប្រហាក់ប្រហែលគ្នានោះទេ ប៉ុន្តែអ្វីដែលខុសគ្នាឆ្ងាយ គឺលោករាងក្រអាញអន់កម្ពស់ ហើយកីឡាករថៃរាងស្ដើងបានកម្ពស់ជាងខ្លួនប៉ុណ្ណោះ ទើបធ្វើអោយលោកពិបាកវាយឈោង និងចង់បះជើងម្ដងនៅពេលកីឡាករថៃវាយបក។

លោកនិយាយថា«អោយឈ្នះវាយ៉ាងមិច បើវាខ្ពស់ជាង លូកទៅខាងណាក៏មិនចុះចឹងហ្នឹង នឹងសំណាងហើយខ្ញុំមានបច្ចេកទេសល្អ កុំអោយសន្លប់ផស់វាបាត់ហើយ!»។ លោកថាមុនពេលឡើងប្រកួត លោកបានចំណាយពេលហ្វឹកហាត់គ្រប់គ្រាន់ ហើយបើមិនហ្វឹកហាត់បានច្រើនថ្ងៃនោះទេ គឺពិតជាមិនអាចទប់ជាមួយកីឡាករបានដល់ទឹកទី៥នោះទេ ជាពិសេសក្នុងពេលដែលកីឡាករថៃ វាយបកមកវិញម្ដងៗ។

យោងតាមការប្រកួតដែលបានធ្វើឡើង កីឡាករថៃPhat Ngenthong មិនមានបច្ចេកទេស ឬស្នៀតណាមួយគួរអោយខ្លាច ដែលកីឡាករម៉ន សាម៉េត គួរខ្លាចនោះទេ ប៉ុន្តែអ្វីដែលគេជោគជ័យក្នុងការទប់ជាប់ការវាយលុកដ៏ខ្លាំងរបស់កីឡាករកម្ពុជា គឺដោយសារតែគេល្អក្នុងការគេច និងខ្ពស់ជាងដែលងាយក្នុងការទប់ស្នៀតរបស់កីឡាករកម្ពុជាប៉ុណ្ណោះ។ ក្នុងទឹកទី២ និងទី៣ កីឡាករ ម៉ន សាម៉េត ត្រូវគេឃើញស្ទុះស្ទារវាយចេញបានយ៉ាងល្អ ដោយបានទាំងម៉ាត់ និងកែងត្រូវចំកីឡាករជាច្រើនអន្លើរនោះផង ប៉ុន្តែនៅទឹកទី៤ កីឡាករថៃហាក់មានប្រៀបជាង ដោយសារតែពេលកីឡាករកម្ពុជាវាយចេញលើកណា ក៏ត្រូវខ្ទាស់ជាប់ ហើយការវាយបកត្រលប់មកវិញ ក៏ធ្វើអោយកីឡាករកម្ពុជាទទួលរងកណ្ដាប់ដៃច្រើនជាង។

រវាងគូនេះ អ្នកគាំទ្រខ្លះថានឹងមានលទ្ធផលស្មើគ្នា ដោយសារតែយល់ថាថ្វីដ្បិតតែកីឡាករកម្ពុជា វាយត្រូវមិនសូវបានច្រើន ប៉ុន្តែក៏ប្រឹងវាយចេញបានច្រើន។ ប៉ុន្តែនៅពេលគណកម្មការប្រកាសថាកីឡាករថៃជាអ្នកឈ្នះ ក៏មានអ្នកយល់ថាសមហេតុផលច្រើនដែរ ដោយសារតែកីឡាករថៃដ្បិតថាវាយចេញបានតិចជាង ប៉ុន្តែនៅពេលទប់ជាប់ក៏វាយបកបានល្អ ពេញរយៈពេល៥ទឹក ដោយសារតែបានកម្ពស់ខ្ពស់ជាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here