ដុម កែវដា បាត់មុខ២ឆ្នាំ ត្រលប់មកវិញចាញ់ទាំងជើងថ្មី ឡុង ណងសាវ

0

ការប្រកួតមិត្តភាពនៅលើសង្វៀនទូរទស្សន៍អាសុីអាគ្នេយ៍កាលពីថ្ងៃទី១៩ ឧសភា កីឡាករកម្ពុជា២រូបទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកីឡាករបង្គោលក្រហម គឺជាជើងខ្លាំង បាត់មុខយូរ ហើយបង្គោលខៀវ គឺជាកីឡាករជើងថ្មី។ អ្វីដែលកាន់តែធ្វើអោយម្នាក់ៗភ្ញាក់ផ្អើល គឺកីឡាករជើងចាស់ ក្រោយពេលបង្ហាញខ្លួន បែរជាស៑ូមិនរួចជាមួយនឹងជើងថ្មី។

គ្មានអ្នកណាមិនស្គាល់កីឡាករ ដុម កែវដា សម្រាប់អ្មកស្នេហាវិស័យប្រដាល់ ដោយសារតែកីឡាកររូបនេះ ធ្លាប់សាងកេរ្តិ៍ និងមានការទទួលស្គាល់ថាជាកីឡាករល្អម្នាក់ មុនពេលបាត់មុខ។ លោកត្រូវគេដឹងថា បានដើរចេញពីសង្វៀនប្រដាល់ទៅរស់នៅយ៉ាងស្ងប់ស្ងាត់ក្នុងខេត្តកំពង់ចាម ក្នុងស្រុកជើងព្រៃ ក្នុងពេលដែលកេរ្តិ៍ឈ្មោះរបស់លោកនៅក្នុងពេលនោះមានការឈានឡើង។ ម្នាក់ៗនឹកស្មានថាលោកនឹងបោះបង់អាជីពប្រដាល់ជារៀងរហូតទៅហើយ ទើបក្នុងពេលកីឡាកររូបនេះបង្ហាញមុខម្ដងទៀត អ្នកណាៗក៍ចាប់អារម្មណ៍។ វត្តមានរបស់ ដុម កែវដា នៅលើសង្វៀនអាសុីអាគ្នេយ៍នេះ គឺជាលើកទី៥ហើយ ក្រោយពេលលោកទទួលប្រដាល់ជាថ្មី តែហាក់ធ្វើអោយម្នាក់ៗចង់ដឹងពីលទ្ធផលប្រកួតច្រើនជាង ក្នុងពេលដែលគូប្រកួតរបស់លោកនៅក្នុងថ្ងៃនោះ គឺជាកីឡាករជើងថ្មី ដែលមានប្រវត្តិប្រកួតបានតិចនៅឡើយ។ មិនខុសពីការបារម្ភ កីឡាករ ដុម កែវដា ពិតជាទៅមិនរួច ដោយត្រូវបង្គោលខៀវជើងថ្មី វាយអោយរាប់ម្ដងជា២ដង ហើយលទ្ធផលចុងក្រោយ ក៍សម្រេចចិត្តបោះបង់ការប្រកួតក្នុងទឹកទី៤។ ការប្រកួតមួយនេះ បង្ហាញយ៉ាងច្បាស់ថា ដុម កែវដា ធ្លាក់ដៃមិនដូចមុន ប៉ុន្តែគេនៅបង្ហាញអោយអ្នកគាំទ្រកោតសរសើរ ពីការប្រឹងប្រែង បើទោះមិនទទួលជ័យជម្នះដូចអ្នកគាំទ្រចង់បាន។ កីឡាករ ដុម កែវដា ប្រកាស លោកនឹងប្រលូកការប្រដាល់អោយស៑ប់ម្ដងទៀត ដោយបានទាំងប្រកាសថា ក្រោយពេលប្រលូកបានច្រើនដងបន្តិច សមត្ថភាពកាលពីមុននឹងត្រលប់មកវិញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here