មិនគួរជឿ អ្នកស្នងត្រកូលបឺត បរាជ័យក្នុងវគ្គ១ភាគ៤បាត់

0

ខុសពីក្ដីរំពឹងទុករបស់អ្នកគាំទ្រភាគច្រើន កីឡាករវ័យក្មេងដែលត្រូវគេស្គាល់ថាជាអ្នកស្នងត្រកូលបឺត ដ៍មានសមត្ថភាពត្រូវបានធ្លាក់ចេញពីការប្រកួតគួរអោយភ្ញាក់ផ្អើលក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯក Tv5 Boixng Knock Out Series By K-Cement កាលពីថ្ងៃទី៩ កុម្ភៈ។

ការបរាជ័យរបស់កីឡាកររូបនេះ បានធ្វើអោយម្នាក់ៗប្រើពាក្យមិនគួរជឿ ដោយសារតែនោះគឺជាគឺការប្រកួតដ៏សំខាន់ ហើយកីឡាករម្ខាងទៀតក៏សិស្សប្អូន និងមិនសូវមានឈ្មោះបោះសំឡេងទៅទៀត។

ការប្រកួតនៅក្នុងថ្ងៃនោះ គឺជាការប្រកួតរវាងអ្នកឈ្នះ៤នាក់ក្នុងចំណោម៣២រូប ដែលបានឡើងពីការប្រកួតជម្រុះកន្លងមក ប្រកួតយក២នាក់ទៅប្រកួតយកតំណែងជើងឯកនៅ២សប្ដាហ៍ក្រោយ។ កីឡាករបឺត ខាំ ជាប្អូនបង្កើតរបស់កីឡាករបឺត ខាំ និងបឺត សំខាន់ ដែលជាអ្នកស្នងតំណែងដ៏សំខាន់ ប្រកួតជាមួយកីឡាករបង្គោលខៀវឈ្មោះ ធន់ អៀងឡៃ ដែលជាកីឡាករស្រករថ្មី និងជាកីឡាករដែលមិនសូវមានប្រវត្តិឡើងរេញប៉ុន្មានឡើយ។ អ្នកគាំទ្រ១០ទាំង១០ ជឿជាក់ទាំងស្រុងថាកីឡាករបឺត សង្ឃឹម នឹងឈ្នះការប្រកួតហើយបានឡើងទៅប្រកួតដណ្ដើមជើងឯក ដោយយោងតាមកីឡាករបឺត សង្ឃឹម គឺជាជើងខ្លាំង និងមានប្រវត្តិវាយផ្ដួលគូបដិបក្សយ៉ាងចាស់ដៃមុនពេលឡើងមកដល់វគ្គ៤នាក់ ឬពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះផង។

អ៊ីចឹងហើយទើបម្នាក់ៗស្រឡាំងកាំង នៅពេលដែលកីឡាករបឺត សង្ឃឹម ស្រាប់តែត្រូវគូប្រកួតវាយអោយសន្លប់បញ្ឈរភ្នែកក្នុងទឹកទី១ ដែលមានន័យថាការប្រកួតមិនទាន់ទាំងបានកន្លះទឹកផង ស្រាប់តែកីឡាករជើងខ្លាំងរូបនេះ សន្លប់បាត់។

ការប្រកួតជម្រើសជើងឯកនេះ គេជឿភាគច្រើនថាកីឡាករបឺត សង្ឃឹម នឹងក្លាយជាម្ចាស់ជើងឯក ស្របគ្នាដែលលោកក៏វាយគូប្រកួតខ្លាំងរួមជំនាន់ ហើយបានមកដល់វគ្គ៤នាក់ដោយមិនលំបាក ខណៈដែលការបរាជ័យរបស់លោកបានធ្វើអោយបេក្ខភាព២រូបទៀតដែលត្រូវឡើងប្រកួតយកពានជើងឯក ស្ថិតក្នុងភាពប្រទាញប្រទង់គ្នា មិនដឹងថាតើជាម្នាក់ណា។ ការប្រកួតនៅក្នុងថ្ងៃនោះ កីឡាករ បឺត សង្ឃឹម ចាប់ផ្ដើមវាយសម្រុកសិស្សប្អូន ធន់ អៀងឡៃ ដោយមិនសំចៃតាំងពីវិនាទីដំបូង ប៉ុន្តែក្នុងពេលវ័ធកែងទៅមកៗ ស្រាប់តែមួយកែងរបស់កីឡាករបង្គោលខៀវ វ័ធត្រូវសៀតផ្កាបង្គោលក្រហម មិនគួរអោយជឿ ដោយកម្រិតវាយត្រូវមួយកែងនោះ គឺធ្វើអោយបឺត សង្ឃឹម ក្រោកលែងរួច ហើយឈានដល់បោះបង់ការប្រកួត។

កីឡាករ ធន់ អៀងឡៃ និយាយថាបើទោះជាលោកបានឡើងមកដល់វគ្គ៤នាក់ ប៉ុន្តែពេលប៉ះកីឡាករ បឺត សង្ឃឹម លោកគ្មានសង្ឃឹមទាល់តែសោះថាអាចឆ្លងផុត ដោយសារតែខ្លួនគឺជាសិស្សប្អូន ហើយការប្រកួតដ៏សំខាន់មួយនេះ គឺកីឡាករបឺត សង្ឃឹម គឺជាដៃគូដែលលោកគ្មានជំនឿឈ្នះ។ លោកថាគ្រាន់តែវ័ធត្រូវមួយកែងពេញទំហឹង ហើយអាចធ្វើអោយកីឡាករ បឺត សង្ឃឹម ក្រោកតស៊ូលែងរួច គឺធ្វើអោយលោកត្រេកអរចង់ហោះ ខណៈដែលលោកមិនដែលស្រម៉ៃទាល់តែសោះថាខ្លួននឹងបានឡើងទៅប្រកួតយកលេខ១ ឬម្ចាស់ពានជើងឯកក្នុងព្រឹត្តិការណ៍នេះ។

យ៉ាងណាមិញ លោកថាមិនទាន់ហ៊ានសង្ឃឹមថាខ្លួននឹងក្លាយជាម្ចាស់ពាននោះទេ ដោយគ្រាន់តែលោកនឹងប្រឹងអោយអស់ពីលទ្ធភាពសម្រាប់ការប្រកួតមួយលើកចុងក្រោយនោះតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here