ភ្ញាក់ផ្អើល ម៉ន សាម៉េត ត្រូវគេដកចេញពីការប្រកួត ដណ្ដើមខ្សែក្រវ៉ាត់

0

យោងតាមការប្រកាស កីឡាករកម្ពុជា និងថៃ ៨រូប ត្រូវបានគេប្រកាសយ៉ាងច្បាស់លាស់ ដើម្បីអោយប្រកួតដណ្ដើមខ្សែក្រវាត់នៅក្នុងព្រឹត្តិការណ៍«ប្រដាល់អន្តរជាតិ ជើងឯកខ្សែក្រវាត់ខារ៉ាបាវ»រដូវថ្មី ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម។ ប៉ុន្តែកាលពីថ្ងៃទី២៦ មករា កន្លងទៅ សមាសភាពកីឡាករ ម៉ន សាម៉េត ដែលប្រកួតបាន៣ពិន្ទុរួចមកហើយ ស្រាប់តែត្រូវផ្លាស់ចោល ដាក់ សេន កុសល ខណៈដែលបញ្ហានេះ អ្នករៀបចំការប្រកួតបានចេញមុខពន្យល់។

លោក ញាណ សុធី អ្នករៀបចំការប្រកួតបានថ្លែងបញ្ជាក់ថា កីឡាករ ម៉ន សាម៉េត ត្រូវបានគណកម្មការសម្រេចប្ដូរចោលដោយសារតែគេលួចទៅប្រកួតនៅក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកមួយផ្សេងទៀត ក្នុងពេលដែលគេមានឈ្មោះប្រកួតនៅលើសង្វៀនរបស់លោកទៅហើយ។ លោកថា អ្នកធ្វើខុសបែបនេះ ការពិតត្រូវកំណត់អោយសងការខូចខាតរបស់កម្មវិធី ប៉ុន្តែដោយសារតែការសម្របសម្រួល ទើបលោកបានត្រឹមសម្រេចដោះដូរដាក់ សេន កុសល ដោយមិនសើរើពីបញ្ហាចម្រូងចម្រាស់។ លោកថា ការប្រកួតនាពេលកន្លងមក ប្រទេសកម្ពុជា មិនចង់មានរឿងផ្លូវច្បាប់ជាមួយកីឡាករនោះទេ ដោយសារតែស្ថានភាពកីឡាករ ក៍ខ្វះខាតច្រើន ហើយបង្ខំអោយកីឡាករទាំងនោះ លួចទទួលការប្រកួត ដើម្បីអោយបានការប្រកួតច្រើន យកលុយបានច្រើន។

ដោយសារតែលោកយល់យោគលើស្ថានភាពបែបនេះ ទើបលោកមិនចាប់ទោស កីឡាករ ម៉ន សាម៉េត ដោយគ្រាន់តែកំណត់អោយកីឡាកររូបនេះ ចុះហត្ថលេខាដកខ្លួន ហើយប្រគល់សិទ្ធិអោយគេទៅប្រកួតជាមួយព្រឹត្តិការណ៍មួយផ្សេងទៀត ដែលគេមានឈ្មោះប្រកួតដូចគ្នា។ លោកកាន់តែសប្បាយចិត្ត ដែលការប្រកួតរបស់ សេន កុសល ជាមួយកីឡាករថៃ Deuk Ken ដែលជាការប្រកួតសន្សំពិន្ទុលើកទី២ របស់ឈ្មោះ ម៉ន សាម៉េត កាលពីរសៀលថ្ងៃទី២៦ មករា គេធ្វើបានល្អ ហើយដណ្ដើមបានពិន្ទុ៣ជាថ្មី ដែលមានន័យថា គេយកបាន៦ពិន្ទុ បូកទាំង៣ពិន្ទុ ដែល ម៉ន សាម៉េត យកបានមុនពេលដកចេញ។ លោកថា ការប្រកួតមួយនេះ នឹងកាន់តែរន្ថើន នៅពេលកីឡាករ២រូប ដែលមួយតំណាងអោយអ្នកខ្លាំងពូលកម្ពុជា និងមួយអ្នកខ្លាំងពូលថៃ ឡើងប្រកួតដណ្ដើមយកខ្សែក្រវ៉ាត់អន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ការប្រកួតមួយនេះ អ្នកឈ្នះលេខ១ទទួលបានទឹកប្រាក់៥ពាន់ដុល្លារ និងលេខ២ បានទឹកប្រាក់៣ពាន់ដុល្លារ តែមិនមានចំណាត់ថ្នាក់លេខ៣ និងលេខ៤ទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here