កម្មវិធីប្រកួតកីឡាប្រដាល់ គុនខ្មែរ ប៉ុស្តិ៍លេខ5 ដែលរៀបចំឡើងដោយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីរាត្រីថ្ងៃទី 09 ខែ មីនា ឆ្នាំ 2024 ក្នុងសប្ដាហ៍ទី2 នេះ កាន់តែធ្វើឱ្យអ្នកទស្សនាជក់ចិត្ត និង និងស្រែកហ៊ោកញ្ជ្រៀវពេញ Studio នៅសង្វៀន ព្រែកកំពឹស។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ គូមិត្តភាពអន្តរជាតិ កម្ពុជា-ថៃ ទី4 នៅក្នុងសប្ដាហ៍នេះ ជំនួបរវៀងកីឡាករ សោម ពិសិដ្ឋ មកពីក្លិប វិបុលរិទ្ធខណ្ឌពោធិ៍សែនជ័យ សមាគមកីឡាក្រសួងមហាផ្ទៃ ប៉ះគ្នាជាមួយនឹង កីឡាករថៃ EXTRA ដោយមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់អតីតកីឡាករគុនខ្មែរដ៏ល្បីល្បាញគឺលោក អូដ ភូថង ជាអាជ្ញាកណ្ដាលផងដែរ។
ឆ្លងកាត់ការវិនិច្ឆ័យ និង ដាក់ពិន្ទុយ៉ាងសុក្រឹតពីគណកម្មការ ជាលទ្ធផលគូមិត្តភាព កម្ពុជា-ថៃ គូនេះត្រូវបានទទួលជ័យជម្នះដោយកីឡាករកម្ពុជាយើងដោយពិន្ទុ ដោយកីឡាករ សោម ពិសិដ្ឋ ធ្វើបានយ៉ាងល្អគ្រប់ស្នៀតជាមួយនឹងក្បាច់តបតទៅវិញទៅមកមិនប្រដាក់ដៃជាមួយនឹងកីឡាករថៃ នៅលើសង្វៀននារាត្រីនេះ។
ដោយឡែកមួយគូនេះហាក់ធ្វើឱ្យអ្នកទស្សនា អាជ្ញាកណ្ដាល រួមទាំងពិធីករ នៅមិនអស់ចិត្តដោយសារឈុតឆាកប្រកួតបែកញើសខ្ចាយដ៏ជក់ចិត្ត និង កម្រមួយនេះបញ្ចប់ទៅយ៉ាងឆាប់រហ័សបើទោះជាឈានដល់ទឹកទី5 ដែលជាទឹកផ្ដាច់ព្រ័ត្តយ៉ាងណាក្ដី។ មានការរំពឹងថាមួយគូនេះនឹងមកប្រកួតសងសឹកគ្នានៅក្នុងឱកាសណាមួយលើសង្វៀនប៉ុស្តិ៍លេខ5 ជាថ្មីម្ដងទៀត។