ទីបំផុត កីឡាករកម្ពុជា បំបាក់ថៃ យកបានខ្សែក្រវាត់អន្តរជាតិ

0

ក្នុងព្រឹត្តិការណ៍ដណ្ដើមជើងឯករបស់ក្រុមហ៊ុន Wurkz នៅទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករកម្ពុជា មាជ សុខរ៉ា ធ្លាប់បានសន្លប់ក្រោមដៃកីឡាករថៃ Pep Sy ម្ដងហើយ ក្នុងពេលកីឡាករទាំងពីរប៉ះគ្នាក្នុងវគ្គជំនួបសន្សំពិន្ទុ។ អ៊ីចឹងហើយទើបអ្នកគាំទ្រភាគច្រើនបង្ហាញអារម្មណ៍អបអរសាទរយ៉ាងខ្លាំង ដែលកីឡាកររូបនេះបានក្លាយជាម្ចាស់ជើងឯក និងជាម្ចាស់ខ្សែក្រវាត់អន្តរជាតិ ដោយអាចវាយអោយកីឡាករថៃបរាជ័យក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃ២ ធ្នូ។

លោក ញាណ សុធី អ្នករៀបចំការប្រកួតបានថ្លែងបញ្ជាក់ថា សម្រាប់ការប្រកួតជ្រើសរើសជើងឯក Wurkz គឺជាលើកទី១ប៉ុណ្ណោះសម្រាប់ទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលបានធ្វើឡើង ប៉ុន្តែសម្រាប់រូបមន្តគឺមិនខុសពីការប្រកួតជ្រើសរើសជើងឯកអន្តរជាតិ ដែលធ្លាប់បានធ្វើកាលពីលើមុនៗនោះទេ ដោយក្នុងពេលប្រកួតគ្នា គឺមានកីឡាករកម្ពុជា៤រូប និងកីឡាករបរទេស៤រូប ហើយប្រើរូបមន្តអោយកីឡាករកម្ពុជានឹងថៃប្រកួតសន្សំពិន្ទុ ដើម្បីស្វែងរកអ្នកមានពិន្ទុខ្ពស់នាំមុខគេអោយឡើងប្រកួតគ្នាដណ្ដើមយកខ្សែក្រវាត់ជើងឯក។

លោកថាក្រោយការប្រកួតសន្សំពិន្ទុ កីឡាករ មាជ សុខរ៉ា គឺជាអ្នកឈរនៅលេខ១ក្នុងពូលកម្ពុជា ហើយកីឡាករថៃ Pep Sy គឺជាអ្នកលេខ១ប្រចាំពូលថៃ ទើបធ្វើអោយពួកគេប៉ះគ្នាម្ដងទៀតក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលមានមហាជនភាគច្រើនមិនសូវទុកចិត្តថាកីឡាករកម្ពុជាក្លាយជាម្ចាស់ខ្សែក្រវាត់។ យ៉ាងណាមិញ កីឡាករកម្ពុជាបានសាងប្រវត្តិសាស្រ្តភ្ញាក់ផ្អើលអោយម្នាក់ៗកោតសរសើរ ដោយសារតែគេដណ្ដើមបានខ្សែក្រវាត់ ហើយក៏មានន័យម្យ៉ាងទៀតថាគេសងសឹកបានទៅលើគូប្រកួតដែលធ្លាប់វាយអោយគេសន្លប់ក្នុងទឹកទី២នោះផងដែរ។

កីឡាករ មាជ សុខរ៉ា ទទួលបានខ្សែក្រវាត់អន្តរជាតិមួយ ពានកិត្តិយសមួយ និងទឹកប្រាក់២០លានរៀលស្មើនឹង៥ពាន់ដុល្លារ ដោយប្រាក់រង្វាន់របស់លោកមិនទាន់រាប់បញ្ចូលប្រាក់លើកទឹកចិត្ត និងប្រាក់រង្វាន់តម្លៃខ្លួននៅឡើយផង ខណៈដែលកីឡាករថៃ ទទួលបានពានកិត្តិយសមួយ និងទឹកប្រាក់៣ពាន់ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here