ប៉ះគ្នាជាថ្មី ផាន់ គ្រាន់ ស៊ីមិនដាច់ជើងខ្លាំងថៃ

0

ក្នុងពិភពប្រដាល់ គេដឹងរួចមកហើយ ថាកីឡាករជើងខ្លាំងកម្ពុជា ផាន់ គ្រាន់ និងកីឡាករល្បីឈ្មោះមកពីប្រទេសថៃ Phlay Noy ប៉ះគ្នាច្រើនលើកមកហើយ ដោយអ្នកទាំងពីរប៉ះគ្នាតាំងពីពេលកីឡាករ ផាន់ គ្រាន់ មិនទាន់ក្លាយជាកីឡាករខ្លាំងដូចសព្វថ្ងៃនោះម្ល៉េះ ខណៈដែលក្នុងពេលនោះ គឺកីឡាករកម្ពុជាបរាជ័យចំនួន២លើក។ អ៊ីចឹងហើយទើបការប៉ះគ្នាជាថ្មី កាលពីថ្ងៃទី៤ វិច្ឆិកា មានការយល់ឃើញជាច្រើនថា កីឡាករកម្ពុជា ពិតជាឈ្នះ ដោយសារតែក្នុងពេលនេះអ្នកណាក៏ដឹងថាកីឡាករកម្ពុជារូបនេះពូកែជាងមុន ប៉ុន្តែក្រោយការប្រកួតគ្នា លទ្ធផលបែរជាមិនអាចទៅរួច។

ជំនួបដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នោះ កីឡាករផាន់ គ្រាន់ បានបង្ហាញនូវជំនឿចិត្តថាអាចសងសឹកបានច្រើនភាគរយ ដោយសារតែលោកប្រាប់ថាមានការត្រៀមខ្លួនទុកមុន និងជាការប៉ះគ្នាក្នុងពេលគេកើនឡើងសមត្ថភាពជាងខ្លួន បើធៀបនឹងការប៉ះគ្នាកាលពី២លើកមុខ ដែលធ្វើអោយលោកបរាជ័យ។ លោកត្រូវគេឃើញបញ្ចេញសមត្ថភាពបានល្អតាំងពីទឹកទី១នោះផង ដោយអាចនិយាយបានថា មិនមានការបន្ធូរដៃនោះទេ ព្រោះតែខ្លាចរងការអាម៉ាស់ជាថ្មីម្ដងទៀត ដូច២លើកមុខ។ កីឡាកររូបនេះ បានទាំងសម្រុងម្ដងហើយម្ដងទៀត ដើម្បីសន្ធាប់លើកីឡាករជើងខ្លាំងរបស់ថៃ កុំអោយកីឡាកររូបនេះមានមុខយកប្រៀបជាថ្មីក្នុងជំនួបជាថ្មី។ ប៉ុន្តែការតាំងចិត្តរបស់កីឡាករកម្ពុជា មិនបានសម្រេចនោះទេ ដោយសារតែកីឡាករថៃ ក៏បានបញ្ចេញសមត្ថភាពវាយបកខ្លាំងក្លា ដោយបិះនឹងធ្វើអោយកីឡាករកម្ពុជាទ័លទីម្ដងៗនោះផង។

ការប្រកួតទាំងមូលបានឡើងកំដៅធ្វើអោយទាក់ភ្នែកមហាជនយ៉ាងខ្លាំង ជាពិសេសនៅពេលក្នុងពេលកីឡាករកម្ពុជា និងថៃ ប្រើស្នៀតពិសេសវាយសម្រុកដាក់គ្នាទៅវិញទៅមក ព្រោះតែកីឡាករកម្ពុជាត្រូវការឈ្នះ ហើយកីឡាករថៃ ត្រូវការការពារជ័យជម្នះដែលធ្លាប់គ្រប់គ្រង។

មួយគូនេះ អាចនិយាយបានថាខ្លាំងប៉ះខ្លាំង ដោយធៀបនឹងការប្រកួតកន្លងមក គឺជាជំនួបល្អមើលជាងមុខឆ្ងាយណាស់ ដោយសារតែក្នុងកាលៈទេសៈនេះ កីឡាករ ផាន់ គ្រាន់ វាយល្អជាងមុន ហើយកាន់តែមានកម្លាំងថាមពលក្នុងការតតាំងជាងមួយកីឡាករថៃខុសពីមុន។ យ៉ាងណាមិញ លទ្ធផលចុងក្រោយមិនមានអ្នកឈ្នះមិនមានអ្នកចាញ់នោះទេ ដោយសារតែក្រោយបញ្ចប់ទឹកទី៥ កីឡាករទាំងពីរបានត្រឹមស្មើគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here