កសិករមួយក្រុមនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបង្ខំចិត្តលក់ដីស្រែ ចំការ ដោយសារកម្ពស់ទឹកសមុទ្រឡើងញឹកញាប់ ដែលធ្វើឲ្យប៉ះពាល់ដល់ផលដំណាំ និងស្រែចំការ របស់ពួកគាត់។ កសិករទាំងនោះយល់ថា ការបង្កើតក្រុមហ៊ុនឯកជន (កសិដ្ឋានចិញ្ចឹមបង្កង) នៅក្បែរនោះ គឺជាមូលហេតុសំខាន់ដែលនាំឲ្យ ទឹកសមុទ្រជ្រាបចេញពីកសិដ្ឋានចិញ្ចឹមបង្គា ហូរមកចូលក្នុងស្រែ ចំការ របស់ពួកគាត់ ធ្វើឲ្យខូចខាតផលដំណាំ ហើយពេលនេះ ចំនួនកសិករដែលបន្តធ្វើស្រែចំការមានចំនួនតែ៤០% ទៅ៥០% ប៉ុណ្ណោះ ខណៈកសិករដ៏ទៃទទៀត សម្រេចចិត្តលក់ដីឲ្យក្រុមហ៊ុនឯកជន។ កសិករឈ្មោះ មួង រិន បានប្រាប់អោយដឹងថា គាត់ធ្វើស្រែតាំងពីឆ្នាំ ១៩៨៤ ហើយនៅពេលដែលទឹកសមុទ្រចាប់ផ្តើមហូរចូលស្រែរបស់គាត់ គាត់ត្រូវបង្ខំចិត្តលក់ដីរបស់គាត់។ ជាមួយគ្នានេះ អនុប្រធានសហគមន៍នេសាទ លោក ឃុន រុន មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យទឹកសមុទ្រឡើងខុសពីធម្មតា និងហូរចូលតំបន់ទឹកសាបជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យខូចខាតដំណាំស្រូវ របស់កសិករ បន្ថែមពីលើនេះទៅទៀត ទ្វារទំនប់វារីអគ្គិសនីក៏មានសភាពចាស់ទ្រុឌទ្រោម និងបង្ករអោយទឹកប្រៃ ជ្រៀបចូលទៅក្នុងស្រែផងដែរ។