លោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី ផ្តល់ជំនួយ តាមរយៈស្រីអូនសម្រស់ធម្មជាតិ​ដល់ប្រជាពលរដ្ឋដែលខ្វះខាតស្បៀង និងកងកម្លាំងប្រចាំគោលដៅសរុប ៥០០ គ្រួសារនៅតំបន់ក្រហម

0

ភ្នំពេញ៖ ខណៈពេលដែលប្រជាពលរដ្ឋកំពុងតែគោរពតាមវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់​ការធ្វើ​ចរាចរណ៍ក្នុងទីក្រុងភ្នំពេញ និងក្រុងតាខ្មៅដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺដ៏កាចសាហាវ កូវីដ ១៩ នោះ ខណៈប្រជាពលរដ្ឋមួយចំនួនបាននឹងកំពុងធ្វើចត្តាឡីស័ក។

ក្រឡេកមើលទៅក្រុមគ្រូពេទ្យវិញកំពុងតែញាប់ដៃញាប់ជើងមមាញឹកយកសំណាកប្រជាពលរដ្ឋដែលពាក់ព័ន្ធ​អ្នក​ឆ្លងជំងឺ កូវីដ ១៩ ក៏ដូចជាកំពុងព្យាបាលអ្នកជំងឺ កូវីដ​ ១៩ យ៉ាងយកចិត្តទុកដាក់ និងស្វាហាប់​ អស្ចារ្យ​។

ស្ថិតក្នុងស្ថានភាពនេះ​ ប្រជាពលរដ្ឋមួយចំនួនក៏កំពុងមានការខ្វះខាតស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃផងដែរ។ សប្បុរសជនមួយចំនួនបានផ្តល់ជំនួយជាស្បៀងជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋដែលកំពុងតែមានការខ្វះខាត។ ជាមួយគ្នានេះផងដែរ គេសង្កេតឃើញ ស្រីអូន សម្រស់ធម្មជាតិ និងស្វាមី បានផ្តល់ជំនួយ​​មនុស្សធម៌​ជាស្បៀងបន្តបន្ទាប់ដល់ក្រុមគ្រូពេទ្យ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងដល់ប្រជាពលរដ្ឋដែលកំពុងតែខ្វះខាតខ្លាំង​ក្នុងអំឡុងអនុវត្តការបិទខ្ទប់របស់រាជរដ្ឋាភិបាល​ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩ ដ៏កាចសាហាវមួយនេះ។

ដោយឡែក នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១ នេះលោក ជំទាវ​ យឹម ឆៃលីន ហ៊ុន ម៉ានី និង ស្រីអូនសម្រស់ធម្មជាតិ បានផ្តល់ជំនួយ​ដល់​ប្រជាពលរដ្ឋដែលកំពុងខ្វះខាត និងកងកម្លាំងប្រចាំគោលដៅក្នុងតំបន់ក្រហមសង្កាត់ស្ទឹងមានជ័យសរុបចំនួន ៥០០ កញ្ចប់ សម្រាប់ ៥០០ គ្រួសារ​ ក្រោម​ការ​ចូលរួមចុះចែកផ្ទាល់ដោយ ឯកឧត្តម ឡុង សត្យា (ក្រុមលេខាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន) ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោកជំទាវយឹម ឆៃលីន អភិបាលខណ្ឌមានជ័យ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយអជ្ញាធរមានសមត្ថកិច្ច ដោយគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល​ផង​ដែរ។ ក្នុងនោះមួយគ្រួសារទទួលបានអំណាយ អង្ករ ២០
គីឡូក្រាម មី១កេស (33 កញ្ចប់) ត្រីខ១យួរ(១០កំប៉ុង) ទឹកស៊ីអ៊ីវ១យួរ (៦ដប) ដើម្បីជាស្បៀងអាហារ ដោះស្រាយ ជីវភាពក្នុងអំឡុងពេលបិទខ្ទប់មួយរយៈនេះ។ ប្រជាពលរដ្ឋទទួលយកជំនួយដោយក្តីរីករាយ និងបានថ្លែងអំណរគុណដល់​ លោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី និង ស្រីអូន សម្រស់ធម្មជាតិ និង​ក្រុមគ្រួសារសម្រាប់ការជួយក្នុងគ្រាអាសន្នមួយនេះ។

លោកស្រី នួន ស៊ុន្ទរី ហៅ ស្រីអូន បានថ្លែងថាលោកស្រី​ និងក្រុមគ្រួសារ​ក៏កំពុងរៀបចំស្បៀងបន្ថែម​ទៀត​សម្រាប់​ជួយដល់ប្រជាពលរដ្ឋនៅតំបន់ផ្សេងទៀត​ដែល​កំពុងជួបការខ្វះខាត​។ ប៉ុន្តែលោកស្រី​ថា ឥឡូវនេះ​ការទិញស្បៀងគឺពិបាកបន្តិច ម្យ៉ាងតម្លៃក៏ខ្ពស់ជាងធម្មតា​ដែរ តែលោកស្រីមិនរុញរា​ទេ ព្រោះលោកស្រី​មានការអាណិតជាខ្លាំងដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត។
គួររម្លឹកផងដែរ នេះមិនមែនជាលើកទីមួយនោះទេដែល លោកជំទាវ យឹម ឆៃលីន ហ៊ុន ម៉ានី និង ស្រីអូន សម្រស់ធម្មជាតិ និងគ្រួសារ ចូលរួមរំលែកទុក្ខរបស់រាជរដ្ឋាភិបាល ក្រោមការងារមនុស្សធម៌ជាបន្តបន្ទាប់ ដែលធ្វើអោយ​មហាជន​មានការស្ងប់ស្ងែង និងគោរពនូវទឹកចិត្តរបស់ពួកគាត់ និងគ្រួសារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here