លោក ឡុង សត្យា ដឹកនាំជំនួយលោកជំទាវ2រូប ជួយដល់ក្មេងស្រីកម្សត់កំព្រាឪពុក ហើយម្ដាយស្លាប់ចោល

0

បន្ទាប់ដំណឹងទុក្ខសោករបស់ក្មេងប្រុសម្នាក់ត្រូវមហាជនចាប់អារម្មណ៍ស្ទើរតែកក្រើកហ្វេសប៊ុក លោកជំទាវ២រូប គឺលោកជំទាវ សុងឡេង បូរ៉ា ដែលជំនិតក្នុងការងារពិធីការសម្ដេចតេជោ និងលោកជំទាវ ឧកញ៉ា ស្រី ណារួម អគ្គនាយិកាក្រុមហ៊ុន រួយ អុិនហ្វីនីធី (ហៅម៉ែរួយ) អមដោយសប្បុរសជនជាច្រើនទៀត ត្រូវគេឃើញដុតដៃដុតជើងចុះជួយភ្លាម ដោយបានប្រគល់ថវិកាជួយធ្វើបុណ្យសព និង ប្រគល់ថវិកាមួយចំនួនដើម្បីអោយក្មេងស្រីកម្សត់នោះបានធ្វើបុណ្យអោយម្ដាយ។ នេះគឺទុក្ខសោកមួយ ដែលកើតមានចំពោះកុមារីក្រីក្រមួយរូប ដែលឳពុកស្លាប់ចោលតាំងពីតូច ហើយម្ដាយដែលជាអ្នកចម្រៀងអាហ្វែ ក៏មានជម្ងឺទាចទឹកគ្មានលុយព្យាបាល ហើយស្លាប់យ៉ាងអណោចអធមកាលពីថ្ងៃទី៦ ធ្នូ ឆ្នាំ២០២០ កន្លងទៅ។ 

ក្មេងស្រីដែលកម្សត់រហូតធ្វើអោយរញ្ជួយដល់បេះដូងសប្បុរសជននោះ គឺមានឈ្មោះថា ណាង ស្នូណយ អាយុ១៥ឆ្នាំ រស់នៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដោយផ្ទះដែលក្មេងស្រីនេះ គឺជាផ្ទះសង់លើទឹក លើដីដែលអ្នកភ្នំពេញមួយរូបអោយរស់នៅ។ ព័ត៍មានរបស់ក្មេងស្រីរូបនេះ បានកន្ទ្រាក់អ្នកលេងហ្វេសប៊ុកយ៉ាងខ្លាំង ជាពិសេសនៅពេលម្ដាយរបស់នាងឈ្មោះ ស្រី ពេជ្រ ដែលជាអ្នកចម្រៀងអកកេស ពេលមិនទាន់ឈឺធ្ងន់ ទទួលមរណភាព ហើយទុកអោយកូនស្រីកំព្រានៅវេទនា។ កម្លាំងអ្នកលេងហ្វេសប៊ុក បានធ្វើអោយលោកជំទាវ២រូប គឺ  សុងឡេង បូរ៉ា ដែលជំនិតក្នុងការងារពិធីការសម្ដេចតេជោ និងលោកជំទាវ ឧកញ៉ា ស្រី ណារួម អគ្គនាយិកាក្រុមហ៊ុន រួយ អុិនហ្វីនីធី (ហៅម៉ែរួយ) បានបរិច្ចាគថវិការួមគ្នាធ្វើអោយក្មេងស្រី មានលទ្ធភាពធ្វើបុណ្យអោយម្ដាយរបស់នាង។ ក្នុងឱកាសពាំនាំយកថវិកាទៅជួយដល់ក្មេងស្រីដល់កន្លែងនោះ គេឃើញឯកឧត្តម ឡុង សត្យា ដែលជាមន្ត្រីក្នុងជួររដ្ឋាភិបាល និង ជាសប្បុរសជនមួយរូប អមដោយសប្បុរសជនជាច្រើនទៀត ដូចជា ឌីជេ ប៊ូម, លោកលាន អាព្រីលគីនីន, លោកសាន់ ដារ៉ា, កញ្ញា សរ សុភី, និង សប្បុរសជនជាច្រើនទៀត។ ថវិការបស់លោកជំទាវ សុងឡេង បូរ៉ា  និងលោកជំទាវ ឧកញ៉ា ស្រី ណារួម ហៅម៉ែរួយ បានធ្វើអ្នកស្រុកអ្នកភូមិ រំភើប និង អរជំនួសក្មេងស្រី ប៉ុន្តែបន្ទាប់ពីម្ដាយទទួលមរណភាពក្មេងស្រី ស្នូណយ ក៏ស្ថិតក្នុងការបារម្ភផងដែរ ថាតើវាសនារបស់នឹងទៅជាយ៉ាងណា បើឳពុកក៏គ្មាន ម្ដាយក៏បាត់បង់ជីវិត ហើយផ្ទះសំបែងដែលនាងរស់នៅក៏ជាផ្ទះសង់លើដីគេ ហើយក៏មានស្ថានភាពក្រលំបាកបែបនេះ។ 

លោក ឡុង សត្យា ដែលបានដឹកនាំជំនួយរបស់លោកជំទាវ សុងឡេង បូរ៉ា  និងលោកជំទាវ ឧកញ៉ា ស្រី ណារួម ហៅម៉ែរួយ បានអះអាងថា ក្រោយពីឃើញការបង្ហោះពីទុក្ខវេទនារបស់ក្មេងស្រី លោកជំទាវ សុងឡេង បូរ៉ា ក៏បានចាត់ចែងអោយលោកយកថវិកាមកជួយធ្វើបុណ្យអោយម្ដាយក្មេងស្រី ហើយសប្បុរសជនផ្សេងទៀត ក៏បានបរិច្ចាគមួយផ្នែករៀងៗខ្លួនផងដែរ ដូចជា ម៉ែរួយ ជាដើម ដើម្បីបានជួយក្មេងស្រីក្នុងពេលមានទុក្ខ។ ក្នុងនោះរូបលោក និង សប្បុរសជនផ្សេងទៀត ក៏បានចូលរួមម្នាក់បន្តិចៗ បន្ថែមពីលើថវិការបស់លោកជំទាវទាំងពីរ ដើម្បីអោយពិធីបុណ្យសព្វត្រូវបញ្ចប់ដោយសមរម្យ និង ដើម្បីអោយក្មេងស្រីបានសល់លុយខ្លះ ទុកគ្រាន់ចិញ្ចឹមជីវិត។ លោកក៏សម្ដែងនូវក្ដីបារម្ភចំពោះក្មេងស្រីផងដែរ ដែលមិនដឹងទៅណា ឬ ទៅរស់នៅជាមួយអ្នកណា ក្រោយពីបាត់បង់ម្ដាយនេះ។ លោកសង្ឃឹមថា នឹងមានសប្បុរសជនជួយសង្គ្រោះជីវិតក្មេងស្រីក្នុងពេលបន្ទាប់ ដើម្បីអោយក្មេងកំព្រារូបនេះ មានអនាគតល្អ និងមិនស្ថិតក្នុងភាពអស់សង្ឃឹម៕

LEAVE A REPLY

Please enter your comment!
Please enter your name here