ម្ចាស់ប្រេនធំមួយ របស់ក្រុមហ៊ុន ទ្រី ដាណា ចែកអំណោយ៣កន្លែងព្រមគ្នា ក្នុងថ្ងៃតែមួយ

0

អ្នកនាង ណើ ចាន់ត្រា ត្រូវបានគេស្គាល់ថាជាម្ចាស់ ប្រេនផលិតផលថែរក្សាសម្រស់ CTM បានដឹកនាំបុគ្គលិក និង តំណាងចែកចាយជាច្រើនរូប បានធ្វើការចុះចែកអំណោយសប្បុរសធម៌នៅឯទឹកដីខេត្តកំពុងចាម។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺម្ចាស់ក្រុមហ៊ុនអ្នកនាង ទ្រី ដាណា ក៏បង្ហាញវត្តមាននៅក្នុងពិធីចែកអំណោយនេះយ៉ាងអធឹកអធមផងដែរ ។

កាលពីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២០ នេះ ក្រុមការងាររបស់ផលិតផលថែរក្សាសម្រស់ CTM Skin Care បានធ្វើការចុះចែកអំណោយ៣ទីតាំងព្រមគ្នា ក្នុងថ្ងៃតែមួយ ។ ក្នុងនោះផងដែរ គ្រឿងសប្បុរសធម៌ដែល អ្នកនាង នាំយកទៅចែករួមមាន អង្ករ មី គ្រឿងឧបភោគបរិភោគ ទឹកអាល់កុលសម្រាប់លាងសម្អាតដៃ ព្រមទាំងកញ្ចប់ថវិការមួយចំនួន ជូនទៅដល់ចាស់ជរា និង បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពលំបាក ចំនួនជិតមួយរយគ្រួសារឯណោះ ។

ព្រមជាមួយគ្នានេះដែរអ្នកនាង និង ក្រុមការងារបាននាំយកនូវអំណោយសប្បុរសធម៌មួយផ្នែកទៅប្រគល់ជូនដល់ កងឯកភាពលេខ ៧១៤ វិស្វកម្មអគ្គបញ្ជាការ ដែលស្ថិតនៅក្នុងភូម ផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពុងចាមផងដែរ ។ ជាងនេះទៅទៀតអ្នកនាងក៏បានបង្ហួសទៅសាកសួរសុខទុក្ខ និងប្រគល់អំណោយមួយចំនួនទៀតទៅដល់កុមារកំព្រា ៣រូបស្ថិតនៅក្នុងខេត្ត ត្បូងឃ្មុំ ដែលត្រូវបានលេចឮតាមសារពត៌មានថា ត្រូវបានកំព្រាដោយសារឪពុកទទួលមរណៈភាព បន្ទាប់មកត្រូវម្ដាយរត់ចោល យ៉ាងគួរឱ្យអណោចអធម៌ ផងដែរ ខណៈដែលស្ត្រីជាម្ដាយក៏បានវិលមកវិញតែមិនទាន់ដឹងថាយ៉ាងណា។

អ្នកនាង ណើ ចាន់ត្រា បានបង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំងថា ការធ្វើសប្បុរសធម៌លក្ខណៈដឹកនាំតំណាងចែកចាយនេះគឺជាលើកទីមួយ ដែលកន្លងមកអ្នកនាងក៏ធ្លាប់ធ្វើសប្បុរសធម៌ជាច្រើនមកហើយគ្រាន់តែមានលក្ខណៈទ្រង់ទ្រាយតូចប៉ុណ្ណោះ។ នេះក្ដីស្រម៉ៃមួយដែលអ្នកនាងប៉ងធ្វើ ដើម្បីដឹកនាំតំណាងចែកចាយរបស់នាងឱ្យមកធ្វើអំពើមនុស្សធម៌រួមគ្នាបែបនេះ ។ ដោយហេតុថាអ្នកនាងសម្លឹងឃើញពីភាពកង្វះខាតរបស់លោកតាលោកយាយចាស់ជរាពុំអាចប្រកបរបរចិញ្ចឹមជីវិតបាន ទើបអ្នកនាងមកចែករំលែកអ្វីដែលអ្នកនាងមាន និងអាចធ្វើបានជូនទៅដល់ពួកគាត់បានមួយរយៈដែរ ។

អ្នកនាងបង្ហាញអារម្មណ៍រំភើបចិត្ត នៅពេលដែលបងប្អូនលោកយាយលោកតាទាំងអស់ មានការត្រេកអរ និង ពេញចិត្តទទួលយកនូវអ្វីដែលអ្នកនាងបានធ្វើ និងជម្រុញឱ្យនាងចង់បន្តសកម្មភាពបែបនេះនៅថ្ងៃខាងមុខបន្តទៀត ។ ហើយក៏កាន់តែរំភើបខណៈ វត្តមានម្ចាស់ក្រុមហ៊ុន អ្នកនាង ទ្រី ដាណា បានបង្ហាញវត្តមានក្នុងកម្មវិធីចែកអំណោយរបស់នាង បង្ករការភ្ញាក់ផ្អើលជាខ្លាំង និងជម្រុញឱ្យកម្មវិធីមួយនេះកាន់តែមានភាពសប្បាយរីករាយ និងឱឡារិកទ្វេរដងទៀតផង ។

LEAVE A REPLY

Please enter your comment!
Please enter your name here