គ្រប់គ្នាប្រហែលជាដឹងថា ការទទួលទានទឹកក្តៅឧណ្ឌៗ ឬទឹកក្តៅឧណ្ឌៗលាយជាមួយទឹកក្រូចឆ្មារ មួយកែវនៅពេលព្រឹក គឺជាទម្លាប់ដ៏ល្អបំផុតក្នុងការបង្កើនប្រព័ន្ធភាពស៊ាំ និងកម្ចាត់ជាតិពុលចេញពីរាងកាយ។ ក៏ប៉ុន្តែ មិនមែនមានតែភេសជ្ជ:ពីរមុខនេះទេ បើយោងតាមអ្នកជំនាញអាហារូបត្ថម្ភបានបង្ហាញថា ទឹកម្នាស់ ក៏មានអត្ថប្រយោជន៍ចំពោះសុខភាពដែរ ព្រោះវាមានផ្ទុកវីតាមីន C អង់ស៊ីម ព្រមទាំងមីក្រូសារជាតិជាច្រើន។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង ៨ចំណុចនៃការទទួលទានទឹកម្នាស់ជារៀងរាល់ព្រឹក៖
១.ទឹកម្នាស់ មានផ្ទុកវីតាមីន A បេតាការ៉ូទីន ដែលល្អបំផុតសម្រាប់ភ្នែក។ ប្រសិនបើអ្នកទទួលទានជារៀងរាល់ថ្ងៃ វាអាចជួយការពារភ្នែករបស់អ្នកជៀសផុតពីបញ្ហាផ្សែងៗរហូតដល់ចាស់។
២.ការសិក្សាមួយបានបង្ហាញថា សារធាតុ bromelain ដ៏សម្បូរបែបនៅក្នុងផ្លែម្នាស់ អាចជួយរារាំងប្រភេទនៃជំងឺមហារីកមួយចំនួន។
៣. សារធាតុ bromelain ត្រូវបានគេទទួលស្គាល់ ជាអង់ស៊ីម ដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងការជួយគាំទ្រដល់ការរំលាយអាហារ។
៤.ទឹកម្នាស់ សម្បូរទៅដោយជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយបានយ៉ាងងាយ។
៥.មុខងារមួយទៀតនៃទឹកម្នាស់ គឺវាអាចជួយកម្ចាត់ពពួកប៉ារ៉ាស៊ីតនៅក្នុងពោះវៀន និងថ្លើមយ៉ាងមានប្រសិទ្ធភាព។
៦.ការទទួលទាន ទឹកម្នាស់ ជាប្រចាំអាចជួយទប់ស្តាត់កំណកកំបោរ មិនឲ្យនៅស្អិតជាប់តាមជើងធ្មេញ និងរក្សាធ្មេញឲ្យស្អាតជានិច្ច។
៧.សារធាតុអ៊ីយូដ និង bromelain ត្រូវបានគេរកឃើញនៅក្នងទឹកម្នាស់ អាចជួយបង្ការបញ្ហាដែលទាក់ទងទៅនឹងក្រពេញទីរ៉ូអ៊ីត។
៨.អត្ថប្រយោជន៍ចុងក្រោយនៃទឹកម្នាស់ គឺវាអាចជួយកាត់បន្ថយការរលាកនៅក្នុងខ្លួន និងបង្ការបញ្ហាសុខភាពផ្សេងៗទៀត។
ចំណាំ៖ បើទោះបីជាទឹកម្នាស់មានអត្ថប្រយោជន៍ដ៏ច្រើនលើសលប់ ទៅលើសុខភាពយ៉ាងណាក្តី ប៉ុន្តែសម្រាប់អ្នកដែលមានបញ្ហាក្រពះគួរតែជៀសវាង៕