ក្រុមហ៊ុនមីហិរសេអ៊ូល៧យ៉ាង ជប់លៀងឆ្លងឆ្នាំ និងប្រកាសដៃគូថ្មី

1

កាលពីយប់ថ្ងៃទី៣១ ធ្នូ ក្រុមហ៊ុនមីហិរសេអ៊ូល៧យ៉ាង ដែលជាម៉ាកយីហោក្រុមហ៊ុនមីហិរល្បីល្បាញប្រចាំទីក្រុងសេអ៊ូលប្រទេសកូរ៉េ បានរៀបចំពីធីជប់លៀងឆ្លងឆ្នាំយ៉ាងអធឹកអធមនៅភោជនីយដ្ឋានទន្លេបាសាក់២ក្បាលថ្នល់ ដោយមានពិធីចាប់ឆ្នោតរង្វាន់ម៉ូតូ១០គ្រឿង និងរង្វាន់ធំជាច្រើនផ្សេងទៀត សរុបជាទឹកប្រាក់ជិត៣ម៉ឺនដុល្លារ ជូនដល់អតិថិជនដោយគ្រាន់តែអតិថិជនទាំងនោះទទួលទានមីហិរគ្រប់សាខាហើយទទួលបានសន្លឹកឆ្នោត។ ក្នុងពិធីនោះក៏មានការប្រកាសដៃគូថ្មីនៅឆ្នាំ២០១៩ ដោយការចាប់ដៃជាមួយក្រុមហ៊ុនធំមួយទៀត ដើម្បីពង្រីកអាជីវកម្មទាំំងមូលផងដែរ។

លោក អ៊ឹម លី ម្ចាស់ក្រុមហ៊ុនមីហិរសេអ៊ូល៧យ៉ាង បានថ្លែងបញ្ជាក់ថា គិតមកដល់ដំណាច់ឆ្នាំ២០១៩នេះ ក្រុមហ៊ុនទាំងមូលមានហាងលក់មីហិរ៧យ៉ាងចំនួន៧០កន្លែងហើយ នៅរាជធានីភ្នំពេញ កំពង់ចាម និងបណ្ដាខេត្តមួយចំនួនទៀត ដោយបណ្ដាហាងទាំងនោះ សុទ្ធតែមានការគាំទ្រខ្លាំងក្លាពីសំណាក់អតិថិជនទាំងជាតិ និងជនបរទេស។ លោកថាដំបូងឡើយលោកគ្រាន់តែទិញសិទ្ធិនាំយករូបមន្តមួយនេះ មកបើកហាងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ តែដោយសារតែសន្ទុះគាំទ្រមានកាន់តែច្រើន ទើបធ្វើអោយលោកសម្រេចចិត្តលក់យីហោបន្ត ដើម្បីអោយហាងមួយនេះ កាន់តែរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ លោកថាមិនមែនជារឿងធម្មតានោះទេ ដែលក្នុងរយៈពេលត្រឹមតែ២ឆ្នាំគត់ តែហាងមីហិរសេអ៊ូល៧យ៉ាង មានសាខាដល់៧០ទូទាំងប្រទេស និងគម្រោងបង្កើនសាខាជាច្រើនទៀតក្នុងឆ្នាំ២០១៩។

អ៊ីចឹងហើយក្រុមហ៊ុនសម្រេចចិត្តធ្វើពិធីជប់លៀងឆ្លងឆ្នាំ និងផ្ដល់សំណាងជូនដល់អតិថិជនអោយធំនៅថ្ងៃឆ្លងឆ្នាំ ដើម្បីលើកទឹកចិត្តអ្នកមានសកន្ទុយឆ្នោតពីការចូលទទួលទានមីហិរក្នុងហាងកន្លងមកផង និងដើម្បីប្រកាសអោយដឹងពីដៃគូថ្មីផង។ លោកថាចាប់ពីឆ្នាំ២០១៩តទៅ លោកនឹងសម្រេចទិញសិទ្ធិភេសជ្ជៈឆប់ឆាហ៍ មកដាក់ក្នុងហាងនៅគ្រប់សាខា ដោយមានន័យថាក្រៅពីភ្ញៀវអាចទទួលទានមីហិរយ៉ាងឆ្ងាញ់របស់កូរ៉េ ក៏បានទទួលទានភេសជ្ជៈឆប់ឆាហ៍ ដែលជាប្រេនល្បីល្បាញរបស់ថៃផងដែរ។ លោកបានប្រកាសថាដោយសារតែកម្រិតរីកចំរើន និងការទទួលស្គាល់របស់អតិថិជននេះហើយ ទើបធ្វើអោយបណ្ដាហាងខ្លះបានប្រើយីហោមីហិរស្រដៀងៗគ្នា ដែលលោកប្រកាសថាបណ្ដាហាងដែលមានមិនមានយីហោមីហិរសេអ៊ូល៧យ៉ាង គឺមិនមែនជាសាខារបស់ក្រុមហ៊ុនឡើយ។

លោក អ៊ុច រ៉ូម៉ា ម្ចាស់ហាងភេសជ្ជៈឆប់ឆាហ៍ បានថ្លែងបញ្ជាក់ថា រយៈពេលចូលធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ហាងឆប់ឆាហ៍មានសាខារបស់ខ្លួនចំនួន២៥ក្នុងរាជធានី និងខេត្តហើយ ដោយលោកចាត់ទុកថាការចាប់ដៃគូជាមួយហាងមីហិរសេអ៊ូល៧យ៉ាង នឹងធ្វើអោយអាជីវកម្មមួយនេះ បង្កើនបាន៧០ហាងទៀត ដែលមានន័យថាខ្លួនមានសាខាចំនួនជាង៩០ទីតាំង ដែលកាន់តែធ្វើអោយអាជីវកម្មទាំងមូលទទួលបានជោគជ័យ។ ក្នុងនោះលោកក៏បាននាំយករូបមន្តកែច្នៃកាន់តែបានជាភេសជ្ជៈច្រើនមុខ ដើម្បីបំពេញតម្រូវការរបស់អតិថិជនបានកាន់តែល្អផងដែរ។ នៅក្នុងពិធីជប់លៀង និងប្រកាសដៃគូថ្មីនោះ គេឃើញអ្នកចូលរួមរាំលេងសប្បាយអមដោយការចាប់ឆ្នោតរហូតដល់ម៉ោង១២យប់៕

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here