រឿង«កូនអើយម្ដាយខ្មោច» កាន់តែផ្ទុះ ក្រោយពីដឹងថាអ្នកផលិត គឺជាអ្នកផលិតរឿង«ផ្ទះខ្មោចទិញ»

0

បើនិយាយពីស្នាដៃរឿង«ផ្ទះខ្មោចទិញ»គ្មានអ្នកណាមិនស្គាល់នោះទេ ដោយសារតែភាពយន្តនោះគឺផលិតកម្មខេមប្រូ បានតាក់តែងពីរឿងពិតមួយនៅខេត្តកំពង់ឆ្នាំង ហើយបានធ្វើអោយភាពយន្តនោះផ្ទុះកក្រើកក្នុងស្រទាប់មហាជន។ យ៉ាងណាមិញ ផលិតករដដែលនៅតែធ្វើអោយមានការចាប់អារម្មណ៍មិនខុសពីមុននោះឡើយ តាមរយៈស្នាដៃរឿង«កូនអើយម្ដាយខ្មោច» ដែលត្រូវបានគេអះអាងថាកំពុងកើបលុយតាមរោងតាំងពីបើកលក់សំបុត្រ។

លោក ហេង តុលា ធ្លាប់បានធ្វើពិភពសិល្បៈទទួលស្គាល់ពីស្នាដៃរាប់មិនអស់រួចមកហើយ ក្នុងពេលដែលលោកប្រឡូកខ្លាំងក្នុងការផលិតរឿងដាក់កុន។

ភាពយន្តរបស់លោកកម្រមានរឿងណាមួយ មិនទទួលបាននូវការគាំទ្រខ្លាំងណាស់ ដោយស្នាដៃរឿងផ្ទះចិញ្ចឹមខ្មោច និងខ្មោចដើមចេកជ្វា សុទ្ធតែជារឿងដែលមនុស្សភាគតិចមិនធ្លាប់បានមើល។ លោកបានដើរចេញពីការផលិតភាពយន្តដោយសារតែហេតុផលការងារផ្ទាល់ខ្លួន និងដោយសារតែភាពយន្តខ្មែរនាពេលបន្តបន្ទាប់បានដួលសន្លប់មួយស្របក់វិញ។ ដំណើរត្រលប់មកវិញរបស់លោកលើកនេះ គឺបានផលិតរឿង«កូនអើយម្ដាយខ្មោច» ដែលជារឿងពិតមួយនៅក្នុងសម័យលង្វែក ដែលភាពយន្តនេះ ត្រូវបានគេសរសើរថាល្អមើល និងកំពុងមានការចាប់អារម្មណ៍ខ្លាំងក្លា។ តាំងពីថ្ងៃទី២៥ តុលា ដែលជាថ្ងៃលក់សំបុត្រ ភាពយន្តមួយនេះត្រូវគេប្រជ្រៀតទិញសំបុត្រមិនចាញ់ភាពយន្តបរទេសឡើយ ដោយក្នុងម៉ោងខ្លះ អ្នកចង់ទស្សនាមិនអាចទិញសំបុត្រទាន់គេផងដែរ។

ស្នាដៃមួយនេះ បានធ្វើអោយគេនឹកដល់ស្នាដៃចាស់ៗរបស់លោក ហេង តុលា ឡើងវិញ ខណៈដែលក្រោយដឹងថាលោកគឺជាអ្នកផលិតរឿង«ផ្ទះខ្មោចទិញ» និងរឿង«ខ្មោចដើមចេកជ្វា» គឺរឹតតែធ្វើអោយភាពយន្តរឿង«កូនអើយម្ដាយខ្មោច»ទទួលបានការគាំទ្រ។ នៅមិនដឹងថាភាពយន្តមួយនេះ ទទួលបានផលចំណេញ ឬយ៉ាងណានោះទេ ដោយសារតែលោក ហេង តុលា ថាបានចំណាយខ្ពស់ និងថាការត្រលប់មកផលិតរឿងមួយនេះ គឺចង់អោយមហាជននឹកឃើញស្នាដៃចាស់ៗរបស់លោកជាថ្មី ច្រើនជាងចង់បានផលចំណេញ។ តារាសម្ដែងក្នុងភាពយន្តនេះ ញញឹមបិទមាត់មិនជិតនោះទេ ជាពិសេសកញ្ញា រូហ្សា ដែលមិនធ្លាប់សម្ដែងសោះ ហើយបានដើរតួឯក បានក្លាយជាតារាសម្ដែងមានក្រេឌីតតែម្ដង ដោយសារតែភាពយន្តនេះកំពុងផ្ទុះនាពេលនេះ៕


LEAVE A REPLY

Please enter your comment!
Please enter your name here