សាហាវណាស់ ព្រហ្ម ប្រសិទ្ធី ចោរដេញប្លន់កណ្ដាលយប់

0

កាលពីពាក់កណ្ដាលយប់ថ្ងៃទី២៤ តុលា តារាសម្ដែងលោក ព្រហ្ម ប្រសិទ្ធី បានអះអាងថាក្រុមចោររហូតដល់២ម៉ូតូឯណោះ បានដេញតាមលោក ដោយលោកបានសន្មត់ថា ប្រសិនបើតាមទាន់ គឺពិតជាប្លន់ម៉ូតូ និងគ្រឿងអលង្ការនៅជាប់នឹងខ្លួនលោកយ៉ាងប្រាកដ ដោយសារតែក្រុមចោរនោះបានជិះម៉ូតូតាមលោកទាំង៣ម៉ូតូ ក្នុងពេលដែលលោកចេញពីថត ហើយជិះចំផ្លូវស្ងាត់នៅម្ដុំស្ដុបបូកគោ។
លោកថាក្រុមចោរបានជិះម៉ូតូស្កុពីផង និងម៉ូតូម៉ាកផ្សេងផង ហើយសំណាងដែលលោកហ៊ានបើកលឿនដែរ ទើបសកម្មភាពដេញប្លន់នោះបានត្រឹមតែប្រកៀកៗ ហើយស្ទាក់ម៉ូតូលោកមិនបាន។ លោកអះអាងថា សកម្មភាពដែលបានកើតឡើងគឺក្នុងអំឡុងម៉ោងជាង១១យប់ គឺក្រោយពីលោកចេញពីថត ហើយជិះម៉ូតូត្រលប់មកវិញ។

លោក ព្រហ្ម ប្រសិទ្ធី បញ្ជាក់ថា សកម្មភាពដេញតាមត្រូវបានធ្វើឡើងតាំងពីផ្លូវស្ងាត់នៅស្ដុបបូកគោ រហូតដល់មុខផ្ទះរបស់លោកតែម្ដង ទើបក្រុមចោរត្រលប់ទៅវិញ ខណៈដែលលោកបញ្ជាក់ថាបើនៅផ្ទះលោកមិនមានមនុស្សសោះ ហើយចាក់សោចូលផ្ទះមិនទាន់នោះទេ គឺពិតជាចោរដេញទាន់។ លោកនិយាយថា«យប់មិញគ្នាវា៣នាក់ ជិះ២ម៉ូតូដេញតាមខ្ញុំរហូត សំណាងដែលដល់វត្តសន្សំកុសល ខ្ញុំជិះតាមផ្លូវក្រឡុកក្រលៀត ទើបពួកវាពិបាកស៊ុតលឿនតាម…សំណាងមែនទែនគ្រាន់តែខ្ញុំចាក់សោចូលផ្ទះភ្លាម ពួកវាមកដល់មុខផ្ទះតែម្ដង កុំអីចប់ហើយអាចអស់របស់ហើយ មិនស្រួលវាវ៉ៃងាប់ទៀត!»។ លោកអះអាងថា នៅជាប់ខ្លួនលោកកាលពីពេលយប់មិញ គឺមានទាំងលុយកាក់ និងគ្រឿងអលង្ការ ដោយសារតែពេលលោកថត លោកដាក់ទៅពាក់អាស្រ័យទៅតាមសាច់រឿង ដើម្បីកុំអោយខ្វះចន្លោះ។ យ៉ាងណាមិញ លោកថាស្ថានភាពដេញប្លន់មិនគួរកើតឡើងនៅកណ្ដាលភ្នំពេញនោះទេ ខណៈដែលលោកប្រកាសថាបើអ្នកស្លន់ហើយជិះមិនបានលឿន គឺពិតជាចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here