គួរសរសើរ ម្ចាស់ហាងសាឡនធំមួយ នៅតែសម្រេចគោលដៅទៅសិក្សាជំនាញបន្ថែម នៅក្រៅស្រុក

0

ខុសពីអ្នកឯកទេសផាត់មុខកូនក្រមុំ ដែលមានទីផ្សារមួយចំនួន ដែលរវល់កើបលុយ ឬ មិនចង់ដកឃ្លាដើម្បីទៅបន្តក្រេបយកជំនាញ និង ចំណេះបន្ថែម សម្រាប់អ្នកឯកទេសវ័យក្មេង លោក លុច រ៉ាយុទ្ធ ដែលតារាល្បីៗនៅកម្ពុជា និង តារាអនឡាញរាប់មិនអស់ទុកចិត្តពីថ្វីដៃ បែរជាសុខចិត្តចំណាយប្រាក់ និង ទុកចោលមុខជំនួញ ដើម្បីទៅបន្តក្រេបយកចំណេះបន្ថែម ដែលកាន់តែធ្វើអោយគេមើលឃើញថា លោកកំពុងបង្កើនសមត្ថភាព ក្នុងពេលដែលលោកត្រូវបានគេដឹងពូកែក្នុងជំនាញសឡន ជាពិសេសគឺពូកែផាត់មុខកូនក្រមុំរួចទហើយ។

តារាល្បីៗ និង អ្នកធ្លាប់អោយលោកផាត់មុខច្រើនណាស់ សម្ដែងការកោតសរសើរ និង លាន់មាត់ថា លោកគឺជាម្ចាស់សាឡន ដែលពោរពេញដោយមហិច្ចតាខ្ពស់ ហើយក៏ហ៊ានលះបង់ទាំងពេលវេលា និង ប្រាក់កាស ដើម្បីពង្រីកសមត្ថភាពរបស់ខ្លួន អោយកាន់តែឈានឡើងផងដែរ ដើម្បីអោយកាន់តែមានទំនុកចិត្ត ដែលនេះអាចចាត់ទុកថា គឺជាយុទ្ធសាស្ត្រមួយដ៏មានប្រសិទ្ធភាព សម្រាប់អាជីវកម្ម ដែលត្រូវការការប្រកួតប្រជែងនោះ។

លោក លុច រ៉ាយុទ្ធ បានលើកឡើងថា បើទោះជាលោកមានជំនាញសាឡនច្បាស់លាស់ ហើយទទួលបានភាពជោគជ័យនៅក្នុងវិស័យនេះដល់ថ្នាក់រកពេលសម្រាកមិនបានក៏ដោយ ក៏លោកនៅតែយល់ថាចំណេះជំនាញដែលមានសព្វថ្ងៃ ត្រូវតែពង្រឹង និង អភិវឌ្ឍន៍ ដោយមុនអាចបញ្ឈប់ត្រឹមពាក្យថា ប៉ុណ្ណឹងគ្រប់គ្រាន់បានទេ។ លោកថាសប្បាយចិត្ត ដែលបានទៅសិក្សាជំនាញបន្ថែមនៅក្នុងប្រទេសថៃ ខណៈដែលជំនាញដែលលោកទើបរៀនបញ្ចប់ គឺជាជំនាញដែលកាន់តែអាចអោយលោកយកមកពង្រឹងគុណភាពសឡន ហើយធ្វើអោយលោកទទួលបានចំណេះដឹងថ្មីៗ។ លោកថាចំណេះជំនាញ ដែលលោកបានចេះកន្លងមក បើទោះជាមានការស្រាវជ្រាវបន្ថែម ប៉ុន្តែមិនអាចគ្រប់ជ្រុងជ្រោយ ដូចគ្នានឹងទៅរៀនបន្ថែមដោយផ្ទាល់ជាមួយអ្នកជំនាញ ដែលស្ថិតនៅក្នុងប្រទេសស៊ីវិល័យប៉ុណ្ណោះ ទើបអាចអោយលោកកាន់តែយល់ដឹងច្បាស់ ពីជំនាញផាត់មុខ ធ្វើសក់ និង ជំនាញជាច្រើនទៀត ដែលចាំបាច់ ហើយទាន់សម័យក្នុងវិស័យសាឡន។

ក្រោយបញ្ចប់ការសិក្សានៅក្នុងប្រទេសថៃនេះ លោកមិនគ្រាន់តែយកសញ្ញាប័ត្រថ្មី ដែលទើបទទួលបានយកមកបង្ហាញភ្ញៀវតែម្យ៉ាងនោះទេ តែលោកក៏នឹងគាស់កកាយយកចំណេះទាំងនោះ យកទៅបង្ហាញបង្ហាញដល់ជាងប្រចាំហាងទាំងអស់ ដើម្បីជួយអភិវឌ្ឍន៍អ្នកផាត់មុខប្រចាំហាង អោយមានឱកាសបានស្វែងយល់ពីរបៀបថ្មីនៃវិស័យផាត់មុខផង និង ដើម្បីអោយភ្ញៀវប្រចាំហាង លុចសាឡន និង ស្ទីឌីយោ ទាំងអស់ អាចបម្រើសេវាកម្មបានល្អ និង មានទំនុកចិត្តអោយភ្ញៀវដូចៗគ្នា ដោយមិនចាំបាច់ទាល់តែជួបលោកដែលជាម្ចាស់សាឡន។ លោកក៏នឹងពង្រឹងសេវាកម្មផាត់មុខ និង ថតរូបជូនភ្ញៀវអោយកាន់តែល្អ ដើម្បីអោយអាជីវកម្មសព្វថ្ងៃ កាន់តែមានការគាំទ្រផងដែរ ស្របពេលដែលលោកក៏ប្រកាន់ជំហរថ្វីត្បិតតែទើបតែបញ្ចប់ការសិក្សាបន្ថែមដែលជាជំនាញចាំបាច់ នៅក្នុងប្រទេសថៃ តែលោកក៏នឹងបន្តស្វែងរកការសិក្សាអោយស្របបច្ចេកវិទ្យា ដើម្បីអោយទាន់នឹងការរីកចំរើនក្នុងវិស័យសាឡន ហើយក៏ដើម្បីបង្កើនធនធាន អោយខ្លាំងដូចគ្នានឹងប្រទេសទំនើប តាមតែអាចធ្វើទៅបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here