Rith Omega ប្រកាសចុះបញ្ជីស៊ុបខ្យង ធ្វើជាកម្មសិទ្ធិផ្ដាច់មុខ

0

បន្ទាប់ពីទទួលជោគជ័យក្នុងការបង្កើតមុខម្ហូបស៊ុបខ្យង និងស៊ុបខ្យងតុងយ៉ាំ ក្នុងអាជីវកម្មអាហារដ្ឋានអូមេហ្គានៅកោះពេជ្រ ផលិតករល្បីឈ្មោះប្រចាំផលិតកម្មថោន លោក រិទ្ធ អូមេហ្គា (Rith Omega) បានថ្លែងបញ្ជាក់ថាលោកនឹងសុំសិទ្ធិចុះបញ្ជីមុខម្ហូបស៊ុបខ្យងដែលកំពុងល្បីប្រចាំហាង ធ្វើជាកម្មសិទ្ធិផ្ដាច់មុខ បន្ទាប់ពីមុខម្ហូបស៊ុបខ្យង ទទួលបានការគាំទ្រ ហើយមានហាងជិតខាងបានបើកជំនួញប្រជែងដែរ។ លោក សម្ដែងអារម្មណ៍បប្រតិកម្មយ៉ាងខ្លាំង ដែលមុខម្ហូបស៊ុបខ្យង ត្រូវបានហាងមួយចំនួន ជាពិសេសហាងជិតខាងចម្លងតាម ហើយធ្វើអោយមានការភាន់ច្រលំថាជាម្ហូបប្រចាំហាងលោកធ្លាក់ដៃជាមុន ខណៈដែលភ្ញៀវមួយចំនួន បានអះអាងថាក្រោយហូបស៑ុបខ្យងពីហាងផ្សេងមានអាការៈរាគរូស។

លោក រិទ្ធ អូមេហ្គា និយាយថា ទីតាំងហាងអូមេហ្គានៅកោះពេជ្ររបស់លោក នៅត្រង់ចំណុចតូបមួយ គឺមានតែតុនៅផ្នែកខាងមុខប៉ុណ្ណោះ ចំណែកនៅផ្នែកខាងក្រោយគឺជាទីតាំងតុរបស់ហាងក្បែរខាងនោះទេ អ៊ីចឹងហើយទើបអ្នកចូលទទួលទាន ដែលស្មានថាជាបរិវេណហាងលោកយល់ថាច្រលំថាស៊ុបខ្យងលោកធ្លាក់ដៃ។ លោកនិយាយថា«នៅជិតហាងខ្ញុំក៏មានលក់ស៊ុបខ្យងផងដែរ ហើយខ្ញុំចង់បញ្ជាក់ថា បើអ្នករត់តុមិនមានពាក់អាវប្រចាំហាង គឺមានន័យថាមិនមែនមុខម្ហូបរបស់ Omega ទេ ទើបលោកមានអារម្មណ៍ភ្ញាក់ផ្អើលនៅពេលអ្នកបានហូបស៊ុបនៅក្បែរខាងលោក ប្រាប់ថាហូបហើយរាគរូស ហើយមានអ្នកខ្លះយល់ថាតុនៅផ្នែកខាងក្រោយតូបខ្ញុំមួយជ្រុង ជាហាងរបស់ខ្ញុំ»។

លោកអះអាងថា លោកមិនចង់សំដៅទៅហាងណាមួយនោះទេ បើទោះជាមានមុខជំនួញដូចគ្នា ហើយចម្លងមុខម្ហូបពីហាងរបស់លោកក្ដី តែអ្វីដែលលោកចង់បញ្ជាក់ គឺហាងរបស់លោកទទួលខុសត្រូវរឿងគុណភាពអាហារ ហើយដរាបណាទីតាំងក្នុងបរិវេណហាងលោក មិនមានបុគ្គលិកពាក់អាវយឺតប្រចាំហាងអូមេហ្គាទេ នោះមិនមែនជាហាងរបស់លោកឡើយ ដោយសារតែភាពជាក់ស្ដែង គឺនៅកោះពេជ្រ ទីតាំងហាងរបស់លោកជួលមិនបានទាំងមុខ និងក្រោយនោះទេ គឺផ្នែកមួយជួលបានតែខាងមុខប៉ុណ្ណោះ តែផ្នែកខាងក្រោយតូបគឺជាតុរបស់ហាងផ្សេង។ លោកថាស៊ុបខ្យង និងស៊ុបខ្យងតុងយ៉ាំ សុទ្ធតែច្នៃចេញពីខ្យងខ្មែរសុទ្ធ ហើយមិនប្រើចំណែកសាច់ដែលអាចប៉ះពាល់សុខភាព ឬសារជាតិគ្រឿងផ្សំ ដែលបង្កអោយរាគ ឬមានបញ្ហានោះឡើយ។ អុីចឹងហើយទើបមុខម្ហូបនេះ ទទួលបានការគាំទ្រខ្លាំងក្លា រហូតដល់លោកសុំសិទ្ធិចុះបញ្ជី ព្រោះតែមុខម្ហូបនេះជាម្ហូបបង្កើតថ្មីប្រចាំហាង ហើយសូម្បីតែរូបមន្តក៏មិនអាចមានអ្នកណាធ្វើបានរសជាតិដូចម្ហូបស៊ុបខ្យងរបស់លោក។ លោកបានបង្ហើបថា ឯកសារសុំសិទ្ធិផ្ដាច់មុខរបស់ខ្លួនចេញទទួលបានជាផ្លូវការហើយ បន្ទាប់ពីលោករៀបចំឯកសារឆ្លងកាត់ក្រសួង៕

LEAVE A REPLY

Please enter your comment!
Please enter your name here