ចឹងសោះ! បានតារាចម្រៀង ហេង ពិសិដ្ឋ បាត់ឈឹងពីអាជីពចម្រៀង

0

ប្រមាណជា៣ឆ្នាំមកហើយ ដែលតារាចម្រៀងលោក ហេង ពិសិដ្ឋ ស្ងាត់អោយឈឹងពីការងារជាអ្នកចម្រៀង ដោយក្រៅពីខ្វល់នឹងរឿងចូលជ្រកផលិតកម្ម ក៏លោកមិនខ្ចីនឹងចំណាយពេលផលិតបទចម្រៀងផ្ទាល់ខ្លួន ប្រកួតប្រជែងទីផ្សារនោះដែរ។ យ៉ាងណាមិញ មានការបញ្ជាក់ថាដោយសារតែលោកកំពុងកាក់កបនឹងការងារដែលបន្តឡើងតំណែងដូចកាំជណ្ដើរ ទើបលោកមិនខ្វល់ពីការច្រៀងរាំ តែនៅតែបង្ហាញមុខក្នុងសិល្បៈក្នុងកម្មវិធីជួបជុំមិនឃ្លាតឆ្ងាយ។

លោក ហេង ពិសិដ្ឋ បានទទួលស្គាល់ លោកពិតជាស្ទើរតែបំភ្លេចអាជីពចម្រៀងដែលធ្លាប់ជួយអោយលោកមានឈ្មោះបោះសំឡេងកាលពីគ្រាមុនមែន ចាប់តាំងពីលោករៀបការ ហើយបានចូលបម្រើការនៅក្នុងធនាគាមួយ ដោយមានទាំងតំណែងធំដុំផងនៅមួយរយៈចុងក្រោយ។

លោកកាន់តែបោះបង់អាជីពបង្ហើសំនៀងដាក់ក្បាលមេក្រូនេះទៅទៀត បន្ទាប់ពីលោកបានបោះទុនបើកដំណើរការក្រុមហ៊ុន Express Entertainment ដែលជាត្រូវគេស្គាល់ថាជាក្រុមហ៊ុនទទួលរៀបចំព្រឹត្តិការណ៍ ពិធីការ និងទទួលផ្សព្វផ្សាយលើបណ្ដាញសារព័ត៌មានក្នុងស្រុកធំមួយ ដែលមានការទទួលស្គាល់។

លោកអះអាងថា មិនមែនលោកមើលស្រាលអាជីពចម្រៀងនោះទេ ប៉ុន្តែលោកថារយៈពេលកន្លងមកដែលលោកបានដើរតួជាអ្នកចម្រៀង គឺបានតែល្អមើលប៉ុណ្ណោះ ទើបក្រោយពេលលោកបានតំណែងនៅក្នុងធនាគារធំមួយ និងបានតួនាទីក្នុងក្រុមហ៊ុនផ្នែករៀបចំព្រឹត្តិការណ៍ និងទទួលផ្សព្វផ្សាយ ក៏បោះចោលអាជីពនោះលែងនឹកនា ខណៈដែលលោកយល់ថាបើទោះជាប្រឹងបន្តអាជីពចម្រៀងក៏នឹងប៉ះពាល់ការងារនៅក្នុងពេលនេះ។

លោក ហេង ពិសិដ្ឋ និយាយថារាល់ថ្ងៃក្រុមហ៊ុន Express Entertainment ដែលលោកបង្កើតឡើង បានទទួលការគាំទ្រយ៉ាងខ្លាំង ដោយលោកបានទទួលឱកាសរៀបចំព្រឹត្តិការណ៍បើកសម្ពោធហាង និងក្រុមហ៊ុនធំៗជាច្រើន ដោយក្រៅពីទទួលចាត់ចែងពិធីការ និងព្រឹត្តិការណ៍ទាំងមូល លោកក៏ទទួលធ្វើពិធីករក្នុងការងារដែលលោកដេញបាននោះផង។ អ៊ីចឹងហើយទើបលោកយល់ថាខ្លួន មិនបានបោះបង់អាជីពសិល្បៈនោះទេ ដោយគ្រាន់តែវិវត្តន៍ខ្លួនពីតារាចម្រៀង ដែលរង់ចាំតែផលិតកម្មទម្លាក់បទអោយ និងរង់ចាំតែខាងកម្មវិធីហៅឡើងឆាក ប្ដូរមកជាអគ្គនាយកក្រុមហ៊ុនខាងផ្នែកពិធីការ និងទទួលសេវាកម្មផ្សព្វផ្សាយ ហើយបើទោះជាចង់ច្រៀង ឬធ្វើពិធីករ ក៏មានភាពងាយស្រួលមិនដូចមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here