អតីតម្ចាស់ពានមហោរី លោក ខែម សារិទ្ធ សម្ងំលើកស្ទួយសិល្បៈ នៅជប៉ុន

0

បង្ហាញខ្លួនមកលេងស្រុកកំណើត កាលពីថ្ងៃទី២៧ មេសា ឆ្នាំ២០២២ លោក ខែម សារិទ្ធ ដែលត្រូវបានគេស្គាល់ថា គឺជាម្ចាស់ពានការប្រលងចម្រៀងមហោរី កាលពីឆ្នាំ២០១៦ នៅទូរទស្សន៍បាយ័ន បានអះអាងថា លោកកំពុងរស់នៅ និង ធ្វើការនៅក្នុងប្រទេសជប៉ុន និង កំពុងដើរតួជាអ្នកគ្រប់គ្រងសិល្បៈ នៅក្នុងសមាគមរួបរួមពលរដ្ឋកម្ពុជា-ជប៉ុន នៅក្នុងប្រទេសជប៉ុន។ លោកថាខ្លួនទៅរស់នៅប្រទេសជប៉ុនប្រមាណជា៤ឆ្នាំហើយលោកក៏សប្បាយចិត្តផងដែរ ដែលលោកស្រី ឆោម ស្រស់ ជាប្រធានសមាគម បានផ្ដល់ឱកាសអោយលោកបានដឹកនាំសិល្បៈ ដើម្បីផ្សព្វផ្សាយសិល្បៈ វប្បធម៌ខ្មែរ តាមរយៈការបង្កើតសកម្មភាពផ្សេងៗនៅទីនោះ។

លោកចុះមកលើកនេះ គឺដើម្បីមកទិញសម្ភារៈ និង ឧបករណ៍ភ្លេងខ្មែរ ដើម្បីយកទៅបង្ហាញកូនខ្មែរនៅជប៉ុន និង ដើម្បីអោយខ្មែរនៅទីនោះ បានសម្ដែង នៅក្នុងកម្មវិធីវប្បធម៌មួយ ដែលជប៉ុនរៀបចំធ្វើនាពេលខាងមុខ។ លោកសប្បាយចិត្ត ដែលបានបង្ហាញសមត្ថភាព និង ជួយការងារសិល្បៈ ដល់សមាគមរួបរួមពលរដ្ឋកម្ពុជា-ជប៉ុន និងបានបម្រើសិល្បៈវប្បធម៌ខ្មែរ នៅលើទឹកដីជប៉ុន។ នៅជប៉ុន លោកក៏ត្រូវបានគេស្គាល់ថា គឺជាតារាចម្រៀងខ្មែរមួយរូប ដែលមានពលករខ្មែរ និង ជប៉ុនទទួលស្គាល់ពីទឹកដមសំលេងផងដែរ បើទោះជាក្រោយប្រលងចម្រៀងជាប់លេខ១ លោកមិនបានប្រឡូកសិល្បៈជោគជាំ ហើយមានអ្នកក្នុងស្រុកស្គាល់ច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here