តារាល្បីៗ ប្រកាសត្រៀមបិទសង្ក្រាន្តវត្តត្រពាំងគង នៅកំពង់ស្ពឺ

0

មិនខុសពីសង្ក្រាន្តនានាដែលខ្លះបានបញ្ចប់ និង ខ្លះនៅបន្ត សម្រាប់សង្ក្រាន្តនៅវត្តត្រពាំងគង ក្នុងខេត្តកំពង់ស្ពឺឯណោះវិញ ក៏មើលទៅគគ្រឹកគគ្រេងណាស់ដែរ ខណៈដែលសង្ក្រាន្តនេះ ប្រកាសបិទនៅល្ងាចថ្ងៃទី១៨ មេសា ឆ្នាំ២០២២ ក្រោមវត្តមានសុទ្ធតែតារាល្បីៗ។ នេះក៏ចាត់ទុកថាគឺជាវត្តមានតារាៗដែលមានប្រជាប្រិយភាពខ្លាំង ដែលនឹងធ្វើអោយសង្ក្រាន្តមួយនេះ បញ្ចប់ដោយភាពកក្រើកផងដែរ។

សង្ក្រាន្តដែលជាមហាសង្ក្រាន្តធំមួយនៅលើទឹកដីខេត្តកំពង់ស្ពឺមួយនេះ ត្រូវបានគេដឹងថារៀបចំដោយសប្បុរសជនល្បីឈ្មោះមួយយរូបប្រចាំខេត្តកំពង់ស្ពឺ គឺ ឯកឧត្តម ប៊ុត ចន្ថា និង លោកជំទាវ ឆិល លក្ខិណា ដែលជាមន្ត្រីរាជការផង និង ជាអ្នកជំនួញផង។ លោកទាំងពីរធ្លាប់បានរៀបចំព្រឹត្តិការណ៍អ៊ុំទូកធំដុំ នៅក្នុងបរិវេណទីអារ៉ាមនោះ ជាច្រើនលើកមកហើយ ដោយឡែកនៅថ្ងៃចូលឆ្នាំខ្មែរឆ្នាំនេះ ឯកឧត្តម និង លោកជំទាវ មិនត្រឹមតែបានចំណាយធនធានដ៏ច្រើនផ្ទាល់ខ្លួនជាមួយនឹងគណកម្មការវត្ត ដើម្បីអោយមានសង្ក្រាន្តធំមួយ អោយបងប្អូនបានលេងសប្បាយតែម្យ៉ាងនោះទេ តែក៏បានចំណាយធនធានបរិច្ចាគជាអំណោយជូនដល់ពលរដ្ឋ និង ប្រជាការពារ ដើម្បីលើកទឹកចិត្តក្នុងឱកាសឆ្នាំថ្មីផងដែរ។ អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ទៅទៀតនោះ គឺតារាល្បីៗច្រើនណាស់ បានប្រកាសបង្ហាញខ្លួននៅថ្ងៃបិទបញ្ចប់សង្ក្រាន្តនាល្ងាចថ្ងៃទី១៨ មេសា នេះ ដោយនឹងមានការច្រៀងរាំកំដរដល់យប់ ស្របពេលដែលសង្ក្រាន្តមួយនេះ មានភាពអធឹកអធមស្រាប់។

តារាល្បីដែលត្រូវបានគេដឹងថានឹងបង្ហាញខ្លួន ដើម្បីបញ្ចប់កម្មវិធីសង្ក្រាន្តនេះរួមមាន អ្នកនាង រ័ត្ន រចនា ដែលល្បីបទ”ម៉េម៉ាយសប្បាយចិត្ត” កញ្ញា ឈិន ម៉ានិច្ច កញ្ញា បាន មុន្នីលក្ខណ៍ លោក សំ សុវណ្ណារ៉ាក់ លោក សុធា ពិសិដ្ឋ លោក សុណ្ណារ៉ា លោក ប៊ុត សីហា នាយ ចឺម លោក ខាន់ជេមស៍ លោក ម៉ៅ ហាជី និង តារាប្រុសស្រីល្បីឈ្មោះជាច្រើនដួងទៀត។

ការរៀបចំសង្ក្រាន្តនេះ ក៏ដើម្បីអោយបងប្អូនដែលរស់នៅជិតខាង និង ប្រជាការពារ ដែលឯកឧត្តម ប៊ុត ចន្ថា ធ្លាប់បានសន្យាកាលពីមុនមានការអនុញ្ញាតិអោយជួបជុំដោយសេរីថា បើពេលណាប្រទេសលែងមានការហាមប្រាម ឯកឧត្តម និង លោកជំទាវ នឹងធ្វើពិធីសប្បាយៗអោយធំដុំ ដើម្បីជាការលើកទឹកចិត្ត ហើយមិនខុសពីការសន្យាគឺសង្ក្រាន្តធំមួយពិតជាបានកើតឡើង ហើយអ្វីដែលអ្នកស្រុកអ្នកភូមិកាន់តែរំភើបចិត្ត គឺនៅពេលមានការប្រកាសថា តារាល្បីៗនឹងចូលរួមច្រៀងរាំ ដើម្បីបិទសង្ក្រាន្ត ដែលអ្នកទៅលេងភាគច្រើនចង់ឃើញតារាល្បីៗទាំងនេះដោយផ្ទាល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here