ស្វាគមន៍ឆ្នាំថ្មីនេះ ស្រីអូន និងស្វាមី លេងមួយចាស់ដៃធ្វើព្រឹត្តិការណ៍សង្ក្រាន្តធំៗផ្ទួនគ្នាដល់ទៅ2កន្លែង

0
- Advertisement Banner -

រយះពេល២ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋខ្មែរខកខានការចូលរួមលេងសប្បាយជាមួយនឹងពិធីបុណ្យចូលឆ្នាំខ្មែរដោយសារតែបញ្ហា កូវិត ១៩។ ប៉ុន្តែបន្ទាប់ពីមានការបើកភ្លើងខៀវពីរាជរដ្ឋាភិបាល ស្រីអូន សម្រស់ធម្មជាតិ និងស្វាមីបានបង្កើតកម្មវិធីសង្រ្កាន្តដល់ទៅ ២កន្លែងព្រមគ្នាក្នុងពេលតែមួយ ដែលប្រពឹត្តិទៅនៅ រាជធានីភ្នំពេញ នៅក្នុងគម្រោង បុរី បុស្បា និងមួយទៀតគឺនៅទំនប់ពាមល្វា ជើងភ្នំឱរ៉ាល់។ សង្រ្កាន្តទី១គឺមានឈ្មោះថា “សង្រាន្តម្លប់ឆ័ត្របុស្បា” ដែលធ្វើឡើងនៅថ្ងៃទី ០៩ និង ១០ ក្នុងទីតាំងរបស់បុរីបុស្បាផ្ទាល់ ដែលស្ថិតក្នុងភូមិត្រពាំងចាក សង្កាត់ព្រៃវែងខាងលិច ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សង្រ្កាន្តម្លប់ឆ័ត្រនេះមានលក្ខណៈពិសេសខុសពីគេដាច់តែម្តង ព្រោះវាមានអត្ថន័យចង់សំដៅទៅលើការយកឆ័ត្រមកគ្រងជាម្លប់ត្រជាក់ត្រជុំសម្រាប់ប្រជាជនខ្មែរនាខែចូលឆ្នាំថ្មី នេះ ក្នុងនោះទៀតសោតចំពោះការតុបតែងក្នុងកម្មវិធីទាំងមូលវិញគឺមានការលម្អទៅដោយឆ័ត្រចម្រុះពណ៌គួរជាទីទាក់ភ្នែកហែរហមតាមដងផ្លូវចូល ហើយក៏មានឆ័ត្រយក្សដ៏ធំផងដែរនៅក្នុងទីលាននៃ កម្មវិធីទាំងមូលផងដែរ។ ក្នុងកម្មវិធីដែរ មានវត្តមានសិល្បករ សិល្បការិនី ជើងចាស់ រួមនឹងតារាល្បីៗជាច្រើនរូបចូលរួមដូចជា៖ លោកស្រី ហឹមស៊ីវន, លោក ណយវណ្ណេត, លោក សុសម៉ាច, កញ្ញា មាសសុខសោភា, លោក ដួង វិរៈសិទ្ធ, លោក ជីដេវីត និងកញ្ញា ទេពបូព្រឹក, នាយចឺម , ថម ,បាលី, អាតី វៃម៉ាលុយ និងតារានៅក្នុងផលិតកម្មរាមជាច្រើននាក់ទៀតផងដែរ។ ក្រៅពីនោះក៏មានការលេងល្បែងប្រជាប្រិយខ្មែរ និងកម្មវិធីកម្សាន្តប្លែកៗជាច្រើនផងដែរ។

ចំណែកសង្រ្កាន្តទី២ វិញគឺមានឈ្មោះថា “បៃតង សង្រ្កាន្ត” ដែលធ្វើឡើងនៅថ្ងៃទី ០៨-០៩-១០ នៅក្នុងភូមិទំនប់ពាមល្វា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (ភ្នំឱរ៉ាល់) ដែលផ្តួចផ្តើមគំនិតដោយ លោក តាន់ គឹមសួរ ជាអ្នកដឹកនាំក្នុងកិច្ចការងារនេះ រួមជាមួយក្រុមយុវជនស្ម័គ្រចិត្ត ព្រមជាមួយ ប្រជាជនក្នុងតំបន់ផងដែរ។ ក្នុងនោះផងដែរកម្មវិធី សង្រ្កាន្តមួយនេះ គឺធ្វើការផ្សារភ្ជាប់ទៅនឹងការដាំដុះកូនឈើមួយលានដើមនាឆ្នាំមុន ដែលស្រីអូនជាមួយស្វាមី ក៏ដូចជាក្រុមការងារបាននាំគ្នាចុះទៅបាចគ្រាប់ពូជកូនឈើដោយប្រើឧត្ថម្ភាគចក្រក្នុងយុទ្ធនាការ “រួមគ្នាដើម្បីព្យាបាលដំបៅផែនដី”​ ផងដែរ។

ក្នុងនោះ កម្មវិធី បៃតង សង្រ្កាន្ត ក៏នឹងមានការបង្ហាញពីកម្មវិធីវប្បធម៌ខ្មែរ​ជាច្រើនដូចជា​ របាំខ្មែរ ,ល្ខោនខោល, ល្បុក្កតោ និងល្បែងប្រជាប្រិយផ្សេងៗ ការលក់ម្ហូបអាហារឆ្ងាញ់ៗបែបជនបទ ការជួបជុំរាំលេងសប្បាយជាមួយអ្នកភូមិ និងមានការចូលរួមពីសិល្បករ សិល្បការិនី តារាល្បីៗរួមមាន៖ លោក ពាក់មី, លោក ខាន់ជេម៍, លោក ប៉ែនចំរ៉ុង, លោក ញ៉ែមសំអូន, លោក ម៉ាដូណា, លោក អេឡិចហ្សូរ៉ា, លោក សាយ សៀរ៉ា, កញ្ញា សុភ័ក្ត្រកុសុមៈ, កញ្ញា ឈិន ម៉ានិច, កញ្ញា នីមុន្នីនាថ, កញ្ញា ជីជី, កញ្ញា ពេជ្រចរណៃ និងតារាស្ម័គ្រចិត្តជាច្រើនរូបទៀត។

គួរបញ្ជាក់ផងដែរថា កម្មវិធី “បៃតង សង្ក្រាន្ត” នេះត្រូវបានចំណាយថវិការអស់ខ្ទង់ប្រមាណជិត ១០ ម៉ឺន ដុល្លារ ឯណោះ និងត្រូវបានសហការជាមួយក្រសួងពាក់ព័ន្ធជាច្រើនស្ថាប័នដូចជា ក្រសួងបរិស្ថាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តកំពង់ស្ពឺផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here