កម្មករមានសេចក្តីរីករាយ និងចាប់ផ្តើមមានដង្ហើមដក បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយអង្គការ Helen Keller International Cambodia ដើម្បីចាប់ផ្តើមគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់ស្រ្តី និងកម្មករនៅកន្លែងធ្វើការ និងរោងចក្រ។ គាំទ្រដោយកម្មវិធី GIZ-MUSEFO ការចុះអនុស្សរណៈនេះដើម្បីស្វែងរកការលើកកម្ពស់សុខភាព និងសេដ្ឋកិច្ចរបស់កម្ពុជា។ តាមរយៈកម្មវិធីនេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ (CUMW) បានសម្តែងការរំពឹងទុកថា បន្ទាប់ពីគម្រោងនេះទទួលបានជោគជ័យ សុខភាពកម្មកររោងចក្រនឹងល្អប្រសើរឡើង ដែលនឹងជួយបង្កើនផលិតកម្មសម្រាប់អ្នកវិនិយោគបានច្រើនជាងមុន។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងបន្ទាប់ពីសង្ខេតឃើញថាកម្មកររោងចក្របានជួបឧប្បត្តិហេតុដួលសន្លប់ដោយសារអាហារកង្វះសារធាតុចិញ្ចឹមដោយសារតែកម្មករញុំាតែអាហារដែលមានគុណភាពមិនសូវល្អ និងខ្វះជីវជាតិ ក្នុងគោលបំណងសន្សំប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ។