ភោជនីយដ្ឋានបាយ័ន សាខាទី4 បង្ហាញខ្លួនជាផ្លូវការនៅខណ្ឌសែនសុខ

0

មិនខុសពីការសន្យាកាលពីចុងឆ្នាំ២០២០ ពេលនេះក្រុមហ៊ុន Bayon Group បានប្រកាសបើកសម្ពោធភោជនីយដ្ឋានបាយ័នសាខាទី៤ របស់ខ្លួនជាផ្លូវការហើយ កាលពីថ្ងៃទី ២៧ មករា ឆ្នាំ២០២២។ សាខាថ្មីនេះ ត្រូវបានគេដឹងថា បានចំណាយអស់ប្រាក់ច្រើនម៉ឺនដុល្លារ ហើយជាទីតាំងមួយដ៏ល្អ ក្នុងខណ្ឌសែនសុខ ដែលមានទីតាំងនៅក្បែរស្ថុបមន្ទីរពេទ្យសែនសុខ ហើយស្ថិតនៅលើផ្លូវធំ។


លោកស្រី ថេ ដាឡែន អគ្គនាយិកាក្រុមហ៊ុនបាយ័នគ្រុប បានថ្លែងក្នុងពិធីកាត់ខ្សែបូរនោះថា ភោជនីយដ្ឋានបាយ័នសាខាសែនសុខ គឺជាសាខា ដែលក្រុមហ៊ុនបានលក់សិទ្ធិទៅអោយដៃគូភាគហ៊ុនដំបូងគេ បន្ទាប់ពីក្រុមហ៊ុនដំណើរការបាន៣សាខាដោយខ្លួនឯង ហើយមានឈ្មោះបោះសំលេង។ ទីតាំងថ្មីនេះ គឺតំណាងដោយដៃគូដែលជាអ្នកទទួលសិទ្ធិ គឺលោក បែន រ័ត្នបូរី ដោយសាខានេះ ត្រូវបានរៀបចំ និង បម្រើសេវាកម្មលក់ដូរដូចគ្នានឹងភោជនីយដ្ឋានបាយ័នទាំងអស់។ លោកស្រីថា នេះគឺជាសញ្ញាជោគជ័យថ្មីមួយ របស់ភោជនីយដ្ឋានបាយ័ន ដែលអាចពង្រីកសាខា និង ពង្រីកអាជីវកម្មរបស់ខ្លួន កាន់តែច្រើនជាងមុន ស្របពេលដែលភោជនីយដ្ឋានមួយនេះ ទទួលបានការគាំទ្រទាំងការចរចរណ៍លក់ដូរដោយផ្ទាល់ និង តាមរយៈការកុម្ម៉ង់លើអនឡាញ ដែលចាំបាច់តម្រូវអោយក្រុមហ៊ុនត្រូវតែពង្រីកសាខា។ ក្នុងពេលដ៏ខ្លី សាខាថ្មីៗ ក៏នឹងបង្ហាញខ្លួនផងដែរ បន្ទាប់ពីក្រុមហ៊ុនបានរៀបចំប្រព័ន្ធគ្រប់គ្រងកាន់តែប្រសើរ និង បានលក់សិទ្ធិអោយដៃគូវិនិយោគមួយចំនួន។

លោក បែន រ័ត្នបូរី តំណាងអោយម្ចាស់ភោជនីយដ្ឋានបាយ័នសាខាសែនសុខ បានថ្លែងអំណរគុណលោកស្រី ថេ ដាឡែន យ៉ាងខ្លាំង ដែលផ្ដល់ឱកាសអោយមានវត្តមានសាខាទី៤នៅកណ្ដាលទីប្រជុំជនសែនសុខនេះឡើង និង បានជួយចាត់ចែងធ្វើពិធីសម្ពោធយ៉ាងអធឹកអធម កាលពីថ្ងៃទី២៧ មករា ២០២២។ លោករំពឹងថាអាជីវកម្មជាទ្រង់ទ្រាយធំនេះ នឹងដំណើរយ៉ាងរលូន ដោយសារតែលោកស្រី ថេ ដាឡែន បានជួយជ្រើសទីតាំងយ៉ាងល្អ ជួយរៀបចំទាំងស្រុង និង រៀបចំប្រព័ន្ធគ្រប់គ្រងច្នាស់លាស់ ដែលធ្វើអោយលោកមើលឃើញពីភាពរឹងមាំ នៃភោជនីយដ្ឋានបាយ័នសាខាសែនសុខនេះ ក្នុងនាមជាអ្នកទិញសិទ្ធិធ្វើអាជីវកម្ម។ លោកកាន់តែរំភើបចិត្ត នៅពេលពិធីកាត់ខ្សែបូរបើកសម្ពោធ គឺក្រុមហ៊ុនបាយ័នគ្រុប របស់លោកស្រី បានរៀបចំធំដុំ ជួយលើកមុខ និង ធ្វើអោយទីតាំងនេះ ទទួលបានការចាប់អារម្មណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here