យោងតាមការទម្លាយផ្លូវការ គឺតារាកំប្លែងរូបនេះ និង លោក ហេងទ្រី ជាស្វាមី កំពុងសម្ងំរៀបចំបើកហាងពេជ្រធំមួយ នៅលើផ្លូវកម្ពុជាក្រោម ដោយហាងពេជ្ររបស់គូស្នេហ៍ស្រលាញ់ភេទមួយគូរនេះ ត្រូវបានគេអះអាងថា កំពុងជួលជុល និង ដេគ័រយ៉ាងដុតដៃដុតជើង ដើម្បីឆាប់រួចរាល់។ នេះមិនមែនគ្រាន់តែទម្លាយបែបមិនច្បាស់ការនោះទេ ដោយហាងពេជ្ររបស់ លោក ម៉ាដូណា និង ស្វាមី ក៏មិនមែនជាអាជីវកម្មឈរឈ្មោះអោយបុគ្គលណាមួយ ឬ គ្រាន់តែជាភាគហ៊ុនតូច ជាមួយដៃគូនោះដែរ តែគឺជាអាជីវកម្មផ្ដាច់មុខរបស់ខ្លួន ហើយទំនងជាពេលដ៏ខ្លី ក៏លោកត្រូវកាត់បន្ថយការងារសិល្បៈ និង ការជួបជុំផ្សេងៗផងដែរ ដើម្បីពង្រឹងមុខជំនួញ និង ដើម្បីរក្សាសុវត្ថិភាព ក្រោយពីក្លាយជាម្ចាស់ហាងពេជ្រ។ ការបង្ហើបពីក្រុមអ្នកជិតស្និទ្ធិ បានទម្លាយពាក់ព័ន្ធនឹងអាជីវកម្មបើកហាងពេជ្រ របស់ លោក ម៉ាដូណា និង ស្វាមីនេះថា ទីតាំងដែលលោកបានជ្រើសជាទីតាំងហាងពេជ្រនោះ គឺជួលរហូតដល់៣ល្វែងជាប់គ្នាលើផ្លូវធំ ដោយក្នងមួយខែគឺតម្លៃជាង៤ពាន់ដុល្លារ និងត្រូវបានកុងត្រាច្រើនឆ្នាំ។ លោក និង ស្វាមី កំពុងរៀបចំជួសជុល ដោយការឌីហ្សាញ និង កែកុន គឺចំណាយច្រើនម៉ឺនដុល្លារ ហើយក៏ទំនងជានឹងក្លាយជាហាងពេជ្រទ្រង់ទ្រាយធំលើផ្លូវកម្ពុជាក្រោម ម្ដុំសន្ធរម៉ុក ដែលជាទីប្រជុំជននៅកណ្ដាលរាជធានីផងដែរ។ មានការបង្ហើបថា គ្រាន់តែដើមទុនធ្វើហាង និងបោះទុនដំបូងគឺរង្វង់កន្លះលានដុល្លាររួចហើយ ដោយដើមទុនបើកឆាកដំបូងនេះ គឺមួយផ្នែកបានពីការលក់ខុនដូរដែលលោកបានទិញ មួយផ្នែកបានពីការលក់ដី និង មួយផ្នែកបានពីការងារសិល្បៈ។ លោកម៉ាដូណា កំពុងត្រៀមបម្រុងដើមទុនជាច្រើនម៉ឺនដុល្លារទៀត តែគេមិនទាន់ដឹងថា មានអ្វីនៅក្រោយខ្នងនោះទេ ទើបលោកហ៊ានបើកជំនួញលំដាប់អភិជនមួយនេះ ។
លោក ម៉ាដូណា ទទួលស្គាល់ថា លោក និង ស្វាមី ពិតជាកំពុងសម្ងំបើកហាងពេជ្រ ដូចដែលបានទម្លាយពីអ្នកសិល្បៈខាងលើពិតប្រាកដមែន ដោយលោកថា ហេតុផលនៃការរក្សាភាពស្ងប់ស្ងាត់ គឺដើម្បីខ្ចរខ្ចាយមុនរូបរាងហាងត្រូវបានរួចរាល់។ ជាមួយនឹងការបិតបាំងមិនជាប់នេះ លោករៀបរាប់ថា ហេតុផលដែលលោកហ៊ានបើកហាងពេជ្រនេះ គឺដោយសារតែលោកមានទំនាក់ទំនងជាមួយម្ចាស់ហាងពេជ្រពីរបីកន្លែង តាមរយៈធ្វើជាអ្នកផ្សព្វផ្សាយ ហើយយល់ដឹងច្រើនពីមុខជំនួញនេះ។
លោកបានទាំងចំណាយលុយសិក្សា និង ចំណាយពេលរៀនពីរបៀបមើលពេជ្រ អស់រយះពេល៣ខែនោះផង ហើយដោយសារតែមើលឃើញថា មុខរបរមួយនេះ ថ្វីដ្បិតតែចំណាយដើមច្រើន តែចំណេញក៏កប់ ទើបធ្វើអោយលោកសម្រេចបញ្ចេញខុនដូ និង ដីធ្លី ដែលបានទិញទុកមួយចំនួនដើម្បីចូលប្រឡូក។ តាមកុងត្រា គឺលោកនឹងយកតែពេជ្រ Color D យកមកលក់តែប៉ុណ្ណោះ តែជំនួញមួយនេះ គឺលោកហ៊ានប្រលូក ដោយសារតែលក្ខណ្ឌមានតែលុយតម្កល់ដំបូង ហើយលុះត្រាតែលក់ពេជ្រអស់ទើបបង្វិលដើមអោយនេះឯង។