មន្ត្រីទូត ចាត់ទុកថាការប្រគំតន្ត្រីចុងក្រោយ ជាព្រឹត្តិការណ៍ធំដាច់គេរបស់ខ្មែរ នៅកូរ៉េ

0

បើទោះជានៅក្នុងប្រទេសកូរ៉េ សំបូរពលករខ្មែររស់នៅ ប៉ុន្តែគេកត់សម្គាល់ថាការប្រគំតន្ត្រី និងព្រឹត្តិការណ៍កម្សាន្តដែលរៀបចំដោយក្រុមខ្មែរ មិនងាយទាក់ទាញអ្នកចូលរួមដល់រាប់ម៉ឺននាក់ អោយមកចូលរួមនោះទេ ដោយសារតែពលករខ្មែរដែលទៅបម្រើការនៅទីនោះរស់នៅឆ្ងាយៗគ្នា។

ប៉ុន្តែសម្រាប់វត្តមានសម្ដែងរបស់ លោក ព្រាប សុវត្ថិ លោក ឆាយ វិរៈយុទ្ធ អ្នកនាង ពេជ្រ សោភា និងតារាល្បីៗដែលទើបបញ្ចប់មុននេះ ត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ធំជាងគេនៅក្នុងប្រទេសកូរ៉េ ដោយសារតែមានអ្នកទស្សនាកកកុញ ដល់ថ្នាក់ស្ទើរមិនមានកន្លែងទស្សនា។ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជានៅក្នុងប្រទេសកូរ៉េបានថ្លែងកោតសរសើរយ៉ាងខ្លាំង ចំពោះវត្តមានសម្ដែងរបស់តារាចម្រៀងមួយក្រុមចុងក្រោយ ដែលដឹកនាំដោយលោក ឡេង ណាវ៉ាត្រា មុននេះ ដោយបានទាំងចាត់ទុកថាការដឹកនាំតារាអោយសម្ដែងមុននេះ ទទួលបានជោគជ័យលើសលប់នៅលើទឹកដីបរទេសនោះផង។

លោកថានាពេលកន្លងមកតារាខ្មែររួមមាន នាយកុយ នាយក្រឹម, លោក ខេមរៈ សិរីមន្ត, កញ្ញា ឱក សុគន្ធកញ្ញា, កញ្ញា មាស សុខសោភា, លោក ខេម, លោក ឆន សុវណ្ណរាជ, អ្នកនាង ខាត់ សុឃីម, លោក នេនទុំ, ពូឃ្លាំង, លោក ដួង វីរៈសិទ្ធ, និងតារាជាច្រើនទៀត ធ្លាប់បើកការប្រគំតន្ត្រីដែលទូតចាត់ទុកថាកក្រើកច្រើនលើកមកហើយ ប៉ុន្តែលោកនៅតែមើលឃើញថា ចំនួនអ្នកចូលរួមក្នុងការសម្ដែងរបស់ក្រុម លោក ព្រាប សុវត្ថិ និងតារាល្បីៗមុន មានចំនួនកុះករច្រើនជាងលើកមុនៗ។ លោកលើកឧទាហរណ៍ថា កន្លងមកទូតខ្មែរនៅកូរ៉េបានធ្វើព្រឹត្តិការណ៍មហាសង្ក្រាន្ត២ឆ្នាំជាប់គ្នា ក៏មានបងប្អូនខ្មែររស់នៅប្រទេសកូរ៉េ មកទស្សនាតែចន្លោះពី ១៣០០០ ទៅ១៥ ០០០នាក់ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការប្រគំតន្ត្រីរបស់ក្រុមលោកព្រាប សុវត្ថិ មុននេះ គឺមានចំនួនលើសនេះច្រើន។

លោក ឡុង ឌីម៉ង់ មិនបញ្ជាក់អោយដឹងពីតួលេខពិតប្រាកដរបស់អ្នកចូលទស្សនានោះទេ ប៉ុន្តែលោកថាការប្រគំតន្ត្រីរបស់លោកឡេង ណាវ៉ាត្រា មុននេះទេ ទទួលបានអ្នកទស្សនាច្រើនលើកមុនៗដាច់ឆ្ងាយ។ យ៉ាងណាមិញ លោកថានោះក៏ដោយសារតែការប្រគំតន្ត្រីចុងក្រោយ ចម្រុះដោយតារាល្បីៗច្រើនកុះករ ហើយបានផ្សព្វផ្សាយយ៉ាងកក្រើកនៅលើបណ្ដាញសារព័ត៌មាន តាំងពីមុនតារាទាំងនោះទៅសម្ដែងនោះទេ ទើបធ្វើអោយឆាកតន្ត្រីដែលបង្ហាញខ្លួនដោយ លោកព្រាប សុវត្ថិ និងកូនៗ លោក ឆាយ វិរៈយុទ្ធ កញ្ញា ពេជ្រ សោភា កញ្ញា រ៉ា ប៊ី លោក ប៉ែន ចំរ៉ុង នាយពែកមី លោក គុយ លី និងក្រុមរាំជាដើម ស្ទើរមិនមានកន្លែងឈរ ដោយសូម្បីតែឃើញរូបភាពក៏រំភើបជំនួសតារាម្នាក់ៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here