រ៉ា វិរះ ឆេះដុំរឿងគេបន្លំជាខ្លួនដើរឆបោក

0

តារាសម្ដែងលោក រ៉ា វិរៈ បើទោះជាផ្អាកសម្ដែងមួយរយៈ តែលោកនៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ ជាពិសេសគឺពីអ្នកសិល្បៈ ដោយសារតែលោកបានក្លាយជាបុគ្គលជោគជ័យក្នុងមុខជំនួញ។ ជាមួយនឹងភាពជោគជ័យនៅតែមាន ស្របពេលដែលកេរ្តិ៍ឈ្មោះនៅតែត្រដែតនេះហើយ ទើបលោកត្រូវគេយករូបថត និង ឈ្មោះ ទៅបង្កើតអាក់ខោនក្លែងក្លាយហើយឆបោកគេ ដែលធ្វើអោយលោកខូចឈ្មោះ។

យោងតាមការបង្ហោះរបស់ លោក រ៉ា វិរៈ គឺលោកចាប់បានអាក់ខោនក្លែងក្លាយរហូតដល់ជាង១០អាក់ខោន ដែលយករូបលោកទៅប្រើ និង ខ្លះប្រើទាំងឈ្មោះរបស់លោកផង ហើយរាល់សកម្មភាពរបស់លោកគឺត្រូវបានជននោះយកទៅបង្ហោះ ដើម្បីបន្លំភ្នែកគេថានោះគឺជាអាក់ខោនពិតប្រាកដរបស់លោក។ ជនអនាមិកទាំងនោះថែមទាំងដើរឆបោកគេ ដោយប្រើមធ្យោបាយផ្សេងៗ រហូតធ្វើអោយមានការភ្ញាក់ផ្អើលនោះផង។ លោក រ៉ា វិរៈ ដែលបច្ចុប្បន្នគឺមានភរិយាជាម្ចាស់ហាងកែសម្ផស្សធំមួយ និង មានហាងលក់ខោខៅប៊ូយផ្ទាល់ខ្លួននោះ បានអះអាងថា លោកបានដឹងពីការបង្កើតអាក់ខោនក្លែងក្លាយ ក្រោយពីមានអ្នកចាញ់បោកគេទាក់ទងមក ហើយអ្នកខ្លះបានផ្ញើអាក់ខោនដែលប្រើរូបរបស់លោកជាច្រើនមកអោយឃើញ។ លោកថាស្រឡាំងកាំង នៅពេលដែលរូបរបស់ខ្លួនត្រូវគេប្រើធ្វើជាអាក់ខោនក្លែងក្លាយ ហើយយកឈ្មោះរបស់លោកទៅឆបោកគេ ដែលធ្វើអោយអ្នកខ្លះយល់ច្រលំ។ លោកគម្រោងដាក់បណ្ដឹងឆែករកអ្នកនៅពីក្រោយនៃការបង្កើតអាក់ខោនទាំងនោះ ទៅកាន់ភ្នាក់ងារសមត្ថកិច្ច ដើម្បីអោយប្រាកដចិត្តថា តើបុគ្គលនោះមានបំណងអ្វីទើបយកឈ្មោះលោកទៅឆបោកគេ។ លោកក៏ប្រកាសមិនទទួលស្គាល់អាក់ខោនទាំងអស់នោះឡើយ ខណៈដែលលោកក៏ទទូចកុំអ្នកទាក់ទងជាមួយអាក់ខោនដែលមានរូបលោក កុំឆ្លងឆ្លើយបើមានករណីខ្ចីលុយខ្ចីកាក់ ឬ ករណីអោយវេរលុយលើមុខជំនួញរបស់លោក។ លោកថារាល់ថ្ងៃលោករវល់រឿងមុខជំនួញ និង មើលថែភរិយាកំពុងពរពោះ តែមិននឹកស្មានថាមានគេមកបង្ខូចឈ្មោះបែបនឹងឡើយ៕