អ្នកណាមិនភ្ញាក់! បើ ថៃ ប៊ុននាង លេងសុទ្ធតាចឹង ថ្ងៃខួបកំណើត

0

ក្នុងពិធីខួបកំណើតរបស់តារាសម្ដែងលោក ថៃ ប៊ុននាង លោកធ្វើអោយភ្ញៀវកិត្តិយស ជាពិសេសតារាសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោកគឺជាតារាទី១ ដែលហ៊ានតែងខ្លួនក្នុងសម្លៀកបំពាក់បុរាណខ្មែរ ក្នុងថ្ងៃកាត់នំ ដោយបានទាំងបំផុសអោយតារាសិល្បៈមួយចំនួន តែងខ្លួនក្នុងទម្រង់សម័យបុរាណមកចូលរួមក្នុងពិធីខ្លួនផង។ ការរំលេចខ្លួនខុសគេពីម្ចាស់ខួបផ្សេងៗរបស់តារារូបនេះ បានធ្វើអោយលោក ត្រូវគេចាត់ទុកថាជាតារាតែម្នាក់ ដែលបានបំផុសអោយសម្លៀកបំពាក់បុរាណ មានការចាប់អារម្មណ៍ក្នុងពិធីសម័យទំនើប ដែលមានមនុស្សមិនច្រើនហ៊ានធ្វើដូចលោក។

លោក ថៃ ប៊ុននាង និយាយថា ជាការពិតលោកបានស្នើអោយបណ្ដាភ្ញៀវកិត្តិយសដែលបានទទួលការអញ្ជើញពីលោកតែងខ្លួនក្នុងទម្រង់បុរាណមកកាន់ពិធីខួបកំណើតរបស់លោក ប៉ុន្តែដោយសារតែសម្លៀកបំពាក់បែបនោះពិបាករក ហើយគាប់ជួនជាមានភ្លៀងផង ទើបតារាមានតែ៥នាក់ប៉ុណ្ណោះ បានចំណាយពេលតែងតួជាសម័យបុរាណ បង្ហាញខ្លួនក្នុងពិធីខួបលោក។ លោកសម្ដែងការកោតសរសើរចំពោះតារា៥រូប ដែលបានរួមចំណែកតែងខ្លួនក្នុងសម័យលង្វែក សម័យឧដុង្គ និងសម័យចតុមុខ ដែលធ្វើអោយេពិធីរបស់លោកទទួលបាននូវការចាប់អារម្មណ៍ទ្វេរដង នៅពេលដែលលោកដែលជាម្ចាស់ខួប ក៏បានតែងតួជាព្រះរាជកុមារក្នុងរឿង«ចាប៉ីននាគត្រាច់ចរ»ដែលលោកបានសម្ដែងតួឯក និងទើបបញ្ចាំងចប់នៅប៉ុស្ដិ៍លេខ៥ នៅក្នុងថ្ងៃនោះ។ លោកថាសប្បាយចិត្តណាស់ពេលមានគេមានឯង ជួយបំផុសទម្រង់បុរាណនៅថ្ងៃពិសេសរបស់លោក ដែលធ្វើអោយគេមិនគិតថាលោកតែងតួតែឯង ហើយក្លៀវខុសគេ។ យ៉ាងណាមិញ លោកថាមិនខ្មាស់គេទេ ប្រសិនបើមានអ្នកថាលោកស្លៀកពាក់បុរាណ ដែលមិនខុសពីចម្លែកខុសគេ នៅថ្ងៃខួបកំណើតដែលជាពិធីបង្អួតសម្រស់បែបទំនើប។ លោកថាការសម្រេចចិត្តរបស់លោក គឺជារួមចំណែកលើកស្ទួយ និងជួយអោយសំលៀកបំពាក់បុរាណរបស់ខ្មែរ កាន់តែមានការចាប់អារម្មណ៍ ខណៈដែលឈុតបុរាណ នៅពេលតែងជាក្រុមក្នុងកម្មវិធីបែបសម័យ មើលទៅកាន់តែអស្ចារ្យ និងថ្លៃថ្នូរគួរអោយសរសើរក្នុងក្រសែភ្នែកមហាជន។ លោកចង់ឃើញសំលៀកបំពាក់បុរាណខ្មែរមានការចាប់អារម្មណ៍ និងមានការយកចិត្តទុកដាក់អោយកាន់តែខ្លាំង ទើបលោកកាន់តែសប្បាយចិត្តជាមួយនឹងគោលការណ៍របស់«គ្រួសារតារាកម្ពុជា»ដែលលោកចូលរួម ហើយបានរួមចំណែកយ៉ាងសកម្មភាពក្នុងការលើកស្ទួយលើទម្រង់បុរាណនេះ។

នៅក្នុងពិធីខួបកំណើតរបស់លោក តារាសិល្បៈល្បីៗយ៉ាងច្រើនកុះករត្រូវគេឃើញបង្ហាញខ្លួន ប៉ុន្តែតារា៥រូបរួមមាន កញ្ញា ទេព កញ្ញា តារាសម្ដែង, លោករុន ណាកូ តារាសម្ដែង, កញ្ញាភី សម័យ តារាសម្ដែង, លោក សេម ម៉ាកូ តារាចម្រៀង, និងកញ្ញា ទេព មុន្នីរក្សា តារាសម្ដែង ទទួលបាននូវការចាប់អារម្មណ៍ជាងគេបន្ទាប់ពីម្ចាស់ពិធី ដោយសារតែអ្នកទាំង៥រំលេចឈុតក្នុងសម័យលង្វែក ឧដុង្គ និងចតុមុខ យ៉ាងថ្លៃថ្នូរបង្អួតភ្ញៀងដែលមួយចំនួនលែងខ្លួនស៊ិចស៊ីហួសហេតុនោះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here