រឿង”ស្នេហាឆ្លងជាតិ វគ្គ1″ កំពុងជប់ យិន ស្រីពៅ ឲ្យឆាបឆក់អារម្មណ៍អ្នកទស្សនា ទាំងមិនធ្លាប់សម្ដែង

0

អ្នកទស្សនាខ្សែរឿង”ស្នេហាឆ្លងជាតិ វគ្គ១” ដែលផលិតដោយ ក្រុមការងារ ផ្ទះតារា ពិតជាលាន់មាត់សរសើរនឹងសាច់រឿង និង ឈុតឆាកនៅក្នុងខ្សែរឿងមួយនេះ។ ប៉ុន្តែក្នុងចំណោមការចាប់អារម្មណ៍ដ៏ស្រួចស្រាលនោះ តួអង្គយាយផាន់ ដែលសម្ដែង អ្នកនាង យិន ស្រីពៅ កំពុងឆាបឆក់អារម្មណ៍អ្នកទស្សនាអោយស្អប់ អោយក្នាញ់ អោយខឹង តាមការសម្ដែងរបស់អ្នកនាងដូចការចង់បានស្ទើរមិនគួរអោយជឿ ខណៈដែលនាងមិនធ្លាប់មានបទពិសោធន៍សម្ដែងរឿងទាល់តែសោះ។ នេះជាជោគជ័យរបស់ក្រុមការងារផលិត ដែលអាចជប់តួអង្គថ្មីសន្លាងម្នាក់អោយក្លាយជាតួអង្គកំរើកក្នុងវិស័យសម្ដែងបាននោះ។

អ្នកនាង យិន ស្រីពៅ បានបង្ហាញពីអារម្មណ៍រំភើបហួសពីការថ្លែង បន្ទាប់ពីការសម្ដែងរបស់អ្នកនាង អាចកន្ទ្រាក់នូវការចាប់អារម្មណ៍បានខ្ពស់ ខណៈពេលដែលភាពយន្តដំបូងនេះ ទើបតែចេញផ្សាយបាន៣ភាគលើផេក”ផ្ទះតារា” តែអាចអោយមហាជន និង អ្នកសិល្បៈលាន់មាត់សរសើរ។ អ្នកនាងថា មនុស្ដដែលធ្លាប់តែមាក់ងាយនាងនៅក្នុងសិល្បៈ ក៏ភ្លាត់ថា ហេតុអ្វីអ្នកនាងសម្ដែងបានល្អនៅក្នុងរឿងមួយនេះផងដែរ។ ជាក់ស្ដែងអ្នកសិល្បៈច្រើននាក់ កំពុងប្ដូររបត់ហៅនាងថា យាយផាន់ បន្ទាប់ពីភាពយន្ត រឿង”ស្នេហាឆ្លងជាតិ វគ្គ១” ទើបតែផ្សាយបាន៣ភាគ។

លោក ផាត់ តារារដ្ឋ ជាអ្នកនិពន្ធ និង ជាអ្នកដឹកនាំសម្ដែង បានអះអាងថា ការពិតអ្នកនាង យិន ស្រីពៅ មានសមត្ថភាពរួចស្រេចទៅហើយ ប៉ុន្តែអាចមកពីអ្នកនាងមិនធ្លាប់មានឱកាសទើបការសម្ដែងសូម្បីមួយរឿងនាពេលកន្លងមកគឺមិនមាន។ លោកថា សប្បាយចិត្តដែលភាពយន្តដំបូងរបស់លោក អាចជប់តួថ្មីជាច្រើនអោយមហាជនបានស្គាល់សមត្ថភាព ហើយអ្វីដែលកាន់តែពិសេសគឺសមត្ថភាពសម្ដែងរបស់តួអង្គជំទាវម៉ាលីក្នុងរឿង ដែលអ្នកទស្សនាប្រដូចថា គឺសម្ដែងមិនអន់ជាងតួយាយផាន់ផ្សេងៗនោះ។ ភាពយន្តនេះ នឹងបញ្ចប់នៅភាគទី៨ ហើយវគ្គ២សម្រាប់ភាពយន្តនេះ គឺនឹងកាន់តែផលិតអោយល្អ ព្រមជាមួយនឹងសាច់រឿងប្លែក។

LEAVE A REPLY

Please enter your comment!
Please enter your name here