ឱសថព្យាបាលសុខភាពបែបធម្មជាតិជាច្រើន ត្រូវបានប្រធានអង្គការ ខ្ញុំខ្មែរ ប្រកាសចែកឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ

0

លោក ជានិច្ច ហៅ លោកដប់គត់ ដែលកន្លងមកត្រូវបានគេស្គាល់តាមរយៈការបង្កើតផលិតកម្មចម្រៀង E Nation និង ភាយន្តមួយចំនួន និង តាមរយៈសកម្មភាពសប្បុរសធម៌ផង បានថ្លែងប្រាប់ផ្ទះតារាថា កាលពីអំឡុងប្រមាណជា៧ខែមុន លោកស្ទើរតែអស់ជីវិត ដោយសារតែជម្ងឺទឹកនោមផ្អែម ជម្ងឺបេះដូង និង ជម្ងឺប្រចាំកាយជាច្រើនទៀត។ លោកឈឺស្ដូកស្ដឹងដល់ថ្នាក់ខ្លាចពេទ្យខ្លាចថ្នាំ និង ចង់ធ្វើបណ្ដាំមរតក ព្រោះគិតថាជម្ងឺកាន់តែរួមរឹត។ តែនៅវេលាយប់មួយ លោកបែរសុបិន្តឃើញថា ខ្លួនស្ថិតនៅប្រាសាទមួយនៅសៀមរាប ហើយក៏ត្រូវបានលោកតាសច្ចំម្នាក់ អណ្ដែតខ្លួនប្រគល់រុក្ខជាតិរួមមានបន្លែ និង រុក្ខជាតិឱសថអោយជាច្រើនមុខ ហើយប្រាប់អោយលោកទទួលទានរុក្ខជាតិទាំងនោះអោយបានជាប្រចាំ។ ក្នុងសុបិន្តនោះ អ្នកសច្ចំក៏ស្នើអោយលោកជួយព្យាបាលដល់អ្នកដទៃផង ក្រោយពេលសះស្បើយ តែបើគេជូនលុយ យកលុយទៅជួយអ្នកក្រទៅ ហាមយកលុយទៅមានបាន។ បន្ទាប់ពីធ្វើតាមបណ្ដាំរបស់ឥសីក្នុងសុបិន្តលោកថា ជម្ងឺដែលធ្លាប់រួមរឹតក៏ជាសះស្បើយ ដោយរយៈពេល៧ខែមកនេះ គឺលោកមានសុខភាពល្អ ហើយបញ្ហាជម្ងឺដែលធ្លាប់តម្រូវអោយលេបថ្នាំក៏លែងដូចមុន។ មកទល់ពេលនេះ លោកបានផលិតអាហារបំប៉នជាម្សៅមួយប្រភេទ ដែលផ្សំចេញពីបន្លែ និង រុក្ខជាតិដែលឥសីបានប្រាប់នោះ ឆុងទឹកទទួលទានជាប្រចាំ ដោយលោកក៏បានចែកចាយអាហារបំប៉នជាឱសថបែបនេះ ជួយដល់អ្នកឈឺផ្សេងទៀតផងដែរ ខណៈដែលលោកប្រាប់ថា នឹងបន្តផ្ដល់ជូនថ្នាំដែលលោកបានផ្សំនេះជួយសង្គ្រោះដល់អ្នកគ្រប់គ្នា ដោយមិនគិតកម្រៃ។ លោកថាថ្នាំដែលលោកផលិតនេះ គឺជាប្រភេទអាហារបំប៉នដែលជួយរាងកាយអោយរឹងមាំ ជួយព្យាបាលក្រលៀន ធ្វើអោយសរសៃឈាមដើរស្រួល និង ជួយព្យាបាលសរីរាង្គផ្នែកខាងក្នុង ដើម្បីអោយមានសុខភាពល្អ។