ម្ចាស់គ្លីនិកមេហ្គាប៊ែល និងសប្បុរជន ចែករំលែកក្ដីស្រឡាញ់ដល់គ្រួសារលិចទឹក

0

មកទល់ពេលនេះ សកម្មភាពចុះចែកអំណោយរបស់សប្បុរសជនមួយក្រុម ដែលរួមមានវត្តមានរបស់ម្ចាស់គ្លីនិកមេហ្គាប៊ែលផង កាលពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៨ កន្លងទៅ បានធ្វើអោយមនុស្សជាច្រើនមានការកោតសរសើរ ជាពិសេសពីសំណាក់ពលរដ្ឋរងគ្រោះដែលស្ថិតនៅភូមិជៀស២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលជាគ្រួសាររងគ្រោះដោយទឹកជំនន់ និងអ្នកក្រីក្រ ដែលបានទទួលជំនួយដោយផ្ទាល់។ ក្នុងនោះក្រុមសប្បុរសជន ក៏បានប្រកាសថានេះមិនមែនជាលលើកទី១ ដែលក្រុមមូលនិធិរបស់ខ្លួនបានធ្វើសកម្មភាពសប្បុរសធម៌នេះ ដោយបានធ្វើឡើងច្រើនលើកមកហើយ ខណៈដែលការចែករំលែកក្ដីស្រឡាញ់នេះ ក៏នឹងបន្តធ្វើឡើងអោយច្រើនថែមទៀត ក្នុងពេលបន្តបន្ទាប់។

សកម្មភាពចុះចែកអំណោយជាទ្រង់ទ្រាយធំនេះ គឺជាមូលនិធិសប្បុរសធម៌ដែលបានផ្ដើមឡើងដោយ លោកជំទាវ កែវ វង្សសៀក អគ្គនាយិការគ្លីនិក កែសម្ផស្សមេហ្គាប៊ែល និង ក្រុមហ៊ុនចែកចាយគ្រឿងសំអាងធំមួយឈ្មោះ SK Seven ដោយមានកិច្ចសហការណ៏ចូលរួម ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ , លោកជំទាវ ម៉ៅ មុំ , លោកស្រី ជួប វ៉ារី , និង សប្បុរសជន ជាច្រើនផ្សេងទៀត ទើបធ្វើអោយសកម្មភាពចុះចែកអំណោយនៅក្នុងពេលនោះ អាចគៀកគរជំនួយផ្ដល់ជូនដល់គ្រួសារទីទល័ក្រជាគ្រួសាររងគ្រោះដោយទឹកជំនន់បានដល់ចំនួន១២៥ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ៥០គីឡូ មីមួយកេស, ត្រីខមួយយួរ ទឹកត្រីមួយយួរ.ទឹកស៊ីអ៊ីវមួយយួរ .ប្រេងឆាមួយកាដុង .ក្រម៉ាមួយ .ទឹកអានាមយ័ម៉ាលីហ្សាបុរសស្រ្តីមួយឈុត និង ថវិការក្នុងម្នាក់១០ ម៉ឺនរៀល។ ក្នុងនោះចំពោះលោកគ្រូ អ្នកគ្រូដែលមានចំនួន២០ នាក់ ក៏ទទួលបានគ្រឿងប្រើប្រាស់ប្រចាំថ្ងៃមួយឈុត ក្រមាមួយ និង ថវិការក្នុងម្នាក់១០ ម៉ឺនរៀល ខណៈដែលសិស្សានុសិស្សចំនួន៣០០ នាក់ ទទួលបាន សៀវភៅ៣ក្បាល ប៉ិច២ដើម ខ្មៅដៃ២ដើម .សាប៊ូដុសខ្លួនមួយដុំ បុងបុងមួយដប និង ថវិកាក្នុងម្នាក់១ម៉ឺនរៀល។

លោកជំទាវ កែវ វង្សសៀក អគ្គនាយិការគ្លីនិក កែសម្ផស្សមេហ្គាប៊ែល បានថ្លែងបញ្ជាក់ថា ហេតុផលដែលលោកជំទាវផ្ដើមអោយមាននូវមូលនិធិនេះ គឺដោយសារតែលោកជំទាវ ចង់រួមចំណែកជួយដល់សហគមន៍ក្រីក្រក្នុងនាមជាសប្បុរសជនអោយបានកាន់តែច្រើន បន្ទាប់ពីលោកជំទាវ និងដៃគូមុខជំនួញ ជាពិសេសគឺអ្នករាប់អានជាច្រើន ក៏មានទឹកចិត្តត្រូវគ្នាក្នុងការបង្កើតអោយមាននូវមូលនិធិនេះ។ លោកជំទាវថាមូលនិធិទាំងមូល នឹងបន្តស្វះស្វែងរកជំនួយជាប្រយោចន៍ដល់គ្រួសារខ្វះខាតអោយបានកាន់តែច្រើន ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាដើម្បីរំលេចវប្បធម៏ ចែករំលែក ជួយគ្នាក្នុងគ្រាក្រ និងបង្ហាញពីកម្លាំងសាមគ្គីចំពោះគ្នា ក្នុងនាមជាខ្មែរតែមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here