​កម្មវិធីសិក្សាល្បីមួយរបស់ពិភពលោក សម្រេចដាក់បញ្ចូលផ្លូវការនៅកម្ពុជា!

0

កាលពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ កម្មវិធីសិក្សារបស់កុមារតូចៗដែលមានឈ្មោះថា FasTracKids ដ៏ល្បីល្បាញរបស់ពិភពលោក ត្រូវបានសម្រេចដាក់បញ្ចូលនៅកម្ពុជាតាមរយៈ លោកស្រី ផនសារីន មេធី វាឆារាណន នាយកប្រតិបត្តិ FasTracKids Thailand និង លោក លឹម ឡោកចនសុន នាយកប្រតិបត្តិ LVLs Media និងជាដៃគូរសហការកម្ពុជា តាមរយៈការចុះហត្ថលេខាលើអនុស្សារណៈយោគយល់មួយ ជាមួយនឹងសាលាព្រីនស៏តុន ដែលតំណាងដោយ លោកជំទាវ ឌិត នីតា នាយិការសាលា Princeton នៅកម្ពុជា។ MOU ដែលបានធ្វើឡើងនេះ នឹងកាន់តែជួយពង្រឹងប្រព័ន្ធសិក្សាសម្រាប់កុមារតូចៗក្រោមអាយុ៥ឆ្នាំ អោយមានចំណេះដឹងមូលដ្ឋានរឹងមាំ ក្រោមការបណ្ដុះបណ្ដាលរបស់សាលាអន្តរជាតិ Princeton ដែលមានស្ដង់ដារស្របតាមប្រព័ន្ធសិក្សារបស់ចក្រភពអង់គ្លេសរួចទៅហើយ។

យោងតាមការប្រកាស កម្មវិធីសិក្សា ដែលមានឈ្មោះថា FasTracKids ត្រូវបានបង្កើតឡើងកាលពីឆ្នាំ 1998 នៅសហរដ្ឋអាមេរិក ដោយមានយុទ្ធសាស្រ្តបង្រៀនកុមារ ដោយប្រើពហុញ្ញាណ (ស្តាប់ មើល និងប៉ះ) ហើយកម្មវិធីនេះ ត្រូវបានពិភពលោកទទួលយកយ៉ាងពេញនិយមដោយមកទល់ពេលនេះ មានដល់ 50 ប្រទេសហើយ ដែលមានកម្មវិធីសិក្សាមួយនេះ រាប់បញ្ចូលទាំងកម្ពុជា។ សាលា PRINCETON ដែលជាសាលាមត្តេយ្យស្តង់ដារអន្តរជាតិធំមួយ គឺជាអ្នកទទួលបានកិច្ចព្រមព្រមក្នុងការដាក់បញ្ចូលប្រព័ន្ធអប់រំនេះនៅកម្ពុជា ដើម្បីបណ្ដុះកុមារៗអោយកាន់តែសម្រេចក្ដីស្រម៉ៃក្រោមពាក្យស្លោក“អ្នករុករកតូចៗ ដែលមានក្ដីស្រមៃធំ”។

ក្នុងឪកាសចុះហត្ថលេខានោះ លោកលឹម ឡោកចនសុន អគ្គនាយករបស់ LVLs Media ដែលជាដៃគូរសហការនាំយក FasTracKids មកកម្ពុជា បានសំដែងក្ដីសោមនស្សរីករាយជាពន់ពេក ដែលបានចូលរួមចំណែកនាំយកកម្មវិធីសិក្សាដ៏ល្បីល្បាញនេះ មករួមចំណែកបណ្ដុះបណ្ដាលដល់កុមារកម្ពុជា។ លោកមានជំនឿថា ការសហការរវាងសាលា ព្រីនស៏តុន និង FasTracKids នឹងផ្លាស់ប្តូររបៀបបង្រៀននៅកម្ពុជា ឲ្យកាន់តែប្រសើរជាងមុន ហើយកាន់តែស្របតាមកម្មវិធីសិក្សាដ៏ល្បីល្បាញរបស់សហរដ្ធអាមេរិកថែមទៀត។

ជាមួយគ្នានោះដែរ អគ្គនាយការសាលា ព្រីនស៍តុន លោកជំទាវ ឌិត នីតា បានថ្លែងបញ្ជាក់ថា ការដាក់បញ្ចូលកម្មវិធី FasTracKids ដែលជំនួយអោយកុមារៗកាន់តែមានចំណេះដឹងតាមរយៈការប៉ះស្ទាប និងមើលឃើញនេះ មិនមែនមានន័យថាសាលាលុបចោលទម្រង់បណ្ដុះបណ្ដាលរបស់ខ្លួនចោលហើយទទួលយកប្រព័ន្ធសិក្សាថ្មីៗនេះដល់កុមារៗទេ ផ្ទុយទៅវិញ គឺគ្រាន់តែបន្ថែមទម្រង់បណ្ដុះបណ្ដាល ដើម្បីអោយកុមារតូចៗក្រោមអាយុ៥ឆ្នាំ កាន់តែចង់សិក្សា និងទទួលបានអារម្មណ៍រីករាយក្នុងវ័យសិក្សារបស់ខ្លួនក្នុងកម្រិតមតេយ្យតែប៉ុណ្ណោះ។ លោកជំទាវ រំពឹងថា ប្រព័ន្ធសិក្សាថ្មី នឹងកាន់តែធ្វើអោយកុមារតូចៗ រៀនសូត្រឆាប់ចាប់បាន ហើយនឹងធ្វើអោយកុមារទាំងនោះ កាន់តែមានគ្រឹះរឹងមាំទ្វេរដង បន្ថែមពីលើប្រព័ន្ធសិក្សាដែលមានស្រាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here