ទីបំផុតឈុតតំណាងជាតិកម្ពុជាឈ្នះគេហើយ តែក្រឡេកមើលហ្វេន គឺ Share ដាច់យប់

0

លទ្ធផលពេលនេះ គឺឈុតតំណាងជាតិកម្ពុជា ទទួលបានសំលេងឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីតែម្ដងនាំមុខបណ្ដាឈុតតំណាងជាតិនៅក្នុងការប្រកួត Miss Grand មកពីប្រទេសផ្សេងៗ។ ប៉ុន្តែនៅពីក្រោយជ័យជម្នះដែលគេបានឃើញនេះគឺហ្វេនៗរបស់កម្ពុជាជាច្រើនសុខចិត្តបង្កើនចលនាគេគៀគរអ្នកគាំទ្រអោយជួយបោះឆ្នោត ដោយអ្នកទាំងនោះត្រូវគេឆ្លងឆ្លើយគ្នាដាច់យប់ និងតាមដានសំលេងបោះឆ្នោតយ៉ាងយកចិត្តទុកដាក់ នៅយប់ចុងក្រោយ។

លោក អ៊ិន សុភិន អ្នកបញ្ជូន Miss Grand Cambodia គឺជាអ្នកបង្កើតចលនាកៀងហ្វេនទាំងក្នុង និងក្រៅប្រទេស ដោយនៅលើអាក់ខោន និងផេករបស់លោក ពោរពេញដោយព័ត៌មាន Share ពីការបោះឆ្នោតជួយអោយ Miss Grand កម្ពុជា បន្តនាំមុខ។ ពេញមួយយប់ ថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ មីនា ឆ្នាំ២០២១ គឺលោក និង ក្រុមការងារអត់សម្រាកតែម្ដងដោយបង្កើនការ Share ផង និង គៀងគរអ្នកគាំទ្រអោយបោះឆ្នោតអោយ ដោយមិនដកដៃ។

អ្នកនាង លុយ សារីណា ភរិយារបស់អតីតតារាសម្ដែង លោក ស៊ុក សុភា និង កំពុងរស់នៅក្នុងប្រទេសអូស្ត្រាលី ក៏ត្រូវគេឃើញបង្កើនយុទ្ធនាការក្នុងការបោះឆ្នោតជួយ Miss Grand Cambodia ដើម្បីអោយឈ្នះការបោះឆ្នោត។ នៅលើហ្វេសប៊ុក និង ផេកដ៏មានប្រជាប្រិយភាពរបស់អ្នកនាង គឺសុទ្ធតែព័ត៌មានពីការជួយបោះឆ្នោតរបស់ Miss Grand Cambodia តែម្ដង ដោយអ្នកនាងក៏ត្រូវ គេឃើញគៀងគរហ្វេនអត់សម្រាកតែម្ដងទាំងម៉ោងពេលយប់ និង ម៉ោងពេលព្រឹកនៅក្នុងប្រទេសអូស្ត្រាលី មុនផុតកំណត់បិទការបោះឆ្នោត។ អ្នកនាងក៏បានឆ្លងឆ្លើយជាមួយហ្វេនពីវិធីShare បោះឆ្នោតរបៀបណា ដើម្បីអោយ Miss Grand Cambodia បានទទួលពិន្ទុនោះផង។ អ្នកនាង និង លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ឆ្លងឆ្លងគ្នាពេញមួយយប់ ព្រមជាមួយនឹងការតាមដានលទ្ធផល និង ជួយបង្កើនចលនាលើការបោះឆ្នោតនេះ។

លោក ផាត់ តារារដ្ឋ បានចាត់ទុកជ័យជម្នះរបស់ Miss Grand Cambodia ក្នុងឈុតតំណាងជាតិ ដែលទទួលបានសំលេងឆ្នោតនាំមុខគេភ្លូកទឹកភ្លូកដី នៅក្នុងការប្រកួត Miss Grand International នៅក្នុងប្រទេសថៃនេះ កើតឡើងដោយសារកម្លាំងសាមគ្គី និង ការជួយបោះឆ្នោត ពីសំណាក់អ្នកស្រលាញ់ខ្មែរនៅទូទាំងប្រទេស។ ប៉ុន្តែលទ្ធផលដ៏លើសលប់នេះ ប្រសិនបើគ្មានចលនាមេខ្យល់ ក្នុងការជួយគៀងគរ អោយមានការបោះឆ្នោតអោយកាន់តែខ្លាំងក៏មិនអាចទៅរួចដែរ។ លោកថា លោក អ៊ិន សុភិន និង អ្នកនាង លុយ សារណា រួមទាំងលោកផង មិនមែនជាអ្នកបំផុសអោយមានចលនាបោះឆ្នោតនេះតែម្នាក់ទេ គឺមានពលរដ្ឋជាច្រើនម៉ឺននាក់ផ្សេងទៀត ដែលមានឆន្ទៈក្នុងយុទ្ធនាការនេះដូចគ្នា ដោយគ្រាន់តែលោកកោតសរសើរចំពោះការលះបង់របស់អ្នកទាំងពីរខាងលើ ដែលសុខចិត្តអង្គុយ Share ដាច់យប់ទល់ភ្លឺ និងគៀរគរអ្នកគាំទ្រទល់ភ្លឺអោយជួយបោះឆ្នោត ដោយតាមដានលទ្ធផលស្ទើរគ្រប់នាទី ព្រោះតែខ្លាចឈុតតំណាងជាតិរបស់កម្ពុជារំកិលលេខ។ លោកសម្ដែងការអបអរ ដែលឈុតតំណាងជាតិកម្ពុជាឈ្នះឆ្នោតនាំមុខឈុតតំណាងជាតិ ឥណ្ឌូនេស៊ី និង ហ្វីលីពីន ដែលមានអ្នក Share និង អ្នក Like រាប់លានដង គិតត្រឹមពេលវេលាបិទការបោះឆ្នោត នៅថ្ងៃទី២៦ មីនា ឆ្នាំ២០២១ ម៉ោង៨ព្រឹក ម៉ោងនៅកម្ពុជា។ លោកអះអាងថា ការឈ្នះឆ្នោតរបស់ Miss Grand កម្ពុជា លីវ ជីលី ក្នងការបោះឆ្នោតផ្សេង ក៏ទទួលបានសំលេងនាំមុខ ព្រោះតែចលនាបែបនេះផងដែរ ដែលចលនាទាំងនេះ បានជំរុញអោយមានមានការឆេះឆួលដល់ពលរដ្ឋកម្ពុជាទាំងអស់ អោយរួមសាមគ្គីគ្នា ជួយបោះឆ្នោតជូននាងរហូតជ័យជម្នះពេលនេះ៕