ហួសចិត្ត ទេព មុន្នីរក្សា លួចមានសម្ព័ន្ធភាពស្នេហាជាមួយកូនប្រុសតែម្នាក់របស់តារាចម្រៀង ម៉ៅ ស៊ីណាត

0

មានការភ្ញាក់ផ្អើលមិនតិចនោះទេ នៅពេលដែលព័ត៌មានបែកធ្លាយ បានបង្ហាញយ៉ាងច្បាស់ថា កូនប្រុសវ័យក្មេងរបស់ អ្នកនាង ម៉ៅ ស៊ីណាត ដែលត្រូវបានគេស្គាល់ថាជាដំណក់ឈាមរបស់អតីតមេធាវីល្បីឈ្មោះ លោក កា សាវុធ កំពុងបង្កាត់ចំណងស្នេហ៍ជាមួយតារាស្រីវ័យក្មេងមួយរូប នៅដើមឆ្នាំ២០២១នេះ។ ដ្បិតតែកំណើតស្នេហ៍ទើបតែដុះពន្លក តែទាំងសាមីខ្លួនទាំងសងសុទ្ធតែបង្ហាញពីជំហរច្បាស់លាស់ ខណៈពេលដែលអ្នកនាង ម៉ៅ ស៊ីណាត ជាម្ដាយខាងប្រុស ក៏គាំទ្រចំពោះស្នេហាមួយនេះ ដោយមិនជំទាស់។

ប្រភពដែលអាចទទួលយកបាន បានអះអាងថា កូនប្រុសតែម្នាក់របស់តារាចម្រៀង អ្នកនាង ម៉ៅ ស៊ីណាត ដែលមានឈ្មោះថា កា ពុទ្ធិសីហាម៉ារឌី បានចងសម្ព័ន្ធស្នេហ៍ជាមួយ កញ្ញា ទេព មុន្នីរក្សា ប្រមាណជា២បីខែមកហើយ ដោយអ្នកទាំងពីររមែងបង្ហោះ Status ស្វីតៗ ជាសាធារណៈ នៅលើហ្វេសប៊ុកនោះផង។ នៅមិនដឹងថា តើស្នេហាយុវវ័យទាំងពីរសុីជម្រៅកម្រិតណានៅឡើយទេ ប៉ុន្តែតារាសម្ដែង និង ជាអ្នករបាំ កញ្ញា ទេព មុន្នីរក្សា ទទួលស្គាល់ថាគឺជាការពិត ស្របពេលដែលអ្នកនាង ម៉ៅ ស៊ីណាត ក៏អះអាងថា បានដឹងរឿងរ៉ាវនោះ មួយរយៈមកហើយ។

កញ្ញា ទេព មុន្នីរក្សា ដែលត្រូវគេស្គាល់ថា គឺជាម្ចាស់សម្អាងការទាំងវ័យក្មេង បានបញ្ជាក់ថាកញ្ញា និង កូនប្រុស របស់អ្នកនាង ម៉ៅ ស៊ីណាត ពិតជាកំពុងស្រលាញ់ និង ពេញចិត្តគ្នាមែន ដោយសេ្នហានេះ គឺទើបតែកើតមានឡើង ក្រោយពេលលេងឆាតឆ្លើយឆ្លងជាមួយគ្នានាមួយរយៈចុងក្រោយប៉ុណ្ណោះ។ កញ្ញាថា ហេតុផលដែលនាង និង គូស្នេហ៍ ហ៊ានបើកចំហរទំនាក់ទំនង គឺដោយសារតែការសេពគប់ចាប់ផ្ដើមមានភាពប្រាកដប្រជា ប៉ុន្តែក៏មិនទាន់ដឹងថា ទៅថ្ងៃក្រោយនឹងមានលទ្ធផលបែបណានោះដែរ ដោយសារតែនាង និងគូស្នេហ៍ សុទ្ធតែនៅអាយុក្មេងៗ។ យ៉ាងណាមិញ នាងថា សម្រាប់លំនឹងជីវិតគឺអាចថាមិនមែនយុវវ័យនោះទេ ដោយសារតែនាងក៏មានមុខជំនួញផ្ទាល់ខ្លួន ហើយគូស្នេហ៍ ក៏មានការងារច្បាស់លាស់។

អ្នកនាង ម៉ៅ ស៊ីណាត បានអះអាងថា អ្នកនាង បានដឹងពីទំនាក់ទំនងស្នេហារវាងកូនប្រុស និង តារាសម្ដែង ទេព មុន្នីរក្សា មួយរយៈមកហើយ ដោយសារតែកូនប្រុសមិនដែលលាក់បាំងនឹងអ្នកនាង។ ក្រៅពីជំទាស់អ្នកនាងថា មានតែជំរុញ ដោយមិនចាត់ទុកថា កូនប្រុសនៅក្មេង ឬ គិតថា កូនប្រុសស្រលាញ់ អ្នកសិល្បៈ មិនអោយស្រលាញ់នោះទេ។ អ្នកនាងថា ក្រោយឪពុករបស់កូនប្រុសទទួលមរណភាព អ្នកនាងគឺជាអ្នកមើលខុសត្រូវកូនប្រុសក្នុងនាមជាម្ដាយផង ឪពុកផង ប៉ុន្តែកូនប្រុសរបស់អ្នកនាង មិនដែលធ្វើអ្វីអោយអ្នកនាងខ្វល់ចិត្តនោះទេ គឺមានតែរឹងមាំ និង អាចធ្វើជាម្ចាស់ការខ្លួនឯងបានល្អ។ ជាក់ស្ដែងកូនប្រុសរបស់អ្នកនាង ចេះរកចំណូល និងមានការងារជាអ្នកLiveបាល់ទាត់ ប្រចាំនៅក្នុងក្រុមហ៊ុនមួយជាយូរមកហើយ ដោយមិនមែនលាដៃសុំលុយពីអ្នកនាងឡើយ។ អ្នកនាងថា ខ្លួនមានតែសប្បាយចិត្ត នៅពេលដឹងថាកូនប្រុសរកឃើញមនុស្សដែលខ្លួនស្រលាញ់ ហើយមានតែសរសើរទៅវិញ ដែលកូនប្រុសផ្ដល់តម្លៃអោយអ្នកសិល្បៈដូចអ្នកនាង។ យ៉ាងណាមិញ អ្នកនាងបញ្ជាក់ថា អ្វីៗ គឺស្ថិតនៅលើការសម្រេចចិត្តរបស់កូនប្រុស ដោយរឿង ស្ដីដណ្ដឹង ឬ សួរនាំខាងស្រី គឺអ្នកនាងរង់ចាំតែគាំទ្រប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា កូនប្រុសអ្នកនាង ម៉ៅ ស៊ីណាត មានឈ្មោះហៅក្រៅថាទីន ដែលជាដំណក់ឈាមតែមួយគត់ របស់អ្នកនាង និង មេធាវី កា សាវុធ មុនពេលលោកទទួលមរណភាព។ លោកក៏ត្រូវបានគេដឹងថា បានទទួលមរតកពីឪពុកច្រើនគួរសមផងដែរ ថ្វីថ្បិតថាលោកមើលទៅប្រឹងប្រែងធ្វើការ ដោយមិនពឹងកម្លាំងម្ដាយ និង ទ្រព្យពីឪពុក។ នៅក្នុងឆ្នាំ២០២១នេះ កូនប្រុសអ្នកនាងមានវ័យ២៣ឆ្នាំ ដោយលោកគឺជំនាញ IT និងជាអ្នកLive បាល់ទាត់នៅក្នុងក្រុមហ៊ុនមួយ។ ដោយឡែក កញ្ញា ទេព មុន្នីរក្សា គឺជាតារាសម្ដែងវ័យ១៩ឆ្នាំ ដែលត្រូវបានគេស្គាល់តាមរយៈភាពយន្ត បទចម្រៀង និង រឿងខ្លីជាច្រើន។ នាងត្រូបានគេស្គាល់ច្រើន ក្រោយពីមានឱកាសក្លាយជាសមាជិកគ្រួសារតារាកម្ពុជា និងមានឱកាសបង្ហាញខ្លួនក្នុងកម្មវិធីសិល្បៈធំៗ។ ក្រៅតែពីជាអ្នករបាំ នាងក៏ជាអ្នកផាត់មុខកូនក្រមុំយ៉ាងជំនាញ និងជាម្ចាស់សម្អាងការមរកតមង្គល បន្តពីឪពុកទាំងវ័យក្មេងផងដែរ។ នាងជាសិល្បការិនី និងជាម្ចាស់ជំនួញ ដែលពោរពេញដោយការតស៊ូ ហើយបើទោះនៅមិនទាន់ជោគជ័យខ្លាំង តែអាចរកចំណូលបានច្រើនពាន់ដុល្លារ ពីអាជីពសម្អាងការ ដែលនាងគ្រប់គ្រងផងដែរ។