បញ្ចប់ភាពយន្ត«ព្រលឹង!»ភ្លាម ហេង នរកក្កដា ប្រមូល៥គ្រាប់ម្នាក់ឯងតែម្ដង

0

ការប្រកួតបាល់ទាត់ក្រោមដំណក់ទឹកភ្លៀងកាលពីយប់ថ្ងៃទី៥ កញ្ញា រវាងក្រុមបាល់ទាត់មហាហង្ស និងក្រុមជើងខ្លាំងមួយដែលឈ្មោះថា ក្រុមMan U Khmer ម្ចាស់ផលិតកម្មមហាហង្ស លោក អ៊ិន សុភិន បានអះអាងថាគឺជាលេងបាល់មិត្តភាពដើម្បីអបអរដល់ភាពយន្តរឿង«ព្រលឹង»សម្ដែងតួឯកដោយលោក ហេង នរៈកក្កដា ដែលទើបបញ្ចប់។ អ្វីដែលគេភ្ញាក់ផ្អើល គឺការប្រកួតត្រូវបញ្ចប់ដោយតារាសម្ដែងរូបនេះ រកបានដល់៥គ្រាប់ម្នាក់ឯង ធ្វើអោយក្រុមមហាហង្សឈ្នះដល់ ៧-០ មិនធម្មតា។

លោក ហេង នរកក្កដា បានអះអាងថា លោកបានចំណាយពេលថតកុនរឿង«ព្រលឹង»អោយផលិតកម្មមហាហង្សដោយលំបាក និងផ្សងគ្រោះថ្នាក់ច្រើន ដោយសារតែភាពយន្តនេះជារឿងបែបរន្ធត់ ហើយតម្រូវអោយលោកធ្វើជាខ្មោចផង និងថតដល់ពាក់កណ្ដាលអាធ្រាតុផងនៅក្នុងព្រៃជ្រៅ។

លោកចំណាយពេលមួយរឿងនេះ ធ្វើអោយលោកបានស្គាល់នូវរសជាតិច្រើនណាស់ ជាពិសេសគឺការដេកព្រៃ និងខានមានពេលសប្បាយៗជួបជុំមិត្តភ័ក្រ្តតែម្ដង ដែលនាំអោយលោកដាក់សំណើរសុំលេងបាល់មិត្តភាពនៅបេលភាពយន្តនេះថតចប់។ លោកធ្វើឲ្យក្រុមជាគូប្រកួតភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោកម្នាក់រកបាន៥គ្រាប់ សម្រាប់ការប្រកួតកាលពីថ្ងៃទី៥ កញ្ញានោះ ដែលមិនអាចអោយសមាជិកផ្សេងទៀត មិនសរសើរពីថ្វៃជើងមិនបាន។

ជ័យជម្នះរបស់លោក មិនខុសពីការអបអរភាពយន្តត្រូវបញ្ចប់ផង និងស្វាគមន៍សមាជិកថ្មី គឺពិធីករ លោក មូល សារ៉ាវ៉ាន់ តួអង្គសំខាន់មួយក្នុងរឿង«ព្រលឹង» ដែលទើបបង្ហាញខ្លួនចូលលេងក្នុងក្រុមមហាហង្សជាលើកដំបូងនោះទេ។ លោក ហេង នរៈកក្កដា ត្រូវបានគេចាត់ទុកថាជាSuper Star មួយរូបរបស់ក្រុមមហាហង្ស ដោយក្នុងតង់ទី១លោករកបាន៣គ្រាប់ និងតង់ទី២រកបាន២គ្រាប់បន្ថែម ខណៈដែលចំនួនគ្រាប់ទាំងនោះបានជួយអោយក្រុមមហាហង្សសង្គ្រប់បានដល់ទៅ៧គ្រាប់ ឈ្នះលប់លើក្រុមគូប្រកួត។ លោកថាសប្បាយចិត្តណាស់ ដែលលោកអាចស្វែងរកគ្រាប់បាល់បានច្រើនម្នាក់ឯង ស្របគ្នាដែលភាពយន្តរបស់លោកគឺរឿង«ព្រលឹង»បញ្ចប់ដោយជោគជ័យ ទោះជាមានការរំខានដោយភ្លៀង និងផ្លូវឆ្ងាយ។ យ៉ាងណាមិញ លោកថាខ្លួនមិនដែលចង់គិតថាចង់ក្លាយខ្លួនជាកីឡាករអាជីពទេ បើទោះជាលោកកាន់តែមានថ្វីជើងក្នុងការលេងបាល់នាពេលកន្លងមក ។

នៅក្នុងការប្រកួតនៅថ្ងៃនោះ គេឃើញវត្តមានតារាសម្ដែងល្បីៗបង្ហាញខ្លួនដូចជា លោក មូល សារ៉ាវ៉ាន់ ពិធីករ PNN លោកភឹម តារាវិបុល និងតារាជាច្រើនរូបទៀត ក្រៅពីលោក ហេង នរៈកក្កដា ដែលអាចរកបាន៥គ្រាប់ម្នាក់ឯង។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ ដែលក្រុមមហាហង្សរកបានច្រើនគ្រាប់ ដោយគ្រាន់តែជ័យជម្នះលើសលប់លើកណាក៏មិនដែលមិនមានការរួមចំណែករបស់លោក ហេង នរៈកក្កដា៕

LEAVE A REPLY

Please enter your comment!
Please enter your name here