អ៉ិន សុភិន មិនអស់ចិត្ត នឹងរឿង«ផ្លូវមរណៈ»

0

ចាប់ពីថ្ងៃទី១០ ខែឧសភា ខាងមុនេះ ភាពយន្តរឿង«ផ្លូវមរណៈ»ដែលជាប្រភេទរឿងភ័យរន្ធត់ និងកំប្លុកកំប្លែងរបស់ផលិតកម្មមហាហង្សនឹងដាក់លក់សំបុត្រគ្រប់រោងជាផ្លូវការហើយ ខណៈភាពយន្តនេះ ក៏ត្រូវបានផលិតកម្មមហាហង្សរំពឹងខ្ពស់ថានឹងទទួលបានជោគជ័យ មិនខុសពីរឿងកំប្លុកកំប្លែងសុទ្ធសាធដែលខ្លួនធ្លាប់កើបផលចំណេញ។

ពិធីបើកសម្ពោធត្រូវគេឃើញធ្វើឡើងអធឹកអធ័មគួរសមកាលពីថ្ងៃទី៧ ឧសភា ដោយមានវត្តមានផលិតករ និងតារាសិល្បៈកុះករបង្ហាញខ្លួន។

លោក អ៉ិន សុភិន ម្ចាស់ផលិតកម្មមហាហង្សបានអះអាងថា នេះជាខ្សែភាពយន្តដែលមានរសជាតិថ្មីមួយ ដោយក្រៅពីបានបង្ហាញពីភាពកំប្លុកកំប្លែង ភាពយន្តមួយនេះ ក៏បានរំលេចនូវភាពភ័យរន្ធត់ ដើម្បីពញាក់អារម្មណ៍អ្នកទស្សនាផងដែរ។ មួយរឿងនេះពិសេសត្រង់ឈុតគ្រោះថ្នាក់ក្រឡាប់រថយន្ត ដែលឈុតឆាកនេះ ក៏បានស្រង់ចេញពីគ្រោះថ្នាក់ពិតៗដែលបានកើតឡើងនោះផង ទើបអ្នកបានចូលរួមថតត្រង់ឈុតនោះ សុទ្ធតែមានអារម្មណ៍ព្រឺៗឆ្អឹងខ្នងបើទោះជាភាពយន្តថតចប់។ លោកថាមួយរឿងនេះ អ្នកទស្សនានឹងពិបាកស្មានពីចុងបញ្ចប់នៃរឿង ដោយសារតែរឿងមួយនេះ គឺលុះត្រាតែជិតបញ្ចប់រឿងទើបបង្ហាញអោយដឹងថាអ្នកភូមិដែលបានរំលេចបញ្ហា និងឈុតឆាកផ្សេងៗ សុទ្ធតែជាមនុស្សស្លាប់ក្នុងហេតុការណ៍ក្រឡាប់រថយន្ត។ មួយរឿងនេះ ក៏មានផលវិបាកសម្រាប់តួអង្គម្នាក់ៗផងដែរ ជាពិសេសតួអង្គអ្នកភូមិ និងតួអង្គឯកដោយសារតែតម្រូវអោយអ្នកទាំងនោះនិយាយភាសារដឺនៗ ជារបៀបជនជាតិ។

លោកមិនទាន់ប្រាកដចិត្តថានឹងទទួលជោគជ័យក្នុងការដាក់បញ្ចាំងកម្រិតណានោះទេ ប៉ុន្តែអ្វីដែលលោកទទូចចង់បានគឺស្នើអោយអ្នកគាំទ្រភាពយន្តខ្មែរគាំទ្រស្នាដៃមួយនេះអោយបានច្រើន ដោយលោកបញ្ជាក់ថាទាំងសាច់រឿង និងខ្លឹមសារគឺជាការនិពន្ធថ្មីទាំងអស់។ មួយរឿងនេះលោកថាមិនសូវចំណាយដល់ខ្ទង់សែនដុល្លារទេ ប៉ុន្តែសម្រាប់ការសម្រិតសម្រាំង និងការម៉ត់ចត់លើប្លង់ត្រូវបានធ្វើឡើងដើម្បីពង្រឹងគុណភាព អោយស៊ីនឹងសាច់រឿងដែលលោកចង់អោយអ្នកទស្សនាទាក់ទាញ។ យ៉ាងណាមិញ លោកថាមួយរឿងនេះ មិនបានផលិតអោយត្រូវនឹងសាច់រឿងដែលលោកបាននិពន្ធនៅក្នុងសៀវភៅនោះទេ ទើបលោកខកចិត្តសម្រាប់ឈុតរន្ធត់ៗក្នុងភូមិជាច្រើន ដែលលោកថាមិនបានផលិត។

នៅក្នុងពិធីសម្ពោធរឿងនោះ គេឃើញមានវត្តមានតារាសិល្បៈចាស់ក្មេងមួយចំនួនចូលរួម ដោយក្រៅពីតារាៗសម្ដែងក្នុងរឿង ក៏មានតារាៗច្រើនរូបចូលរួមបង្ហាញខ្លួផងដែរ ជាពិសេសតារាៗមកពីគ្រួសារតារាកម្ពុជាតែម្ដង។ តារាដែលមានវត្តមាននៅក្នុងថ្ងៃនោះរួមមាន អ្នកនាង ភិន សុដាលីស លោកភឹម តារាវិបុល លោកអូន ឧស្សាហ៍ លោក ដួង តារាផាឌីន លោកសេម ម៉ាកូ លោក ហួរ សុផល លោកង៉ែត សុភ័ក្រ្ត កញ្ញាទេព មុន្នីរក្សា កញ្ញាហេង ស្រីពេជ្រ លោកលន់ ស៊ីឡូ លោក មាស សៀវប៉ាយ លោក សន សុវណ្ណារ៉ា លោកអៀម សុខា លោករ៉ូណាន់ កញ្ញានី ម៉ាលីណា កញ្ញារៀម ច័ន្ទបរមី និងកញ្ញាវ៉ាន់ លីលី ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here