តារាសម្ដែង ចាន់ស៊ី ស៊ីណាវ៉ាត្រា នៅតែមានទីផ្សារ ទោះមានឧបសគ្គ

0

គ្មានអ្នកណាមិនដឹងនោះទេថា តារាសម្ដែង លោក ចាន់ស៊ី ស៊ីណាវ៉ាត្រា ត្រូវបាត់បង់ឱកាសសម្ដែងមិនតិចទេ ដោយសារតែលោករស់នៅ និង មានមុខរបររកស៊ីនៅខេត្តបាត់ដំបង។ ផលិតករមួយចំនួន នៅពេលដឹងថាលោកពិបាកឡើងចុះ គឺមិនផ្ដល់ឱកាសនោះផង ស្របពេលដែលការងារខ្លះក៏លោកពិបាកទទួល ដោយសារតែកម្រៃមិនស៊ីនឹងការចំណាយមកតាំងពីខេត្តបាត់ដំបង។ យ៉ាងណាមិញ លោកនៅតែមានទីផ្សារ ជាពិសេសនៅពេលការងារសិល្បៈទាំងឡាយណាដែលត្រូវចុះថតនៅទឹកដីរបស់លោក។

យោងតាមការបង្ហោះរបស់តារាសម្ដែង លោក ចាន់ស៊ី ស៊ីណាវ៉ាត្រា លោកត្រូវបានផលិតកម្មមួយដែលបានចុះថតMV សម្រាប់អបអរចូលឆ្នាំខ្មែរ កាលពីថ្ងៃ១០ កុម្ភៈ ឆ្នាំ២០២១ កន្លងទៅ នៅលើទឹកដីខេត្តបាត់ដំបង។ អ្វីដែលគួរអោយកត់សម្គាល់ ថ្ងៃដែលលោកបានថតសម្ដែងជាថ្មីនោះ គឺចំថ្ងៃខួបរបស់លោកតែម្ដង ទើបលោកចាត់ទុកថាឱកាសបានបង្ហាញមុខក្នុង MV ជាថ្មីនោះ គឺជាកាដូរបស់ខ្លួនក្នុងថ្ងៃកំណើត។ លោកថាការងារសម្ដែង លោកបាត់សកម្មភាពមួយរយៈធំមកហើយ ដោយសារតែទី១កូវីត១៩វាយលុក ទី២ដោយសារផលិតករខ្លះទាក់ទងមកឮតែលោករស់នៅបាត់ដំបង ក៏អោយចាំលើកក្រោយ និង ទី៣គឺដោយសារតែលោកក៏ជាប់រវល់មើលហាងផាប់ដែលបានបើកនៅខេត្តបាត់ដំបង ក៏មិនទទួល។ លោកចាត់ទុកថា ការថតMV ដែលទើបបង្ហាញជាថ្មីនេះ គឺជាការចាប់ផ្ដើមការសម្ដែងរបស់ខ្លួន ស្របពេលដែលលោកក៏តែងតែចិញ្ចឹមចិត្តចង់សម្ដែងអោយសកម្មអោយតែការសម្ដែងនោះ លោកអាចឆ្លៀតបាន។ លោកនិយាយថាការសម្ដែងគឺជាចំណូលចិត្ត ប៉ុន្តែបើការសម្ដែងតម្រូវអោយមកភ្នំពេញ ដែលតម្រូវអោយខាតច្រើនថ្ងៃ និង ចំណាយច្រើន ក៏មិនបានទទួលដែរសម្រាប់ការងារខ្លះ។ យ៉ាងណាមិញលោកថាអោយតែការងារសម្ដែងនោះ ផ្ដល់ឱកាសអោយលោកសម្ដែងជាតួល្អ គឺទៅដល់ណាក៏លោកទទួលដែរ ដើម្បីបង្កើតស្នាដៃក្នុងសិល្បៈ។ លោករំពឹងថា ក្នុងឆ្នាំ២០២១នេះ ទីផ្សារសម្ដែងនឹងមានកាន់តែច្រើន បន្ទាប់ពីលោកបានចូលរួមសម្ដែងបទ MV សម្រាប់អបអរបុណ្យចូលឆ្នាំលើកនេះ។ លោកប្រកាសថាមិនប្រកាន់សម្រាប់តួសម្ដែងនោះទេ បើទោះជាផលិតករភាគច្រើនអោយលោកសម្ដែងជាតួខិលខូច និងជាតួសម្ដែងស្នេហាគេ។ ដ្បិតថាលោកពិបាកឡើងចុះ តែលោកនឹងត្រៀមខ្លួនទទួលសម្ដែងភាពយន្ត ប្រសិនបើខាងផលិតករតម្រូវ ហើយផ្ដល់ឱកាសអោយលោកបានសម្ដែងតួដែលមានប៉ារ៉ូលច្រើន ឬ ជាតួឆ្អឹងរឿង។ លោកក៏ទទូចអោយអ្នកគាំទ្រជួយគាំទ្រការសម្ដែងរបស់លោកក្នុង MV ថ្មីនេះ អោយច្រើនផងដែរ ដើម្បីផ្ដល់កម្លាំងចិត្តអោយលោក នៅក្នុងវិស័យសម្ដែង។ យ៉ាងណាមិញលោកថា មិនទទួលសម្ដែងដល់ថ្នាក់ទុកចោលហាងផាប់ និង ការងារផ្ទាល់ខ្លួននោះទេ គឺលើកលែងមានអ្នកជំនួសដៃជើង តែបើការសម្ដែងនោះស្ថិតលើទឹកដីខេត្តបាត់ដំបង គឺលោករីករាយទទួលពេញទំហឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here