សន សុវណ្ណារ៉ា បន្តមហិច្ឆតា ក្រោយក្ដោបក្ដាប់ទីផ្សារ

0

តាំងពីដើមឆ្នាំ២០១៨មក ពិធីករសាច់ទ្រលុកទ្រលន់ ពោរពេញដោយស្នាមញញឹម លោក សន សុវណ្ណារ៉ា ត្រូវបានគេស្គាល់កាន់តែច្រើនថាជាតារាសិល្បៈដែលមានមានទីផ្សារមិនគួរអោយជឿ ក្នុងឱកាសចេញធ្វើពិធីករកម្មវិធីធំៗ ស្របពេលដែលក្រុមហ៊ុនទទួលរៀបចំកម្មវិធីប្រគំតន្ត្រីរបស់លោក ក៏ប្រជែងបានទីផ្សារក្នុងការដេញថ្លៃលើគម្រោងធំៗ។ យ៉ាងណាមិញពិធីករដែលសំបូរវោហារ និងស្ទីលក្រម៉ិចក្រម៉ើមរូបនេះ បានអះអាងថាខ្លួននៅមិនទាន់ដល់មហិច្ឆតាដែលចង់បាននៅឡើយទេ ទើបលោកគម្រោងពង្រីកមហិច្ឆតាអោយខ្លាំងបន្ថែមទៀត ដើម្បីអោយដល់គោលដៅ។

លោក សន សុវណ្ណារ៉ា នាយកក្រុមហ៊ុនពិធីការ RA បានអះអាងថា មួយឆ្នាំចុងក្រោយក្រុមហ៊ុនរបស់លោកដេញថ្លៃបានគម្រោងប្រគំតន្ត្រីធំៗច្រើនណាស់ ដោយកាលពីដំណាច់ខែសីហា រហូតដល់ថ្ងៃទី២កញ្ញា លោកទើបបញ្ចប់គម្រោងប្រគំតន្ត្រីធំ៣របស់ស្ថានទូតថៃ និងរបស់ក្រុមហ៊ុនធំមួយ ដែលតម្រូវអោយលោកត្រូវធ្វើកម្មវិធីធំ៣ព្រមគ្នា ដោយមួយនៅកោះពេជ្រពេជ្រ មួយនៅខេត្តបាត់ដំបង និងមួយទៀតនៅខេត្តសៀមរាបនោះផង។

អ្វីដែលលោកសប្បាយចិត្ត គឺការប្រគំតន្ត្រីធំៗទាំង៣ ក្រុមហ៊ុនរបស់លោកបញ្ចប់ដោយជោគជ័យខ្លាំង ដោយបានទាំងធ្វើអោយភាគីខាងស្ថានទូតថៃ និងម្ចាស់ក្រុមហ៊ុនដែលបានបោះគម្រោងអោយលោកបានធ្វើ ពេញចិត្តហើយប្រកាសអោយលោកទទួលធ្វើគម្រោងធំៗបន្តបន្ទាប់ក្នុងពេលខាងមុខ។

ក្រៅពីទទួលឱកាសដេញថ្លៃបានឈ្នះលើក្រុមហ៊ុនពិធីការធំៗនាពេលចុងក្រោយ លោកក៏ទទួលបានទីផ្សារក្នុងតំណែងជាពិធីករស្ទើរមិនមានពេលសម្រាកនោះដែរ ខណៈដែលការចេញមុខក្នុងមួយកម្មវិធីក៏ទទួលបានតម្លៃខ្ទង់ពាន់ ដោយមិនទាន់រាប់បញ្ចប់តម្លៃខ្លួន ក្នុងការចាត់ចែងកម្មវិធីដែលគេទាក់ទងក្នុងពេលតែមួយផង។

លោក សន សុវណ្ណារ៉ា ប្រកាសថាលោកនឹងប្រើទីផ្សារដែលក្ដោបក្ដាប់បាន ពង្រីកមហិច្ឆតាអោយដល់គោលដៅ ដោយសារតែលោកមិនត្រឹមតែចង់សុះសាយក្នុងតំណែងជាពិធីករដូចអ្វីដែលទទួលបានប៉ុណ្ណឹងទេ គឺលោកនៅចង់ធ្វើអោយក្រុមហ៊ុនRA ក្លាយខ្លួនជាក្រុមហ៊ុនធំមួយ ដែលមានសមត្ថភាពប្រកួតប្រជែងកម្រិតខ្ពស់សម្រាប់ការងារសិល្បៈ។

លោកក៏បានពង្រីកសមត្ថភាពក្រុមហ៊ុនដោយប្រកាសផលិតផលិតផលថែរក្សាស្បែកមួយប្រភេទពីធម្មជាតិ ដែលរំពឹងថានឹងទទួលបានទីផ្សារដោយមិនពិបាកនោះផងដែរ ដោយសារតែផលិតផលនោះ គឺលោកបានទាក់ទងសហគមន៍មួយក្នុងស្រុក ដែលមានជំនាញធ្វើពន្លៃ អំពិលទុំ និងគ្រឿងផ្សំពីធម្មជាតិច្រើនមុខជាល្បាយ ដើម្បីខាត់ស្បែកអោយសម៉ត់រលោង ហើយមិនប៉ះពាល់ដល់សុខភាព។ យ៉ាងយូរនៅចុងឆ្នាំ២០១៩ លោកថា ក្រុមហ៊ុនរបស់ខ្លួន នឹងលេចចេញគម្រោងថ្មីៗ ខណៈដែលគម្រោងនីមួយ ក៏មានផែនការច្បាស់លាស់ ដើម្បីប្រកួតប្រជែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here