រាជធានីភ្នំពេញ៖ ក្រោយពីមានពាក្យចចាមអារ៉ាមជាច្រើនលើកច្រើនសារអំពីការឈានជើងចូលផលិតកម្ម រាម របស់កំពូលតារាចំរៀង មាស សុខសោភា នៅថ្ងៃសម្ពោធហាងរបស់ខ្លួន កំពូលតារាចម្រៀង មាសសុខ សោភា បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសម្ពោធហាងរបស់ខ្លួនថ្មីៗនេះថាខ្លួនបានសម្រេចចូលផលិតកម្មរាម មែនហើយ។ ថ្ងៃនេះផលិតកម្មរាមក៏បានប្រកាសជាផ្លូវការផងដែរ។ ព្រឹត្តិការណ៍ទទួលស្វាគមន៍វត្តមានតារាចម្រៀងថ្មីលើកដំបូង គឺកំពូលតារាចម្រៀងសំឡេងផ្អែម មាស សុខសោភា មកកាន់ផលិតកម្ម រាម (Ream Production) នឹងធ្វើឡើងនាថ្ងៃទី ១៩ កុម្ភៈ ឆ្នាំ ២០២១ ខាងមុនេះ នៅ THE PREMIER CENTRE SENSOK ។
កំពូលតារាចម្រៀងលំដាប់ជួរមុខដ៏មានប្រជាប្រិយភាព ក្នុងប្រទេសកម្ពុជា មាស សុខសោភា បានសម្រេចចិត្តមកចូលរួមជាមួយផលិតកម្ម រាម ដែលជាផលិតកម្មដ៏ថ្មីសន្លាងមួយទើបបង្កើតឡើង ប៉ុន្តែមានមហិចតាខ្ពស់ក្នុងចូលរួមលើកស្ទួយវិស័យសិល្បៈ ពិសេសលើវិស័យចម្រៀងខ្មែរ ឱ្យកាន់តែមានភាពរីកចម្រើន និង ទូលំទូលាយ ព្រមជាមួយការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ។
ព្រឹត្តិការណ៍ស្វាគមន៍កំពូលតារាចម្រៀង មាស សុខសោភា ដែលនឹងរៀចំឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈ ខាងមុខនេះ ក៏នឹងមានការរៀបកម្មវិធីពិសេសៗ និង អស្ចារ្យជាច្រើន ដែលផលិតកម្ម រាម បានរៀបចំទុកដើម្បីពញ្ញាក់អារម្មណ៍មហាជន ។ ក្នុងនោះក៏មានការបង្ហាញនូវ MV ចម្រៀងថ្មីៗរបស់កំពូលតារាចម្រៀង មាស សុខសោភា ក្នុងផលិតកម្ម ដែលជាការបង្កើតឡើងដោយស្នាដៃកូនខ្មែរ និង ផលិតដោយកូនខ្មែរ ។
ព្រឹត្តិការណ៍ស្វាគមន៍កំពូលតារាចម្រៀង មាស សុខសោភា មកកាន់ផលិតកម្ម រាម ដ៏ថ្មីសន្លាងនេះ គ្រោងនឹងធ្វើឡើងដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃផលិតកម្ម រាម និង ភ្ញៀវកិត្តិយសគ្រប់ជាន់ថ្នាក់ជាច្រើនរូប ក្នុងនោះក៏មានបណ្តាអ្នកគាំទ្រកំពូលតារាចម្រៀង មាស សុខសោភា ដែលតាមការប៉ាន់ប្រមាណមានជិត ១០០០ នាក់ ។
កុំភ្លេច រង់ចាំតាមដានទាំងអស់គ្នាជាមួយព្រឹត្តិការណ៍ស្វាគមន៍កំពូលតារាចម្រៀង មាស សុខសោភា ជាផ្លូវការ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ខាងមុខនេះ! ដោយជួបគ្នាទាំងអស់គ្នាជាមួយ Idol ជាមួយកម្មវិធីពិសេសៗជាច្រើន ធានាថាភ្ញាក់ផ្អើលមិនធ្លាប់មានពីមុន ៕