សារ៉ាយ សក្ខណា បើកសម្ពោធហាងថ្មី

0

ក្នុងចំណោមសិល្បការិនីដែលបានចាកចេញទៅរស់នៅប្រទេសទំនើប គឺសហរដ្ឋអាមេរិក គេចាត់ទុកថា អ្នកនាង សារ៉ាយ សក្ខណា ទទួលបានជោគជ័យជាងគេទាំងជីវិតស្នេហា ទាំងការពង្រីកកេរ្តិ៍ឈ្មោះមិនអោយបាក់ស្រុតក្រោយពេលរៀបការទៅបាត់ និងជាពិសេសជាងគេទាំងលើមុខជំនួញតែម្ដង។ អ្នកនាងត្រូវគេឃើញចុះមកថតមិនសូវលោះពេលនោះទេ ដើម្បីកុំអោយស្ងប់ស្ងាត់ ស្នាដៃថ្មីៗ ខណៈដែលកាលពីថ្ងៃទី ១ កញ្ញា អ្នកនាងក៏បានបើកសម្ពោធហាងថ្មីនៅខាងក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ បន្ថែមប្រាក់ចំណូល និងកេរ្តិ៍ឈ្មោះមួយទៀត ដែលត្រូវគេអះអាងថា ចំណាយអស់ខ្ទង់សែនដុល្លារ។

លោក រ៉ាប៊ីត អ្នកគ្រប់គ្រងទូទៅប្រចាំមជ្ឈមណ្ឌលថែរក្សាសម្រស់ Xeno របស់អ្នកនាងសារ៉ាយ សក្ខណា បានថ្លែងបញ្ជាក់ថា ហេតុផលដែលអ្នកនាងមិនចុះមកធ្វើពិធីសម្ពោធហាងថ្មីជាមួយស្វាមី និងម្ដាយបង្កើតនៅក្នុងថ្ងៃនោះ គឺដោយសារតែអ្នកនាងមានធុរៈនៅមើលថែកូន និងមិនចង់ចុះមកខាតជើង ព្រោះអ្នកនាងចង់ចុះមកអោយត្រូវនឹងពេលផលិតករទាក់ទងអោយថតកុនតែម្ដង កុំអោយពីរបីលើក។ អ្នកនាង សម្រេចចិត្តបើកហាងXeno សាខាទី២ គឺបន្ទាប់ពីXeno ហាងចាស់ដែលស្ថិតនៅខាងក្រោយផ្សារទួលគោ នៅម្ដុំហាងស៊ុបរបស់អ្នកនាងចាស់ មានការកើនឡើងនូវអតិថិជន ដល់ថ្នាក់ទទួលអតិថិនជនលែងគ្រាន់។ ម្យ៉ាងមកពីអ្នកនាង និងស្វាមី កាក់កបនឹងមុខជំនួញនោះផង ទើបអ្នកនាងចេះតែបន្តពង្រីកសាខាថ្មី ដោយក្នុងពេលខាងមុខលោកថា អ្នកនាង និងស្វាមី ក៏នឹងពិចារណាបន្ថែមសេវាវះកាត់លើផ្នែកកែសម្រស់ផង នៅពេលដែលហាងទាំងមូលរកបានពេទ្យជំនាញអោយទទួលខុសត្រូវអោយសហការជាមួយ។

លោកថាអ្នកនាងដ្បិតតែរស់នៅលើទឹកដីអាមេរិកមែន ប៉ុន្តែអ្នកនាងបានចំណាយពេលជាប្រចាំមើលខុសត្រូវហាងតាមប្រព័ន្ធអ៊ីនធឺណិត ហើយដោយមានម្ដាយ និងស្វាមីជាអ្នកជំនួសដ៏ធំផង ទើបមុខជំនួញទាំងមូលចេះតែរលូន និងឈានដល់ការចំណាយដើមទុនបើកហាងបន្ថែម ដែលទីតាំងហាង Xeno នៅខាងក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ នឹងមិនមែនជាសាខាចុងក្រោយរបស់អ្នកនាងឡើយ។

នៅក្នុងពិធីសម្ពោធហាងនោះ គេឃើញតារាសិល្បៈច្រើននាក់ចូលរួមបង្ហាញខ្លួន ជាពិសេសតារាល្បីៗដែលត្រូវបានអ្នកនាង សារ៉ាយ សក្ខណា ជ្រើសអោយក្លាយជាអ្នកតំណាង ដែលក្នុងមួយខែគឺតារាទាំំងនោះ ទទួលបានការថែរក្សាសម្រស់ក្នុងទឹកប្រាក់ម្នាក់២ពាន់ដុល្លារ លើគ្រប់សេវាកម្មប្រចាំហាង។ លោក រ៉ាប៊ីត ថ្លែងថា តារាសិល្បៈច្រើនហើយ ត្រូវបានអ្នកនាងសារ៉ាយ សក្ខណា ជ្រើសអោយក្លាយជាអ្នកតំណាង ទើបធ្វើអោយកេរ្តិ៍ឈ្មោះរបស់ហាងកាន់តែខ្ទរខ្ទារ ហើយអតិថិជនដែលភាគច្រើនជាអ្នកមានលុយ និងត្រូវការស្រស់ស្អាតដោយសុវត្ថិភាព ក៏រត់មកគាំទ្រច្រើនដែរផ្អែកទៅតាមអ្នកតំណាងទាំងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here