ទេព បូព្រឹក្ស លេងម៉ូដសក់ញាក់សាច់ ឆ្នៃដោយរាជនីសក់ធំ

0

មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីតារាចម្រៀង កញ្ញា ទេព បូព្រឹក្ស បានបញ្ចេញស្ទីលលេងម៉ូដសក់បែបសំពោងយ៉ាងទាក់ភ្នែក កាលពីថ្ងៃឆ្លងឆ្នាំកន្លងទៅ ដើម្បីបង្ហាញខ្លួនចូលរួមនៅក្នុងកម្មវិធីមួយ។ ម៉ូដសក់ដែលនាងបង្ហាញគឺស្នាដៃច្នៃប្រឌិតរបស់តារាហ្វេសហ្សិន ម៉ាដាម កុល ដែលត្រូវគេដឹងថាគឺជាអ្នកឯកទេសក្នុងការបញ្ចេញម៉ូដសក់ធំៗ ដែលមានទម្រង់បែបនេះ នៅក្នុងសិល្បៈ។

ម៉ូដសក់ធំ អមដោយក្បាលនាគ និង សំលៀកបំពាក់លម្អដោយផ្លែម្ទេស បានធ្វើអោយ ទេព បូព្រឹក្ស លេចធ្លោយ៉ាងខ្លាំង នៅលើឆាកតន្ត្រីនាថ្ងៃឆ្លងឆ្នាំនោះ ខណៈដែលស្ទីលម៉ូដសក់របស់នាង ក៏ធ្វើអោយមានការចាប់អារម្មណ៍ភ្លាមៗដល់អ្នកច្នៃសក់អោយនាង។ ម៉ាដាម កល បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដែលស្នាដៃច្នៃសក់របស់នាង បានក្លាយជាទីចាប់អារម្មណ៍ក្នុងស្រទាប់មហាជន ជាពិសេសនៅពេល ទេព បូព្រឹក្ស បង្អួតសក់នោះជាសាធារណៈលើឆាកបន្តផ្ទាល់ ដែលមានអ្នកទស្សនារាប់ K។

មួយម៉ូដសក់ ដែល ទេព បូព្រឹក្ស ពាក់បង្ហាញលើឆាកក្នុងបទដំបូងនេះ នាងចំណាយពេលធ្វើរហូតដល់ជាង3ម៉ោង ហើយទម្រាំតែដឹកយកមកអោយ បូព្រឹក្ស ដល់ឆាក ក៏លំបាកមិនតិចដែរ ដោយសារតែសក់នោះធំពេក។ ម៉ាដាម កល បន្តថា ក្រោយដំឡើងបានសក់ដូចដែលឃើញនេះ នាងត្រូវប្រើបច្ចេកទេសច្រើនម៉ោង ហើយនៅពេលដឹកតាមម៉ូតូកង់៣យកមកឆាក គឺថ្មមជាងកូនខ្ចីទៅទៀត ដោយក្រោយត្រូវខ្យល់ គឺត្រូវចំណាយពេលធ្វើអោយរឹង និង ភ្ជាប់គ្នាឡើងវិញ ទម្រាំតែអាចប្រើបាន។ ម៉ូដសក់នេះ មិនមែនជាម៉ូដសក់ដំបូង ដែលនាងធ្វើអោយ ទេពបូព្រឹក្ស នោះទេ ដោយនាងធ្លាប់ធ្វើម៉ូដសក់ដែលបានឃើញនេះ អោយតារាមួយចំនួន និង ប្រើសំរាប់ពាក់ខ្លួនឯង រាប់សិបម៉ូដមកហើយ ទើបនាងយល់ថា មិនមែនជារឿងលំបាកណាស់ណាទេ ទាំងបច្ចេកទេសដំឡើង ថែទាំ និង ដឹកពីកន្លែងមួយទៅកន្លែងមួយ។

គួរបញ្ជាក់ផងដែរថា ម៉ាដាម កល មានឈ្មោះពិតថា សែប សូ សកល។ នាងគឺជាតារាភេទទី៣ ដែលផ្ដើមចេញពីជំនាញជាអ្នកផាត់មុខ និង ធ្វើសក់ តាមរោងការ និង តាមសម្អាង។ ក្រោយមានឱកាសបានសម្ដែង នាងក៏បែកគំនិតបញ្ចេញម៉ូដសក់ធំប្លែកៗ រហូតត្រូវបានស្រទាប់មហាជនទទួលស្គាល់ពីស្នាដៃ ហើយក្នុងរយៈពេលចុងក្រោយ នាងមិនត្រឹមតែបានសម្ដែងក្នុងភាពយន្ត សម្ដែងសូលើឆាក ប៉ុណ្ណោះទេ តែក៏មានទីផ្សារផលិតសក់ប្លែកៗបែបនេះតម្រូវកម្មវិធី តម្រូវសាច់រឿង និង ផលិតអោយតារាមួយចំនួន ដែលត្រូវការការលេងស្ទីលប្លែកៗផងដែរ។ មកទល់ពេលនេះ ម៉ាដាម កល បានក្លាយជាតារាល្បីតែមួយពព្រិចភ្នែក ព្រោះម៉ូដសក់ដ៏ទាក់ទាញគ្មានគូប្រៀបរបស់នាងនេះឯង៕