ចៅស្រីរបស់តារាសម្ដែង និងផលិតករលោក សុខ សុធន លេចមុខប្រកួតក្នុងកម្មវិធី Miss Cambodia 2020

0

យោងតាមការបង្ហោះរបស់លោក ធន សុធន ដែលជាអ្នកដឹកនាំរឿងល្បីឈ្មោះមួយរូប និង ជាតារាសម្ដែង បានសរសេរជាសាធារណៈថា បេក្ខនារី ធន បញ្ញា ពាក់ស្លាកលេខ១៣ ដែលត្រូវបានកម្មវិធីបវរកញ្ញាឯកកម្ពុជាឆ្នាំ២០២០ ជ្រើសអោយជាប់ក្នុងចំណោម២០នាក់ ដើម្បីបន្តទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ គឺចៅបង្កើតរបស់លោក។ ការបង្ហោះរបស់លោកបានធ្វើអោយមានការភ្ញាក់ផ្អើលមិនតិចទេ ដោយសារតែលោកមិនធ្លាប់បង្ហើបអោយដឹងទាល់តែសោះថាខ្លួនមានចៅក្រមុំស្រស់ស្អាត ហើយមានសម្រស់អាចក្លាយជាបេក្ខនារីនៅក្នុងការប្រកួតបវរកញ្ញាបែបនេះ។ អ្វីដែលសំខាន់ នាងក៏មានទេពកោសល្យជាតារាសិល្បៈ មិនអន់ជាងជីតាបង្កើតផងដែរ ទើបគេប៉ាន់ថា នឹងស្នងតំណែងលោកនៅក្នុងសិល្បៈដោយមិនពិបាក។

លោក សុខ សុធន បានថ្លែងប្រាប់ផ្ទះតារាថា បេក្ខនារី ធន បញ្ញា មានឈ្មោះកំណើតថា ធន សុបញ្ញា គឺជាចៅស្រីបង្កើតរបស់លោក ដោយនាងគឺជាកូនស្រីបង្កើតកូនប្រុសទី២របស់លោក និងជាចៅស្រីបងគេ ក្នុងចំណោមចៅបង្កើតទាំង៦របស់លោក។ លោកថា នាងមានវ័យ17ឆ្នាំ សិក្សាថ្នាក់ទី៩នៅវិទ្យាល័យ ត្រពាំងសាលា និង មានទីលំនៅរស់នៅម្ដុំចោមចៅ រាជធានីភ្នំពេញ។ នាងមានកម្ពស់1ម៉ែត្រ 70 និងមាននិស្ស័យខាងផ្នែកសិល្បៈជាយូរមកហើយ ដោយពេលកន្លងមកលោកក៏ធ្លាប់យកនាងមកសម្ដែង និង ថតខ្លះផងដែរ ដោយគ្រាន់តែមិនសូវទទួលបានការចាប់អារម្មណ៍។ លោកថា ក្នុងចំណោមចៅទាំង៦ មានចៅ2នាក់ ដែលដុងសិល្បៈ ខណៈដែលចៅទី១ គឺកញ្ញា ធន បញ្ញា មានទេពកោសល្យ និង ក្លាហានគួរអោយសរសើរ សម្រាប់ការប្រឡូកសិល្បៈ។ លោកមានមោទនភាពដែលចៅស្រីចូលប្រកួតបវរកញ្ញា ហើយបានជាប់លេខនៅក្នុងចំណោម២០ ដែលលោកយល់គឺជាជំហានដែលអាចអោយចៅស្រីទទួលបាននូវការចាប់អារម្មណ៍នៅក្នុងសិល្បៈ។ លោកក៏ប្រកាសជំរុញចៅស្រីរូបនេះ ទាំងក្នុងការសម្ដែង ដើរម៉ូដ និង ថតស្ពត ក្នុងពេលខាងមុខ។

លោក សុខ សុធន បន្តថា ទោះជាអ្នកខ្លះយល់ថាកូនស្រី ចៅស្រី មិនគួរជំរុញអោយចូលសិល្បៈ និងមានការលើកឡើងថា សិល្បៈមិនល្អសម្រាប់នារីក្មេងៗ តែលោកសប្បាយចិត្តសម្រាប់ឱកាសដែលចៅស្រីបានក្លាយជាបេក្ខនារីការប្រកួតបវរកញ្ញា ដែលធ្វើអោយចៅស្រីរបស់លោកមានពន្លឺដើរលើសិល្បៈ។ យ៉ាងណាក៏ដោយលោកមិនហ៊ានរំពឹងពីឱកាសល្បីល្បាញរបស់ចៅស្រីក្រោយបោះជំហាននោះទេ ដោយលោកយល់ថាភាពល្បីរបស់តារាម្នាក់ គឺអាស្រ័យលើសំណាង និង ការគាំទ្រ។ លោកក៏នឹងដើរតួជាគ្រូ ដោយជួយបណ្ដុះបណ្ដាលចៅស្រី អោយកាន់តែមានទេពកោសល្យផ្នែកសម្ដែងផងដែរ ដើម្បីចែករំលែកតិកនិកសម្ដែង អោយចៅស្រីបង្កើនសមត្ថភាពកាន់តែប្រសើរ។ យ៉ាងណាមិញ លោកថាចៅស្រីរបស់លោកជាសិល្បការិនី ដែលអាចសម្ដែងបានទាំងកម្សត់ ទាំងកាចឆ្នាស់ និង ទាំងតួចរឹតផ្សេង ទើបលោកទុកចិត្តថា បេក្ខនារីក្នុងកម្មវិធី Miss Cambodia 2020 រូបនេះ នឹងស្នងសិល្បៈក្រោយលោកចាស់ទៅ ស្របពេលដែល កញ្ញា ធន បញ្ញា ក៏មានចំណូលចិត្ត និង ឆន្ទៈខ្ពស់ចង់ធ្វើក្លាយជាអ្នកសិល្បៈ៕