លី ណូរ៉ា វិវឌ្ឍន៍ខ្លួនលើសពីការសម្ដែង

0

នៅក្នុងពេលនេះ គេកត់សម្គាល់ថា MV សាច់រឿងបទ”អាមោក” និង បទ” បងមិនមែនជាធនាគារ” ដែលបកស្រាយដោយតារាចម្រៀង លោក អៀង វុត្ថា ទទួលបាននូវការគាំទ្រគួរអោយកត់សម្គាល់ ដោយសារតែសាច់រឿងនៅក្នុងបទចម្រៀងទាំងពីរ គឺមានសាច់រឿង និង ប៉ារ៉ូល ចាក់ដោតអារម្មណ៍។ នៅក្នុងសាច់រឿងនេះ តួអង្គដែលផ្ទុះការរិះគន់ផង និង សរសើរផង ហើយអាចនិយាយបានថា បានជួយអោយសាច់រឿងនៅក្នុងបទទាំងពីរទាក់ចិត្តខ្លាំង គឺការសម្ដែងបែបឈ្លើយ និង ប៉ារ៉ូល យ៉ាងមុតស្រួចរបស់តួអង្គ លោក លី ណូរ៉ា តែម្ដង។ ខុសពីតារាទាំងឡាយ ដែលសម្ដែងតាមការបង្គាប់បញ្ជារបស់អ្នកដឹកទាំងស្រុង លោក លី ណូរ៉ា បានទម្លាយថា ឈុតឆាកដែលលោកសម្ដែង និង និយាយក្នុងបទទាំងពីរ គឺលោក និង អ្នកដឹកនាំសម្ដែង ជាអ្នកគិតគូ និង ចូលរួមពិភាក្សាគ្នា ដោយលោកមិនមែនគ្រាន់តែទៅសម្ដែងនោះទេ។ លោកថា សាច់រឿង ដែលបានលេចឡើងក្នុងបទទាំងពីរ គឺលោក និង ផលិតករ អង្គុយគិតគូរ និង ឆ្លងគ្នាឆ្លងមកមិនតិចជាង១ខែនោះទេ ដោយសូម្បីតែប៉ារ៉ូល ក៏លោកគឺជាចូលរួមបង្កើតឡើង ដើម្បីអោយចាក់ដោតសម្រាប់អ្នកស្ដាប់ផងដែរ។ លោកថាសាច់រឿង និង ប៉ារ៉ូល ទាំងនោះ គឺដកស្រង់ចេញពីជីវិតអ្នកបែកបាក់ស្នេហា និង អ្នកមានបញ្ហានៅក្នុងជីវិត ហើយប៉ារ៉ូលមួយចំនួនក៏ស្រង់ចេញពីប្រវត្តិបែកបាក់ស្នេហារបស់លោកនាពេលកន្លងមកផងដែរ ទើបលោកសម្ដែងចូលតួបានសមរហូតដល់មានអ្នកជេរ។ លោកបញ្ជាក់ថា ទម្រាំបានមួយរឿងនេះ ហើយ

បានប៉ារ៉ូលឆ្ងាញ់ដូចដែលបានឃើញ លោក និង ផលិតករអង្គុយពិភាក្សាគ្នាទាំងយប់ទាំងថ្ងៃ ចង់បែកខួរហើយ ដោយក្រៅពីចូលរួមផលិតសាច់រឿង និង ប៉ារ៉ូល ជាមួយផលិតករ លោកក៌ជាអ្នកដឹកខ្លួនឯងមួយផ្នែក និង ជាអ្នកជួយក្រុមការងារ ខុសពីពេលសម្ដែងកន្លងមកផងដែរ ដើម្បីអោយផលិតផលដែលចេញមកទទួលបានការគាំទ្រ។ 

លោក លី ណូរ៉ា បន្តថា មួយរឿងនេះ គឺគេជេរលោកស្ពឹកមុខ ប៉ុន្តែក៏មានន័យថា ការសម្ដែង និង ការចូលរួមផលិតរបស់លោកក្នុងសាច់រឿងទាំងមូល ចាក់ដោតត្រូវចិត្តមហាជននោះដែរ។ ក្នុងនោះប៉ារ៉ូលដែលលោកបាននិយាយ គឺគិត និងកែចុះឡើងៗជាមួយផលិតករមិនតិចដងទេ ទម្រាំតែសម្រេច។ ក្នុងសាច់រឿងនេះ ក៏នឹងមានសាច់រឿងបន្តផងដែរ បើខាងអ្នកនិពន្ធចង់អោយបន្ត ដោយសារតែសាច់រឿងក្នុងបទទី២ គឺមានបង្កប់នូវរឿងរ៉ាវបន្ត ដែលលោក និង អ្នកនិពន្ធ នឹងបន្តពិភាក្សាអោយប្រទាក់ក្រឡាបន្ថែមទៀត ប្រសិនបើមានបទសាច់រឿងទី៣។

ជាមួយនឹងភាពលេចធ្លោក្នុងការសម្ដែងបទនេះ លោក លី ណូរ៉ា បានបង្ហាញនូវអារម្មណ៍មោទនភាពយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ ដោយលោកប្រកាសថា នេះគឺជាស្នាដៃមួយ ដែលធ្វើអោយគេកាន់តែស្គាល់លោកជាងមុន បន្ទាប់ពីលោកហក់ចូលការសម្ដែងអស់ជាច្រើននោះ។ លោកថាលទ្ធផលជោគជ័យ មិនត្រឹមតែធ្វើអោយលោកមានគេស្គាល់ច្រើនជាងមុនប៉ុណ្ណោះទេ ប៉ុន្តែក៏មានឱកាសរកបានចំណូលច្រើនពីប្រជាប្រិយភាពដែលមានការឈានឡើងនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here