សភ្នែក ពេលវិញ្ញាណសណ្ឋិត ភីយ៉ា និង រុន ណាកូ

0

នាពេលកន្លងមក តារាសម្ដែងកញ្ញា ភីយ៉ា ឬ លី ឌីណា ធ្លាប់ត្រូវបានវិញ្ញាណចូលសណ្ឋិតម្ដងជា២ដងមកហើយ នៅពេលដែលនាងគ្រងឈុតបុរាណ ខណៈដែលលោករុន ណាកូ ម្ចាស់ពានតារាលេចធ្លោផ្នែកគ្រងឈុតបុរាណរបស់គ្រួសារតារាកម្ពុជាឯណេះវិញ ក៏ធ្លាប់មានអាការៈចម្លែកកើតឡើង ក្នុងពេលគ្រងឈុតព្រះបាទសុរិយវរ្ម័នទី២ កាលពីពេលឈ្នះពានផងដែរ។ យ៉ាងណាមិញ កាលពីថ្ងៃទី២៨ សីហា មុននេះ អ្នកទាំងពីរត្រូវបានវិញ្ញាណមករំខានព្រមគ្នា ដោយមានអាការៈចម្លែកៗលេចឡើង ដល់ថ្នាក់អ្នករៀបចំកម្មវិធីសភ្នែក ស្ទុះរកធូបទៀនបន់ស្រន់មិនទាន់នោះផង បើទោះជាមុនយកឈុតបុរាណទាំងនោះមកប្រើ មានការបួងសួងរួចហើយ។

កញ្ញា ភីយ៉ា បានអះអាងថា គ្រាន់តែនាងគ្រងឈុតព្រះនាងឥន្ទ្រទេវីហើយភ្លាម រូបនាងចេះតែមានអ្វីម្យ៉ាងមកបញ្ជារាងកាយនាងអោយធ្វើសកម្មភាពប្លែកៗ និងអោយរាំជាច្រើនលើកមកហើយ ប៉ុន្តែបណ្ដាលមកពីនាងចេះតែបន់ និងចេះតែប្រឹងទប់អារម្មណ៍ ទើបអាការៈនោះមិនធ្វើឲ្យឆោរឡោក្នុងពេលដំបូងៗ។

យ៉ាងណាមិញ នៅពេលដែលនាងរៀបចូលថត ហើយកំពុងសេរេជាយសំពត់ស្រាប់តែវិញ្ញាណចម្លែកធ្វើអោយនាងបង្វិលខ្លួនរាំរែកទាល់តែបាន ដោយនាងមិនអាចបញ្ជារាងកាយរបស់ខ្លួនមិនបានតែម្ដង។ នាងត្រូវគេឃើញបង្ហាញទឹកមុខស្លេកស្លាំង និងភ័យយ៉ាងខ្លាំង បន្ទាប់ពីអ្នករៀបចំកម្មវិធី និងក្រុមការងារចាប់ដៃចាប់ជើង និងជួយបន់អោយនាងបានដឹងស្មារតីឡើងវិញ។ នាងថាខ្លួនតែងតែភ័យអោយតែគ្រងឈុតបុរាណ តែសម្រាប់សភាពលើកនេះ គឺនាងមានអារម្មណ៍ភិតភ័យជាងមុន ដោយសារតែតាំងពីតែងឈុតព្រះនាងឥន្ទ្រទេវីហើយភ្លាម ក៏ចង់តែអោយនាងលើកដៃរាំដូចអប្សរា ដល់ថ្នាក់នាងខំទប់ស្មារតី មិនហ៊ានទាំងផឹកទឹក និងញាំអី ដើម្បីកុំអោយភ្លេចខ្លួន ហើយបណ្ដោយវិញ្ញាណដែលសណ្ឋិតបញ្ជាខ្លួនបាន។ នាងថាក្រោយពេលគេចាប់អោយដឹងស្មារតី រូបនាងភ័យចង់ស្លន់តែម្ដង ដោយសារតែនាងខ្លាចមានអាការៈបែបនេះ ហើយថតមិនកើត។

ក្រឡេកទៅ លោក រុន ណាកូ ដែលមានកំណើតថា ថាល់ សុករុន ឯណោះវិញ ក៏កើតមានអាការៈចម្លែកផងដែរ ដោយលោកគ្រាន់តែគ្រងឈុតព្រះបាទសុរិយវរ្ម័នទី២ មិនបានប៉ុន្មាននាទីផង ក៍ក្លាយជាបែកញើសស្រាក់ៗ ហើយអ្វីដែលគួរឲ្យព្រឺគឺលើរាងកាយរបស់លោក មានលោកចលនាសាច់ដុំរត់ចុះរត់ឡើងពេញខ្លួន មិនខុសពីមានអ្វីមួយ ប្រដេញគ្នាសាច់។ សភាពដែលបានកើតឡើង ធ្វើឲ្យអ្នកឃើញស្រឡាំងកាំង ខណៈដែលពេលអុជធូប សាច់របស់លោកស្ទើរគ្រប់កន្លែង មានសភាពលោតញ័រសាច់ដុំ ដូចមានអ្វីម្យ៉ាងរត់ និងលោតខ្លាំងៗទៅក្នុងសាច់។ លោកថា មិនមែនជាលើកទី១ទេ ដែលលោកកើតមានសភាពចម្លែកបែបនេះ ដ្បិតកាលពីពេលដែលលោក គ្រងឈុតដដែល ប្រលងប្រជែងពានរបស់គ្រួសារតារាកម្ពុជា ក៏មានសភាពរឹតរួចក្បាល ថប់ដង្ហើបចង់ក្អួតទាល់តែស្ទុះអុជធូបទើបបាត់ដែរ ដោយគ្រាន់តែភាពចម្លែកលើកនេះ គឺធ្វើឲ្យលោកញ័រមាត់ចេញនិយាយចេញពាក្យប្លែកៗ និងមានសភាពលោតរញ្ជួយសព្វសាច់ដុំ ដូចកណ្ដុររត់ដេញគ្នាក្នុងសាច់ ដែលធ្វើឲ្យលោកគ្រាន់តែនឹក ក៍នៅភិតភ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here