លី ចាន់សីហា ប្រកាសធ្វើថៅកែដីឡូតិ៍ អោយស៊ប់

0

មិនត្រឹមតែជោគជ័យក្នុងតំណែងជាតារាសម្ដែងល្បីល្បាញក្នុងពិភពសិល្បៈ និងមុខជំនួញសម្អាងការប៉ុណ្ណោះទេ អ្នកនាងលី ចាន់សីហា ក៏បានវិវត្តន៍ខ្លួនក្លាយជាថៅកែពុះដីឡូតិ៍លក់គួរអោយសរសើរផងដែរ ដោយគេឃើញអ្នកនាងបើកគម្រោងដាក់លក់ដីឡូត៍ជាទ្រង់ទ្រាយធំដុំគួរសម កាលពីព្រឹកថ្ងៃ ២៦ សីហា។ អ្នកនាងថាគម្រោង«Fendi ដីឡូតិ៍» គឺអ្នកនាងបានប្រើឈ្មោះរបស់កូនស្រីធ្វើជាយីហោតែម្ដង ដោយគ្រាន់តែធ្វើពិធីក្រុងពាលីមិនទាន់ប៉ុន្មានម៉ោងផង ក៏មានអ្នកកក់អស់ប៉ុន្មានឡូតិ៍បើកឆាកភ្លាមៗ ដែលធ្វើអោយអ្នកនាងមើលឃើញពីការរំពឹង។

អ្នកនាង លី ចាន់សីហា បានថ្លែងក្រោយធ្វើពិធីក្រុងពាលីថា អ្នកនាងសម្រេចចិត្តបើកគម្រោងពុះលក់ដីឡូតិ៍គឺបណ្ដាលមកពីអ្នកនាង និងបងប្អូនជីដូនមួយ ដែលជាអ្នកជំនាញខាងផ្នែកអចលនទ្រព្យ ទិញបានដីធំមួយកន្លែងនៅ ភូមិពោធិ៍បួន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ចម្ងាយត្រឹមតែ១៤គីឡូម៉ែត្រ ពីផ្លូវបំបែកថ្នល់ទទឹង ជិះតាមផ្លូវជាតិលេខ៥១ ហើយចូលតាមច្រកក្លោងទ្វារវត្តអង្ការ ដោយតំបន់នោះស្រាប់តែបានក្លាយជាតំបន់មានសក្កានុពលខ្លាំងសម្រាប់គម្រោងពុះឡូតិ៍ដីលក់។ អ្នកនាងថាគម្រោងរបស់ខ្លួន គ្រាន់តែជាគម្រោងស្ទាបស្ទង់បើកឆាកប៉ុណ្ណោះ ដោយគម្រោងទី២ និងបន្ទាប់ គឺអ្នកនាងបានត្រៀមបើកលក់ដីឡូតិ៍អោយធំតែម្ដង។

អ្នកនាងបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលបានក្លាយជាថៅកែពុះលក់ដីឡូតិ៍ ដោយមានទាំងបងប្អូនជីដូនមួយរបស់អ្នកនាងដែលជាដៃគូភាគហ៊ុន គ្រប់គ្រង និងមើលខុសត្រូវ មិនសូវអោយអ្នកនាងស្មុគស្មាញ។

អ្នកនាង លី ចាន់សីហា ពោលថា ដីឡូត៍យីហោ«Fendi ដីឡូតិ៍»របស់ខ្លួន ចាប់ផ្ដើមមើលឃើញពីទំហ៊ំជោគជ័យរួចបាត់ទៅហើយ ដោយសារតែគម្រោងនោះ នៅមិនឆ្ងាយពីផ្លូវជាតិលេខ៥១ ហើយជាតំបន់សំបូរគម្រោងដីឡូតិ៍ពុះលក់ស្រាប់ ដោយតំបន់នោះ ក៍សំបូរគម្រោងរោងចក្រ។ អ្នកនាងថា គម្រោងរបស់ខ្លួនសម្រេចលក់ដីឡូតិ៍ក្នុងមួយឡូតិ៍ត្រឹមតែជាង២ពាន់ដុល្លារប៉ុណ្ណោះ ខណៈដែលអ្នកនាងក៏ផ្ដល់លក្ខណ្ឌបង់រំលោះផងដែរ ដើម្បីអោយគម្រោងទាំងមូល កាន់តែមានការចាប់អារម្មណ៍ថែមទៀត សម្រាប់អ្នកមិនសូវមានលទ្ធភាពអោយអាចទិញទុកយកចំណេញ។

អ្នកនាងថាខ្លួននឹងចេញធ្វើជំនួញនេះអោយខ្លាំង ប៉ុន្តែក៍មិនចោលការងារសិល្បៈ និងអាជីពបើកសម្អាងការនោះដែរ ដោយសារតែមុខជំនួញដីឡូតិ៍ គឺអ្នកនាងអាចទុកចិត្តលើដៃគូភាគហ៊ុន ដោយមិនចាំបាច់អោយអ្នកនាងមកទទួលខុសត្រូវបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here